You are currently viewing ព្រឹទ្ធសភា​ឯកភាព​ទៅលើ​ការផ្តល់​សច្ចា​ប័នឱ្យ​កម្ពុជា ក្នុងការ​ប្រឆាំង​ទៅនឹង​ការប្រើប្រាស់ អាវុធ​នុយក្លេអ៊ែរ

ព្រឹទ្ធសភា​ឯកភាព​ទៅលើ​ការផ្តល់​សច្ចា​ប័នឱ្យ​កម្ពុជា ក្នុងការ​ប្រឆាំង​ទៅនឹង​ការប្រើប្រាស់ អាវុធ​នុយក្លេអ៊ែរ

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានឱ្យ​បញ្ជាក់ថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការចូល​ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ។

មានប្រសាសន៍​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ លើ​សន្ធិសញ្ញា​នេះ ដោយ​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​មាន​អាវុធ​នុយក្លេអ៊ែរ និង​ផ្តល់ជំនួយ​ទ្រទ្រង់​លើកទឹកចិត្ត ដល់​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត។

សម្តេច​ពិជ័យ​សេនា បាន​បន្តថា បន្ទាប់ពី​ចូល​ជា​រដ្ឋ​ភាគី​ពេញសិទ្ធិ​នៃ​សន្ធិសញ្ញា​នេះ

កម្ពុជា​នឹង​ទទួលបាន​ជំនួយ ផ្នែក​បច្ចេកទេស និង​ការពង្រឹង​សមត្ថភាព​ពី​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ ព្រមទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ បម្រើ​គោលបំណង​សន្តិភាព ជំនួយ​ជនរងគ្រោះ​និង​ការស្តារ​បរិស្ថាន​លើ​ផលប៉ះពាល់​បណ្តាលមកពី​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ពី​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ក្នុងការ​ហាមឃាត់ នាំចូល​និង​ឆ្លងកាត់ និង​ទប់ស្កាត់​ការរីក​សាយភាយ នៃ​អាវុធ​នុយក្លេអ៊ែរ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា «ការប្រកាន់​ជំហរ​មិន​ពាក់ព័ន្ធ​នឹង​ការផលិត អាវុធ​នុយក្លេអ៊ែរ ជា​វិធានការ​រួមចំណែក​រប​ស់​ប្រទេស​កម្ពុជា ក្នុង​ការរក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ទប់ស្កាត់ នូវ​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ»

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះ ត្រូវបាន​អង្គ​ព្រឹទ្ធសភា​ឱ្យយោបល់​ឯកភាព​ទាំងស្រុង ក្នុង​សំឡេងគាំទ្រ​ចំនួន៥២សំឡេង នៃ​ចំនួន​សមាជិក​សរុប បន្ទាប់ពី​អង្គ​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដែល​សម្លាប់​រង្គាល​ទៅលើ​មនុស្ស សត្វ និង​បរិស្ថាន។

បច្ចុប្បន្ន មាន​ប្រទេស​ចំនួន៨៤ហើយ ដែល​បាន​ចុះហត្ថលេខា​គាំទ្រ​លើ​សន្ធិសញ្ញា​នេះ ប៉ុន្តែ​ប្រទេស​ដែល​បានផ្តល់​សច្ចាប័ន​ទើប​តែមាន​ចំនួន៤៥ប្រទេស​ប៉ុណ្ណោះ ខណៈ​សន្ធិសញ្ញា​នេះ​នឹង​ចូល​ជា​ធរមាន​នៅពេល​ដែលមាន​ប្រទេស​ចំនួន៥០ បាន​តម្កល់ទុក​លិខិតុបករណ៍​ណាមួយ​ដូចជា លិខិតុបករណ៍​សច្ចាប័ន លិខិតុបករណ៍​ទទួល​ស្គាល់ លិខិតុបករណ៍​យល់ព្រម ឬ​លិខិតុបករណ៍​នៃ​ការ​សុំចូល​ជា​ភាគី​ណាមួយ នៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ៕

#អរគុណសន្តិភាព

Leave a Reply