ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នឹងបន្ដធ្វើតេស្តលើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ជាលើកទី៣ ចាប់ពីម៉ោង ៧ព្រឹកតទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។

គួរបញ្ជាក់ថា៖ គិតពីថ្ងៃទី ០៤ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកាបានចំនួន ២,៥៥៣វត្ថុសំណាក់ (ក្នុងចំនួននេះមានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន ១៧៣៤នាក់ និងលើកទី២ ចំនួន ៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា៖ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។រីឯអ្នកមានលទ្ធផលអវិជ្ជមានមានចំនួន ១,៧៣០នាក់។
ដោយឡែកការធ្វើតេស្តលើកទី៤ និងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣ ខែវិច្ឆិកា ២០២០ ៕