You are currently viewing ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះឥន្ទ​កោសា​ប្រគល់​ថ្ម​បុរាណ​ចំនួន៣ដុំ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ

ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះឥន្ទ​កោសា​ប្រគល់​ថ្ម​បុរាណ​ចំនួន៣ដុំ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ

សៀមរាប៖ព្រះ​សទ្ធម្ម​ប្ប​កាស​នី តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ្រ​កោសា បាន​ស្ម័គ្រ​ព្រះទ័យ​ប្រគល់​ថ្ម​បុរាណ​ចំនួន៣ដុំ ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ ដោយមាន​ការចូលរួម​ពី​ពុទ្ធបរិស័ទ និង​នគរបាល​បេតិកភណ្ឌ​ផង។

លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​និង​ជាម​ន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹង  នា​ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ថ្ម​ទាំង៣ដុំ ជា​ប្រភេទ​ថ្មភក់​ទាំងអស់។ ថ្ម២ដុំ ជា​ចម្លាក់​ព្រះពុទ្ធ​រូប​ដែល​ឆ្លាក់​មិនទាន់​ហើយ និង​មួយ​ដុំ​ទៀត ជា​ចម្លាក់​ខឿន​ប្រាសាទ​មាន​លម្អ​ដោយ​ក្បាច់​ផង។ វត្ថុ​ទាំង៣នេះ នឹង​យកទៅ​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សា​សុវត្ថិភាព ចុះ​លេខ​បញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ សិក្សា​ស្រាវជ្រាវ​ពី​ប្រភព ដុស​សម្អាត និង​ទុកជា​ប្រយោជន៍​សម្រាប់​កិច្ចការផ្សេង។

ទាក់ទង​នឹង​ការ​ស្ម័គ្រ​ព្រះទ័យ​ប្រគល់​វត្ថុ​បុរាណ​ទាំង៣ជូន​អាជ្ញាធរ​ជាតិ​អប្សរា ព្រះ​តេជគុណ តាត មហា​ទី មាន​សង្ឃដីកា​ថា នេះ​ជាការ​រួមចំណែក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រក្សា​វត្ថុ​បុរាណ​ទុកជា​សម្បត្តិ​ជាតិ ការពារ​សុវត្ថិភាព និង​ការស្រាវជ្រាវ​ចំពោះ​វត្ថុ​បុរាណ​ដែល​នៅ​រ៉ា​យ​ប៉ាយ​ឱ្យមាន​សណ្តាប់ធ្នាប់ ចៀស​ផុតពី​ការជួញដូរ ឬ​ការធ្វើឱ្យ​ខូចខាត​ដោយ​ប្រការផ្សេងៗព្រោះ​ការ​ពុំ​យល់ដឹង។

ព្រះអង្គ​ក៏បាន​បញ្ជាក់​ពី​ប្រភព​ថ្ម​ទាំង៣ដែរ​ថា ចំពោះ​ថ្ម២ដុំ​ដែល​ពុំមាន​រូបរាង​ច្បាស់លាស់​នោះ គឺ​ស្រង់​បាន​ពេល​ស្តារ​ស្ទឹង​សៀមរាប។ ចំណែក​ចម្លាក់​ខឿន​ប្រាសាទ​មួយ​ផ្ទាំង​នោះ គឺ​ស្ថិតក្នុង​ចំនួន១០ដុំ​ផ្សេងគ្នា​ដែល​យក​មកពី​វត្ត​ពោ​ធ៍​លង្កា ហើយ​ត្រូវបាន​គេ​យកទៅ​ប្រើ​សម្រាប់​សំលៀងកាំបិត តែ​ព្រះអង្គ​បាន​សុំ​រក្សាទុក និង​មួយចំនួន​រក្សាទុក​ក្រោម​ប​ល្ល​ង្គ​ព្រះ បើ​រដ្ឋការ​ត្រូវការ​ពេលណា ព្រះអង្គ​នឹង​ស្ម័គ្រ​ព្រះទ័យ​ក្នុងការ​ប្រគល់ជូន​ដោយ​រីករាយ៕

#អរគុណសន្តិភាព

Leave a Reply