You are currently viewing រដ្ឋបាល​ខេត្តកោះកុង ប្រជុំ​រៀបចំ​បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ

រដ្ឋបាល​ខេត្តកោះកុង ប្រជុំ​រៀបចំ​បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ

ភ្នំពេញ៖ នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ សុ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកោះកុង តំណាង​លោកជំទាវ​អភិបាលខេត្ត បាន​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការរៀបចំ​បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អភិបាលខេត្ត ក្រុង ស្រុក ស្នងការ​នគរបាល​ខេត្ត និង​អធិការ​ក្រុង ស្រុក។

លោក​អភិបាលរង​ខេត្ត បាន​លើកឡើងថា លោក លោកស្រី បាន​ជ្រាប​ហើយ បច្ចុប្បន្ន​សកលលោក​បាន​ឈានដល់​ក្របខ័ណ្ឌ​អនុវត្ត​ឧស្សាហកម្ម ៤.០ ដោយ​ឈរលើ​កត្តា​សំខាន់ ៣ គឺ ១) ក្របខ័ណ្ឌ​ស្ថាប័ន ២) បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង ៣) ធនធានមនុស្ស។ ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ បានកំណត់​យ៉ាងច្បាស់​លាស់ ជាពិសេស​គឺ​ការជំរុញ​ដាក់ចេញ​នូវ​យន្តការរដ្ឋបាល​ឌីជីថល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​វិសាលភាព​ឱ្យបាន​កាន់តែ​ទូលំទូលាយ ដែល​ទាមទារ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិនីមួយៗត្រៀមខ្លួន​ឱ្យបាន​រួចរាល់។ ដោយឡែក បន្ទាប់ពី​បាន​ស្តាប់​នូវ​ខ្លឹមសារ​លិខិត​លេខ ២៩៧៦ សជណ ចុះ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បង្កើត​គេហទំព័រ​ហេ្វ​ស​បុក​ផ្លូវការ​របស់​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការ​នគរបាល​រាជធានី ខេត្ត និង​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ វឌ្ឍនភាព​ការងារ​ព័ត៌មានវិទ្យា និង ការប្រមូល​មតិយោបល់​លើ​បណ្តាញ​សង្គម​រួចមក ខ្ញុំ​សូម​ធ្វើការ​ដាក់ចេញ​នូវ​វិធានការ និង​ផែន​ការបន្ត ដែល​ត្រូវអនុវត្តសំខាន់ៗដូចតទៅ៖

១. ស្នងការ​នគរបាល​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវ​ចាត់តាំង​ឱ្យមាន​មន្ត្រី​បង្គោល ដើម្បី​ទទួល ពិនិត្យ​មតិយោបល់ និង​សំណើ​សំណូមពរ​នានា​របស់​សាធារណជន ដើម្បី​ចាត់វិធានការ​ដោះស្រាយ ឆ្លើយតប​ឱ្យបាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ស្របតាម​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

២. ករណី​មតិយោបល់ ឬ​សំណូមពរ មិន​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ស្នងការ​នគរបាល​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ត្រូវ​ជូន​ព័ត៌មាន​ត្រឡប់​ទៅ​ម្ចាស់​សំណើ​នោះ​វិញ។

៣. ករណី​ពិនិត្យឃើញ​ការបញ្ចេញ​មតិយោបល់ ឬ​ការ​ផ្តល់ព័ត៌មាន​មិន​ពិត ដែលមាន​លក្ខណៈ​ប្រឌិត បំប៉ោង​បំភ្លៃ ឬ​អុជអាល នាំឱ្យ​ប៉ះពាល់​ស្ថិរភាព​នយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឬ​មាន​ចេតនា​បង្ក​ការរំខាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​រាយការណ៍ និង​ស្នើសុំ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដល់​ម្ចាស់​គណនី ដែល​បាន​ប្រព្រឹត្ត​អំពើ​ខាងលើនេះ​ឱ្យបាន​ទាន់ពេលវេលា។

៤. រដ្ឋបាល​ក្រុង ស្រុក ត្រូវធ្វើ​របាយការណ៍​បូកសរុប​មួយខែ​ម្តង​នៅ​ចុង​សប្តាហ៍​ទី៣ នៃ​ខែនីមួយៗ អំពី​លទ្ធផល​នៃ​ការទទួល​មតិយោបល់ និង​សំណូមពរ​នានា​របស់​សាធារណជន ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​អភិបាលក្រុង ស្រុក ក្នុង​ដែន​សមត្ថកិច្ច តាម​គំរូ​របាយការណ៍ រួច​បញ្ជូនមក រដ្ឋបាលខេត្ត តាមរយៈ​មន្ត្រី​បង្គោល​ព័ត៌មានវិទ្យា ដើម្បី​ធ្វើការ​បូកសរុប។ ដោយឡែក​ចំពោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវធ្វើ​របាយការណ៍​បូកសរុប​មួយខែ​ម្តង​នៅ​ចុង​សប្តាហ៍​ទី៣ នៃ​ខែនីមួយៗ អំពី​លទ្ធផល​នៃ​ការទទួល​មតិយោបល់ និង​សំណូមពរ​នានា​របស់​សាធារណជន ក្នុង​ហ្វេ​ក​បុក​ផ្លូវការ​របស់ ស្នងការ​នគរបាល​ខេត្ត និង អធិការនគរបាល​ក្រុង ស្រុក ក្នុង​ដែន​សមត្ថកិច្ច តាម​គំរូ​របាយការណ៍ រួច​បញ្ជូនទៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។ បន្ថែម​ពីលើ​នេះ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ ដើម្បីឱ្យ​កិច្ចការងារ​នេះ​ប្រព្រឹត្តទៅបាន​រលូន និង​គ្រប់​ជ្រុងជ្រោយ ខ្ញុំ​សូម​ស្នើឱ្យ​ថ្នាក់ដឹកនាំ នៃ​ស្នងការ​នគរបាល​ខេត្ត  អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក និង អធិការនគរបាល​ក្រុង ស្រុក សហការ​ជាមួយ មន្ត្រី​បង្គោល​ព័ត៌មានវិទ្យា របស់​រដ្ឋបាលខេត្ត ដើម្បី​រៀបចំ​វគ្គ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស ដែល​នឹងត្រូវ​ជជែក​ពិភាក្សា​លម្អិត​បន្ថែមទៀត ជាពិសេស​សំដៅ​ដល់​ការបង្កើត ប្រើប្រាស់ និង​ប្រមូល​ព័ត៌មាន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​ក្រុមការងារ​នឹង​រៀបចំ​ប្រតិទិន​ជូន​នាពេល​ក្រោយ៕

ប្រភព៖ រដ្ឋបាល​ខេត្តកោះកុង

#អរគុណសន្តិភាព

Leave a Reply