ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានច្រានចោលចំពោះការបចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបានចោទថា ស្ថានទូតមិនអើពើចំពោះវត្តមានរបស់ពួកគេដែលបានដាក់លិខិតស្នើសុំក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១រូប នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូតកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ ស្ថានទូតមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូចក្រោមផ្លាករបស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាសំរេចរំលាយចោល តាមសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃសំរេចលុបឈ្មោះចេញពីបញ្ជីគណបក្ស នយោបាយនៅកម្ពុជា តាមប្រកាសលេខ៥៤០៥ប្រក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំអាចត្រូវបានប្រើប្រាស់សំរាប់ការចោទប្រកាន់ថា “ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ” នោះបានឡើយ។
អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទប្រកាន់គ្មានមូលដ្ឋានខាងលើនេះ ស្របពេលជាមួយនេះ សូមអះអាងពីមោទនភាពរបស់ស្ថានទូតក្នុងការ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ៕


#អរគុណសន្តិភាព