ចិន៖ នាវាមុជទឹក ហ្វឹន តូជើរ (ប្រែជាខ្មែរថា អ្នកមិនរួញរា) របស់ចិន ព្រមជាមួយនាវិក ៣នាក់ បានចូលចតនៅឯបរិវេណជ្រលងទឹកជ្រៅ បាតសមុទ្រ ម៉ារៀណា ភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វ៊ិក ជាចំណុចជ្រៅបំផុតរបស់ពិភពលោក កាលពីព្រឹកថ្ងៃអង្គារ ទី១០ វិច្ឆិកា ក្រោយពីប្រើពេលវេលា ៤ម៉ោង មុជជ្រៅចុះទៅក្នុងទឹកដែលមានជម្រៅ ១០ ៩០៩ម៉ែត្រ បន្ទាប់ពីនោះបានប្រើពេលយូរជាង ៦ម៉ោង ដើម្បីប្រមូលសំណាកគំរូពីបាតសមុទ្រជ្រៅ និងកត់ត្រាលក្ខណៈភូមិសាស្ត្រជុំវិញនោះទៀតផង។
ភារកិច្ចរបស់នាវាមុជទឹក ហ្វឹន តូជើរ ក្នុងគ្រានេះ បានបំបែកស្ថិតិរបស់ខ្លួនឯង ជ្រៅជាងដែលធ្លាប់បានមុជចុះទៅកាលពីលើកមុន ១៨ម៉ែត្រ តែមិនទាន់បំបែកស្ថិតិពិភពលោក ដែលលោក Victor Vescovo មហាសេដ្ឋីអ្នកស្រាវជ្រាវជនជាតិអាមេរិកាំង ដែលធ្លាប់បានធ្វើទុក ដោយការប្រើនាវាមុជទឹក ចុះទៅក្នុងជម្រៅ ១០ ៩២៧ម៉ែត្រ នៅក្នុងជ្រលងទឹកជ្រៅ ក្នុងបាតសមុទ្រម៉ារៀណា កាលពីខែឧសភា ឆ្នាំមុននៅឡើយ។
ទោះជាបែបនោះក្ដី គោលដៅសំខាន់ក្នុងការបញ្ជូននាវាមុជទឹកដ៏ទំនើប ចុះទៅកាន់ចំណុចជ្រៅបំផុតរបស់ពិភពលោកលើកនេះ មិនមែនដើម្បីការត្រួតពិនិត្យវិទ្យាសាស្ត្រជាចម្បងនោះទេ។

លោក Ye Cong ប្រធានអ្នកច្នៃបែបនាវាមុជទឹក ហ្វឹន តូជើរ បានថ្លែងថា បាតមហាសមុទ្រ សម្បូរទៅដោយធនធានធម្មជាតិ ដូច្នេះឧបករណ៍មុជទឹកហាយថេក នឹងជួយឱ្យប្រទេសចិន ព្រាងផែនទីកំណប់ទ្រព្យក្នុងបាតសមុទ្រជ្រៅបាន។
ខណៈដែលគណនីអ្នកប្រើប្រាស់ប្រព័ន្ធ WeChat របស់ People Daily ទីភ្នាក់ងារព័ត៌មានរបស់បក្សកុម្មុយនីស្តចិន បានផ្សព្វផ្សាយបទវិចារណាកថាមួយថា ការពិនិត្យមើលបាតសមុទ្រជ្រៅ មានភាពសំខាន់បំផុត ក្នុងការកៀរគរការយល់ដឹងពីភូមិទស្សន៍ ខាងយុទ្ធសាស្ត្ររវាងប្រទេស ដូចជា កាលពីពេលថ្មីៗនេះ ជប៉ុនទើបរកឃើញសារធាតុកម្រ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក ក្នុងបរិមាណដែលអាចនាំយកមកប្រើបានច្រើនជាងនៅលើផែនដី ១ពាន់ដង។ “បាតសមុទ្រ គឺជាពិភពលោកថ្មី បើយើងមិនពិនិត្យស្រាវជ្រាវមើលពិភពមួយនេះទេ អ្នកដទៃ គេនឹងពិនិត្យស្រាវជ្រាវអំពីវា” ។
បច្ចុប្បន្ន ប្រទេសចិនបានគ្រប់គ្រងការផលិតសារធាតុកម្រ ដែលជាផ្នែកផ្សំសំខាន់ក្នុងការផលិតឧករណ៍ហាយថេកទាំងឡាយ ដូចជា ស្មាតហ្វូន ប្រព័ន្ធអាវុធមីស៊ីល និងរ៉ាដា ភាគច្រើន និងកំពុងព្យាយាមរក្សាភាពជាជើងឯកលើផ្នែកនេះឱ្យបាន។ សារព័ត៌មាន ឆៃណា ដេលី បានរាយការណ៍ថា អ្នកធុរកិច្ចចិន បាននាំគ្នាងាកមកវិនិយោគក្នុងក្រុមហ៊ុនរុករករ៉ែកម្រ នៅតំបន់ហ្គ្រីនលែនដ៍ ក្នុងភូមិភាគអាក់ទិក ហើយកាលពីខែកក្កដា រដ្ឋាភិបាលចិន បានបន្ថែមកូតាដល់ការជីករករ៉ែកម្រយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ចំនួនប្រមាណ ១៤០លានគីឡូក្រាម។

តែខណៈពេលជាមួយគ្នា ប្រទេសចិនហាក់ដូចជាកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសជាច្រើន ជាពិសេសប្រទេសជប៉ុន ដែលកាលពីឆ្នាំ២០១៨ បានប្រកាសរកឃើញប្រភពសារធាតុរ៉ែកម្រជាច្រើនលានតោន នៅក្នុងភក់បាតសមុទ្រជ្រៅ នៅជិតកោះមិណាមិតូរិ ក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក និងក្នុងឆ្នាំដដែល ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសឥណ្ឌា ត្រៀមចំណាយទុនជាង ១ពាន់លានដុល្លារ ដើម្បីពិនិត្យស្រាវជ្រាវបាតសមុទ្រដ៏ធំទូលាយ ដើម្បីស្វែងរកសារធាតុរ៉ែកម្រផ្សេងៗ ដែលអាចនាំយកមកប្រើប្រាស់បានដូចគ្នា។
ហ្វឹន តូជើរ ជាប្រភេទនាវាមុជទឹក បែបមនុស្សគ្រប់គ្រងបញ្ជា ដែលអាចមុជទឹកបានជ្រៅបំផុតក្នុងពិភពលោក…ផ្ទុកនាវិកបាន ៣នាក់ បើកបរដោយថាមពលអគ្គិសនី និងប្រតិបត្តិការក្រោមទឹកបានប្រមាណជា ១០ម៉ោង។ តិចណូឡូជី និងឧបករណ៍ស្ទើរតែទាំងអស់ ជាស្នាដៃអភិវឌ្ឍន៍របស់អ្នកវិទ្យាសាស្ត្រចិន៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព