សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារ(ទី១០ វិច្ឆិកា) បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មីប្រចាំថ្ងៃ កើនឡើងដល់ ២០១ ៩៦១នាក់ ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក បំបែកស្ថិតិខ្ពស់បំផុតជាថ្មីម្ដងទៀត គិតចាប់តាំងពីកើតការឆ្លងរាលដាលមក។ នេះបើតាមរបាយការណ៍របស់មហាវិទ្យាល័យ ចន ហប់គីនស៍។
តួលេខដ៏ខ្ពស់បំផុត ដែលផ្នែកមួយ ជាលទ្ធផលមកពីទិន្នន័យ ដែលរាយការណ៍យឺតពេល កាលពីអំឡុងពេលដើមសប្ដាហ៍ ហុចផលឱ្យចំនួនអ្នកឆ្លងមេរោគរបស់សហរដ្ឋអាមេរិក កើនឡើងដល់ ១០ ២៣៨ ២៤៣នាក់ និងស្លាប់ ២៣៩ ៥៨៨នាក់ រហូតដល់ម៉ោង ២០,៣០នាទី ម៉ោងនៅសហរដ្ឋអាមេរិក(ត្រូវនឹងម៉ោង ៨,៣០នាទី ថ្ងៃពុធ នៅកម្ពុជា)។
ក្នុងអំឡុង ២៤ម៉ោងកន្លងទៅ រកឃើញអ្នកស្លាប់ដោយសារកូវីដ-១៩ បន្ថែមទៀត ១ ៥៣៦នាក់ ខ្ពស់បំផុតក្នុងជុំប៉ុន្មានខែចុក្រោយ បើទោះជាសហរដ្ឋអាមេរិក ខំប្រឹងរើបម្រះយ៉ាងខ្លាំងក្លា ក្នុងការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលក៏ដោយ។
សម្រាប់កម្រិតមធ្យមប្រចាំសប្ដាហ៍វិញ ពេលនេះ ចំនួនអ្នកឆ្លងមេរោគថ្មីនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្នុងចំនួនច្រើនជាង ១០០ ០០០នាក់ក្នុង ១ថ្ងៃ។
ក្រៅពីនេះ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលព្យាបាលក្នុងមន្ទីរពេទ្យ ក៏ឡើងដល់កម្រិតខ្ពស់បំផុតដែរ គិតចាប់តាំងពីកើតមានការឆ្លងរាលដាលមកដូចគ្នា ដោយតាមរយៈទិន្នន័យរបស់ COVID Tracking Project បានរកឃើញថា បច្ចុប្បន្ន មានអ្នកជំងឺដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី កំពុងព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗទូទាំងប្រទេស ច្រើនជាង ៦០ ០០០នាក់។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបដិសេធមិនទទួលស្គាល់ការបរាជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង កាលពីថ្ងៃទី៣ វិច្ឆិកា បានចំអកឡកឡាយអ្នកដែលពាក់ម៉ាស់អនាម័យការពារ មករហូត និងអាងថា មិនយូរប៉ុន្មាន វីរុសនឹងបាត់ទៅវិញដោយឯកឯង។
ខុសពីលោក ចូ បៃដិន គូប្រជែងរបស់លោក និងជាអនាគតប្រធានាធិបតីបន្ទាប់នោះ បានប្រកាសប្រើវិធានការបែបវាយលុកខ្លាំងជាង ដោយក្នុងសប្ដាហ៍នេះ បានប្រកាសប្រាប់ប្រជាជនទូទាំងប្រទេសថា ការពាក់ម៉ាស់អនាម័យការពារ បិទបាំងផ្ទៃមុខ គឺជាវិធីល្អបំផុត តែមួយគត់ ដែលអាចគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសបាន។
Pfizer (ហ្វៃហ្ស៊ើរ) ក្រុមហ៊ុនវេជ្ជភណ្ឌដ៏ធំមួយរបស់សហរដ្ឋអាមេរិក និងបៃអូថេក សម្ព័ន្ធមិត្តមកពីអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃចន្ទ(ទី9 វិច្ឆិកា) ថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ពួកគេ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកចុងក្រោយ កំពុងបង្ហាញឱ្យឃើញថា វាប្រហែលជាមានប្រសិទ្ធភាពខ្ពស់ដល់ទៅ ៩០% ដែលនេះជា ភាពរីកចម្រើនដ៏ធំមួយ ក្នុងការស្រាវជ្រាវរកវ៉ាក់សាំងមួយនេះ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
#អរគុណសន្តិភាព