បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ របស់ចិននៅថ្ងៃនេះ បានឱ្យដឹងថា ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសថា សហគមន៍អឺរ៉ុប នឹងផ្តល់សិទ្ធិឱ្យធ្វើកិច្ចសន្យា សម្រាប់ការទិញវ៉ាក់សាំងប្រឆាំង COVID-19 រហូតដល់ទៅ ៣០០លានដូស ជាផលិតផលដែលបានអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech និងក្រុមហ៊ុន Pfizer របស់អាមេរិកដែលជាដៃគូ។
លោកស្រីបាននិយាយនៅលើបណ្តាញសង្គម Twitter ថា“ នេះគឺជាវ៉ាក់សាំងដ៏ជោគជ័យបំផុត កិច្ចសន្យាដែលនឹងត្រូវធ្វើឡើង នៅថ្ងៃពុធនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទី៤ ដែលសហភាពអឺរ៉ុបបានធានារ៉ាប់រង ជាមួយក្រុមហ៊ុនឱសថខាងលើ ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-១៩”
សូមរំឭកដែរថា កាលពីថ្ងៃចន្ទ(ទី៩ វិច្ឆិកា) ក្រុមហ៊ុនទាំង២ បានប្រកាសថា វ៉ាក់សាំងរបស់ BioNTech / Pfizer បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ ដល់ទៅជាង ៩០ភាគរយ ក្នុងការការពារការឆ្លងមេរោគទៅលើមនុស្សប្រមាណជាជាង ៤ម៉ឺននាក់មកពី ៦ប្រទេស។
យោងតាមគេហទំព័រ របស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា បានឱ្យដឹងថា មានវ៉ាក់សាំងដែលជាបេក្ខភាពផលិត សរុប ២០២ប្រភេទ កំពុងត្រូវបានបង្កើតឡើង នៅទូទាំងពិភពលោក ហើយក្នុងនោះមាន ៤៧ប្រភេទក្នុងចំណោមទាំងអស់នោះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកចុងក្រោយ៕

#អរគុណសន្តិភាព