ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើ មានប៉ូលិសប៉ុស្ដិ៍នៅកន្លែងណាមួយព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ ប្រជាពលរដ្ឋមានសិទ្ធិប្ដឹង ទៅតាមហ្វេសប៊ុកសម្ដេចផ្ទាល់ ដើម្បីឲ្យសម្ដេចចាត់មន្ដ្រីទៅដោះស្រាយដោយផ្ទាល់។

ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡហោម ស ខេង សំណូមពរ ដល់មាតាបិតា ត្រូវធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងកូនចៅរបស់ខ្លួនឲ្យបានដិតដល់ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន។ សម្ដេចបន្ដថា បើលឺព័ត៌មានថា កូនចៅរបស់ខ្លួនពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវរាយការណ៍ទៅសមត្ថកិច្ច នៅតាមមូលដ្ឋាន បើសមត្ថកិច្ចមិនយកចិត្តទុកដាក់ទៀត ត្រូវរាយការណ៍តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ឥឡូវស្រួលណាស់ បើថារាយការណ៍ទៅប៉ូលិសប៉ុស្ដិ៍ ហើយប៉ូលិសប៉ុស្ដិ៍ព្រងើយកន្តើយ មិនចាប់អារម្មណ៍ មិនចាត់វិធានការ យើងមានបណ្ដាញហ្វេសប៊ុក មានព័ត៌មានសង្គមច្រើនណាស់ ខ្ញុំក៏មានហ្វេសប៊ុក ដាក់តាមហ្នឹងទៅ អាហ្នឹងគឺលឿនទាំងអស់គ្នា» ។
សម្ដេចក្រឡាហោម ក៏បានរំលឹកថា នាពេលកន្លងមក សម្ដេចចាត់មន្ដ្រីរបស់ខ្លួនប្រមូលព័ត៌មាន តាមហ្វេសប៊ុករបស់សម្ដេចផ្ទាល់ ដោយមិនរើសអើមព័ត៌មានឡើយ។សម្ដេចបន្ដថា ព័ត៌មានតាម ហ្វេសប៊ុក វិទ្យុ ទូរទស្សន៍ ជាដើម គឺជាពាក្យបណ្ដឹង ឲ្យតែពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃ ដូច្នេះ ត្រូវប្រមូលព័ត៌មានឲ្យសម្ដេច ដើម្បីចាត់ឲ្យមន្ដ្រីធ្វើការដោះស្រាយ តើរឿងពិត ឬមិនពិត? ហើយភាគច្រើន គឺជាព័ត៌មានពិតផងដែរ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋទៅតាម នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រហោម នៅតាមហ្វេសប៊ុកមិនមែនជារឿងខុសទេ គឺរឿងត្រឹមត្រូវ ឲ្យតែប្រជាពលរដ្ឋទៅប្ដឹងប៉ូលិសប៉ុស្ដិ៍ហើយព្រងើយកន្តើយជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋ មានសិទ្ធិប្ដឹងទៅថ្នាក់ដឹកនាំ តាមបណ្ដាញសង្គមហ្វេសប៊ុក។
សម្ដេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋទៅផ្ទាល់ហើយ (ប្ដឹងប៉ូលិសប៉ុស្ដិ៍) មិនយកចិត្ត ទុកដាក់ យើងមានលទ្ធភាព ហើយអត់ខុសច្បាប់ទេ គឺថា ប្ដឹងទៅនាយករដ្ឋមន្ដ្រី ថាខុស ឲ្យតែយើងបានប្ដឹងអ្នកនៅកន្លែងហ្នឹង (ប៉ូលិសប៉ុស្ដិ៍) ហើយមិនព្រមដោះស្រាយ ហើយប្ដឹងទៅ ឧបនាយករដ្ឋមន្ដ្រី ថាខុស ប្ដឹងទៅរដ្ឋមន្ដ្រីថា ខុស គឺអត់ខុសទេ» ។
សម្ដេចក្រឡាហោម បន្ថែមថា ទាំងនេះជារឿងល្អ សម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធ ភាពខ្ពស់ ហើយថ្នាក់ដឹកនាំត្រូវប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រាយ ដើម្បីងាយស្រួលដឹកនាំប្រទេស ជាពិសេស ជួយដោះស្រាយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកអ្វីមួយ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
#អរគុណសន្តិភាព