You are currently viewing នាំគ្នា​មក​ស្គាល់ អនាគត​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ដែលជា​ស្ត្រី​ដំបូង​គេ ធ្លាប់​គំរាម “ពន្លិច​កងទ័ពជើងទឹក​ចិន ក្នុង​រយៈពេល ៧២ម៉ោង”

នាំគ្នា​មក​ស្គាល់ អនាគត​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ដែលជា​ស្ត្រី​ដំបូង​គេ ធ្លាប់​គំរាម “ពន្លិច​កងទ័ពជើងទឹក​ចិន ក្នុង​រយៈពេល ៧២ម៉ោង”

អាមេរិក៖ យើង​នាំគ្នា​មក​ស្គាល់ អនាគត​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ព្រមទាំង​សង្កេតមើល​ទំនោរ​ទិសដៅ​ការ​ដំណើរការ​រឿង​នយោបាយ​ការបរទេស ក្នុង​យុគសម័យ​របស់លោក ចូ បៃ​ដិ​ន ដែលមាន​ចំពោះ​មហាអំណាច​ចិនដីគោក ដូចតទៅ…។

បន្ទាប់ពី​លោក ចូ បៃ​ដិ​ន កំពុង​ជិត​បាន​ឡើង​ធ្វើជា​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋអាមេរិក ធ្វើឱ្យ​មនុស្ស​ចំនួន​មិនតិច​ឡើយ មាន​អារម្មណ៍​កង្វល់​ថា តើ​លោក​បៃ​ដិ​ន នឹង​អាច​គ្រប់គ្រង និង​ទប់​អំណាច​ជាមួយ​ប្រទេស​មហាអំណាច ដូចជា​ចិន បានដែរ​ឬទេ? និង​ថែមទាំង​មាន​ភាព​អាចទៅរួច​ទៀតផង​ថា លោក​បៃ​ដិ​ន អាច​ជ្រើសរើស​ក្នុងការ​សុខចិត្ត​ដកថយ​ឱ្យ​ចិន ក្នុង​រឿង​ជាច្រើន តែ​យ៉ាងណាក៏ដោយ ការ​តតាំង​ចិនដីគោក គឺជា​នយោបាយ​មួយ ដែល​ទាំង​គណបក្ស​ដេ​ម៉ូ​ក្រេ​ត និង​គណបក្ស​រី​ផា​ប្ល៊ី​កាន់ យល់ឃើញ​ដូចគ្នា ក្នុងការ​បង្ក្រាប​ប្រទេស​ចិនដីគោក​យ៉ាង​ដល់ទី​បំផុត ទាំង​ដែល​គណបក្ស​ទាំង ២នេះ មានដំណើរ​ផ្លូវ ខុសប្លែក​ពីគ្នា​ច្រើន​គួរសម។

ដោយ​លោកស្រី Michèle Flournoy (មិ​ឆេ​ល ហ្វ្លា​អ៊ើ​ណ​យ)នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​គ្រង​តំណែង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្មី របស់​សហរដ្ឋអាមេរិក។ លោកស្រី មិ​ឆេ​ល កើត​នៅ​រដ្ឋ​ខា​លី​ហ្វ័​រនៀ និង​រៀន​បន្ត​ផ្នែក​រដ្ឋ​សាស្ត្រ នៅ​មហាវិទ្យាល័យ ហា​វ៉ាដ បន្ទាប់ពីនោះ លោកស្រី បាន​ចូល​សិក្សា​កម្រិត​បរិ​ញ្ញា​ទោ ផ្នែក​សម្ព័ន្ធភាព​រវាង​ប្រទេស នៅ​មហាវិទ្យាល័យ អក់​ស្វ៊ើ​ដ។ ក្រោយ​រៀន​ចប់​បរិ​ញ្ញា​ទោ លោកស្រី​បាន​ចូលធ្វើ​ការងារ​វិភាគ ពាក់ព័ន្ធ​នឹង​នយោបាយ​សម្ព័ន្ធភាពរ​វាង​ប្រទេស នៅ​មហាវិទ្យាល័យ ហា​វ៉ាដ។

ឆ្នាំ១៩៩៣ គណៈរដ្ឋមន្ត្រី​របស់លោក​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន បាន​ហៅ​ឱ្យ​លោកស្រី​មិ​ឆេ​ល ចូលមក​ធ្វើការ​រួមគ្នា​ក្នុង​ផ្នែក​ការពារជាតិ ដោយបាន​ប្រគល់​តួនាទី​ឱ្យ​លោកស្រី​គ្រប់គ្រង មើល​ការខុសត្រូវ​ការរៀប​ផែនការ​ផ្នែក​យុទ្ធសាស្ត្រ​ខាង​យោធា ក្នុង​តំបន់​របស់​ប្រទេស​រុស្ស៊ី យូ​ក្រេ​ន និង​អាស៊ី​កណ្ដាល។ ខណៈនោះ លោកស្រី មិ​ឆេ​ល មាន​ផ្នត់គំនិត​ថា ទោះជា​សង្គ្រាមត្រជាក់​បាន​បញ្ចប់​ទៅហើយ​ក៏ដោយ តែ​កងទ័ព​សហរដ្ឋអាមេរិក នៅតែ​ត្រូវ​រក្សា​កម្រិត​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ ឱ្យ​ទទួលបាន​ជ័យជម្នះ​គ្រប់ពេលវេលា មិន​ថា​នឹង​ប្រយុទ្ធ​ជាមួយ​អ្នកណា​ក៏ដោយ។ បន្ទាប់ពី​លោក​គ្លី​ន​តុ​ន មិន​បានទទួល​ការជ្រើសតាំង​ជា​ប្រធានាធិបតី​បន្ត លោកស្រី​មិ​ឆេ​ល បាន​ផ្លាស់​ទៅធ្វើ​ការ​ជាទី​ប្រឹក្សា ធ្វើ​ការងារ​វិភាគ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ និង​កិច្ចការ​ការបរទេស។

ក្រោយមក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឡើងជា​ប្រធានាធិបតី លោកស្រី​មិ​ឆេ​ល ក៏បាន​ត្រឡប់មក​ធ្វើការ​ជា​ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ ផ្នែក​នយោបាយ ដោយមាន​ស្នាដៃសំខាន់ៗជាច្រើន ដូចជា គាំទ្រ​ការបន្ថែម​កម្លាំងយោធា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គាំទ្រ​ការប្រើ​កម្លាំងយោធា​នៅក្នុង​ប្រទេស​លី​ប៊ី គាំទ្រ​ការបន្ថែម​ថវិកា​ការពារជាតិ និង​គាំទ្រ​ការផ្ដល់​អាវុធ​ឱ្យទៅ​ប្រទេស​យូ​ក្រេ​ន។ នៅ​ឆ្នាំ២០១១ លោកស្រី​មិ​ឆេ​ល បាន​លាឈប់​ពី​ការបម្រើ​ការងារ​ឱ្យ​រដ្ឋបាល​លោក​អូ​បា​ម៉ា ដើម្បី​ទៅធ្វើ​ការ​ផ្នែក​ជំនាញការ​វិញ​ម្ដង។

បើសិនជា​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ឈ្នះ​ការបោះឆ្នោត​ឆ្នាំ២០១៦ លោកស្រី​មិ​ឆេ​ល អាច​នឹង​ក្លាយជា​អនាគត​រដ្ឋមន្ត្រី​ការពារជាតិ ក្នុង​ឆ្នាំ​នោះ​បាត់ទៅហើយ។ ខ្នាត​ដែល​យុគសម័យ​របស់លោក ដូ​ណា​ល់ ត្រាំ កន្លងមក លោក​ឧត្ដមសេនីយ៍ឯក ជេ​ម​ស៍ ម៉ា​តទី​ស ក៏​ធ្លាប់​អញ្ជើញ​ឱ្យ​លោកស្រី​មិ​ឆេ​ល មក​ធ្វើជា​ជំនួយការ​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ ដែល​អាច​រាប់បាន​ថា ជា​តំណែង​ខ្ពស់បំផុត បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ។

លោកស្រី​មិ​ឆេ​ល ធ្លាប់​សរសេរ​អត្ថបទ ដាក់​ក្នុង​ទស្សនា​វ​ដ្តី Foreign Affairs ថា “ការដែល​នឹង​ចៀសវាង​ពី​សង្គ្រាម​នៅក្នុង​ទ្វីបអាស៊ី​បាន កងទ័ព​សហរដ្ឋអាមេរិក ត្រូវតែមាន​កម្រិត​សមត្ថភាព ក្នុងការ​ពន្លិច​នាវាចម្បាំង​ទាំងអស់ របស់​កងទ័ពជើងទឹក​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ឱ្យបាន​ក្នុង​រយៈពេល ៧២ម៉ោង” ។

ចំណែកឯ ទំនោរ​ទិសដៅ​ការ​ដំណើរការ​រឿង​នយោបាយ​ការបរទេស លោក អ៊ែដ​វើដ អាល់​ដេ​ន អ្នកវិភាគ​ជើងចាស់ មកពី Council on Foreign Relations បាន​បង្ហើប​ប្រាប់ថា លោក​បៃ​ដេ​ន មាន​សញ្ញា​ថា នឹង​ប្រើ​ដំណើរ​ផ្លូវ ក្នុងការ​រួមសហការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត ដើម្បី​ផ្លាស់ប្ដូរ​ទង្វើ​របស់​ប្រទេស​ចិន។ ក្រៅពីនេះ លោក​បៃ​ដិ​ន បាន​ធ្លាប់​រិះគន់​លោក​ស៊ី ជីន​ភីង រឿង​ការ​ល្មើស​សិទ្ធិមនុស្ស​ទៅលើ​ក្រុមបាតុករ នៅក្នុង​ទីក្រុង​ហុងកុង និង​ក្រៅពីនេះទៀត លោក​បៃ​ដិ​ន ជា​មនុស្ស​មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ដំបូង​គេ ដែល​បាន​ចូលរួម​សម្ដែង​ការស្វាគមន៍​ចំពោះ​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ិ​ង​វឹ​ន ដែល​ឈ្នះ​ការបោះឆ្នោត​នាពេល​កន្លងមក។ តែ​យ៉ាងណាក៏ដោយ គេ​សន្និដ្ឋានថា លោក​បៃ​ដិ​ន នឹង​នៅតែ​ស្នើសុំ​ការសហការ​អំពី​ប្រទេស​ចិន ក្នុង​ការជួយ​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង​ដែរ។

និយាយ​ដោយ​សរុបទៅ ទិសដៅ ក្នុងការ​ដំណើរការ​នយោបាយ​ការបរទេស ក្នុង​យុគសម័យ​របស់លោក ចូ បៃ​ដិ​ន មាន​ទំនោរ​ទៅក្នុង​បែប​សន្តិភាព។ លោក​បៃ​ដិ​ន​មាន​ឥរិយាបថ​មិត្តភាព​ជាមួយ​ចិន ខ្លាំង​ជាង​លោក​ត្រាំ តែ វា​ក៏​ជា​ភាពជា​មិត្ត ដែល​ទាំង​គ្រប់គ្រង​បាន និង​សហការ​បាន ទៅដំណាលៗគ្នា​ហ្នឹងឯង៕

សូម​អរគុណ​ទិន្នន័យ​ពី NikkeiAsia, DefenseNews, Foreignaffairs
ប្រភព៖ សា​ព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply