You are currently viewing សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ

កំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ គណៈប្រតិភូ ១ក្រុម ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កា​ងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ ស្ថិតនៅ​ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត។

ក្នុង​ដំណើរ​ត្រួតពិនិត្យ​នេះ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ឧ​ត្ត​ម​សេនីយ៍ នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ ជាច្រើនរូប​ទៀតផង។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ភួង ស៊ី​ភិន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​បទ​បង្ហាញជូន​គណៈប្រតិភូ អំពី​ការសាងសង់​ទីលាន​បាញ់​គ្រាប់​ពិត ឃ្លាំង​គ្រាប់ ឃ្លាំង​អាវុធ ស្ថានីយ​ផលិត​ទឹកស្អាត​ទី២ ឃ្លាំង​ភ័ស្តុភា​បច្ចេកទេស ទីតាំង​មណ្ឌល​ពហុ​សិក្សា អគារ​ទីចាត់ការ អាង​ស្តុក​ទឹក វេទិកា ការសិក្សា​របស់​សិក្ខាកាម និង​អគារ​ស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ ដែល​បានចាប់ផ្តើម​ដំណើរការ​សាងសង់ ពី​ឆ្នាំ២០១៣ ក្នុង​ផ្ទៃដី​ប្រមាណ ៥០០០ហិកតា និង​បាន​ដំណើរការ​សាងសង់ រហូតមក​ទល់នឹង​ពេលនេះ សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក នឹង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ២០២២ ខាងមុខ ហើយ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ នឹង​ក្លាយជា​កន្លែង​ហ្វឹកហ្វឺន​ដ៏​ធំ​មួយ សម្រាប់​កងរាជអាវុធហត្ថ និង​កងយោធពល​ខេមរភូមិន្ទ ហើយក៏​ជា​កន្លែង​សម្រាប់ធ្វើ​ការប្រកួត​បាញ់​កាំភ្លើង​អាស៊ាន នៅក្នុង​ឱកាស​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា SEA Games ឆ្នាំ២០២៣ ខាងមុខ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply