បរទេស៖ កាលពីថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ ស្ថានីយទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា និង BBC បានរាយការណ៍ថា ការិយាល័យកិច្ចការថាមពលបរិមាណូអន្តរជាតិ (IAEA) របស់អង្គសហប្រជាជាតិ បានបង្ហើបឱ្យដឹងថា រដ្ឋបាលអ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ានីញ៉ូមបង្កើនសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងឃ្លាំងច្រើនដល់ទៅ ២ ៤៤២,៩គីឡូក្រាម ឬលើសជាង ១២ដង នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានរួមចុះហត្ថលេខាជាមួយក្រុមប្រទេសមហាអំណាច P5+1 មាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរាជអាណាចក្រ ដែលក្រោយមកលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកចេញ កាលពីឆ្នាំ២០១៨ ។
ដោយកំណត់តាមកិច្ចព្រមព្រៀង បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ អាចប្រមូលសន្សំសារធាតុអ៊ុយរ៉ានីញ៉ូមបង្កើនសមត្ថភាពនុយក្លេអ៊ែរ ក្នុងរូបបែបជាសារធាតុផ្សំពិសេស (UF6) បានខ្ពស់បំផុត ៣០០គីឡូក្រាម ឬស្មើនឹង អ៊ុយរ៉ានីញ៉ូម ២០២,៨គីឡូក្រាម ក្រៅពីនេះ ប្រទេសអ៊ីរ៉ង់ ថែមទាំងដំណើរការបង្កើនសមត្ថភាពអ៊ុយរ៉ានីញ៉ូម ដែលមានភាពបរិសុទ្ធខ្ពស់ដល់ទៅ ៤,៥% លើ្មសចំណុចកំណត់ដែលហាមឃាត់ ៣,៦៧% ទៀតផង។
កាលពីខែមករា ឆ្នាំ២០២០ រដ្ឋបាលអ៊ីរ៉ង់ បានប្រកាសលុបចោលកិច្ចសន្យាច្បាប់នេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនធ្វើតាមកិច្ចព្រមព្រៀងកំណត់ការបង្កើនសមត្ថភាព ការប្រមូលសន្សំវត្ថុបង្កើនសមត្ថភាព រួមទាំងការអភិវឌ្ឍ និងការស្រាវជ្រាវផ្នែកនុយក្លេអ៊ែរ តទៅទៀតទេ ដើម្បីបង្ហាញពីភាពមិនសប្បាយចិត្ត ចំពោះហេតុការណ៍ដែលកងទ័ពសហរដ្ឋអាមេរិក លបធ្វើឃាតលោកឧត្ដមសេនីយ៍ កាសេម ស៊ុឡៃម៉ានី ក្នុងទីក្រុងប៊ែកឌែត របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២០ ។

ទាំងអស់នេះ ប្រទេសអ៊ីរ៉ង់ បានអះអាងរហូតមកថា គ្រោងការអភិវឌ្ឍន៍នុយក្លែអ៊ែរ របស់ខ្លួន ជាគ្រោងការបរមាណូដើម្បីសន្តិភាព តែការសង្ស័យថា អ៊ីរ៉ង់កំពុងអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ បានហុចផលឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មនៅឆ្នាំ២០១០ ៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព