
អាមេរិក ៖ កាលពីថ្ងៃទី១៥ វិច្ឆិកា ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ពីបច្ចុប្បន្នភាពការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក
ដែលបានកន្លងផុតទៅជាង ១០ថ្ងៃទៅហើយនោះថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញឥរិយាបថ ចេញមកទទួលស្គាល់ជាលើកដំបូងថា លោក ចូ បៃដិន អតីតអនុប្រធានាធិបតី គូប្រជែងមកពីគណបក្សដេម៉ូក្រេត ជាអ្នកឈ្នះការបោះឆ្នោតលើកនេះ បន្ទាប់ពីលោកបៃដិន មានតំណាងអ្នកបោះឆ្នោត ដាច់ឆ្ងាយពីលោកប្រធានាធិបតីត្រាំ ចំនួន ៣០៦សំឡេង ទល់នឹង ២៣២សំឡេង។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ ក៏នៅតែបដិសេធជាថ្មីម្ដងទៀតក្នុងការព្រមចុះចាញ់ និងការទទួលស្គាល់ជ័យជម្នះរបស់លោកបៃដិន ក៏មើលទៅហាក់ដូចជាមិនពេញចិត្តប៉ុន្មានឡើយ ដោយសារតែលោក បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដៀមដាមដល់លោកបៃដិនថា “គាត់ឈ្នះ ដោយសារការបោះឆ្នោត ដែលមានការបន្លំ” និងថា “គ្មានអ្នកតាមមើល ឬអ្នកសង្កេតការណ៍ការបោះឆ្នោតណាម្នាក់ បានទទួលការអនុញ្ញាតឱ្យចូលទៅក្នុងមណ្ឌលបោះឆ្នោតឡើយ។

និងបាននិយាយទៀតថា “អ្នកនៅពីក្រោយខ្នង គឺ ដូមីនៀន ក្រុមហ៊ុនផលិតឧបករណ៍ការបោះឆ្នោត ដែលមានឈ្មោះល្បីល្បាញ និងមានម្ចាស់ជាអ្នកឆ្វេងនិយមក្បាលរឹង តែឧបករណ៍ទាំងនោះ មិនបានប្រើប្រាស់នៅក្នុងរដ្ឋតិចសាស់(ដែលខ្ញុំឈ្នះយ៉ាងភ្លូកទឹកភ្លូកដី)ទេ រួមទាំងសារព័ត៌មានបន្លំ និងស្ងាត់មាត់ឈឹង និងរឿងរ៉ាវមួយគំនរទៀត!”
យ៉ាងណាក៏ដោយ ប៉ុន្មាននាទីក្រោយមក លោកប្រធានាធិបតីត្រាំ បានធ្វីតធើរសំណេរ ដៀមដាមលោកបៃដិនទៀតថា “គាត់ឈ្នះ ក្នុងខ្សែភ្នែករបស់ពួកសារព័ត៌មានបន្លំតែប៉ុណ្ណោះ ខ្ញុំមិនទទួលស្គាល់ការបរាជ័យអ្វីទាំងអស់ ខ្ញុំមានដំណើរផ្លូវត្រូវដើរវែងឆ្ងាយទៀត នេះជាការបោះឆ្នោតដែលកេងបន្លំ!”
កន្លងមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកអះអាងជាច្រើនដង អំពីការបន្លំការបោះឆ្នោតដ៏ធំ និងទោះជាបានដាក់ពាក្យបណ្ដឹងនៅក្នុងរដ្ឋស្វ៊ីងស្តេតក៏ដោយ តែក៏មិនព្រមផ្ដល់ភ័ស្តុតាង គាំទ្រអំណះអំណាងរបស់ខ្លួន អំពីការបន្លំការបោះឆ្នោតទាំងនោះដែរ និងរហូតមកដល់ពេលនេះ ការដាក់ពាក្យបណ្ដឹងទាំងអស់នោះ មិនទាន់បានសម្រេចនៅឡើយ។
កាលពីពេលមុននេះ គណៈកម្មការការបោះឆ្នោតសហរដ្ឋអាមេរិក បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី បានរៀបចំឡើងដោយភាពមធ្យ័តជាទីបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក និងគ្មានភ័ស្តុតាងណាមួយ ដែលបង្ហាញថា ប្រព័ន្ធការបោះឆ្នោតត្រូវបានលុប ឬមានពិន្ទុសំឡេងបាត់បង់ ឬមានការផ្លាស់ប្ដូរពិន្ទុសំឡេង ឬមានលក្ខណៈអែបអប ចូលដៃខាងណាមួយជាដាច់ខាត។

លោក ខេលេច មែកឃើរនេនី អ្នកនាំពាក្យមន្ទីរសេតវិមាន បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន Fox News ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ជឿថា ខ្លួនឯងជាប្រធានាធិបតី និងគ្រងតំណែងអាណត្តិទី២ ក្រៅពីនេះ ក្នុងការថ្លែងព័ត៌មានក្នុងថ្ងៃជាមួយគ្នានោះ លោកប្រធានាធិបតីត្រាំ ក៏បានថ្លែងដែរថា តើអ្នកណាទៅដឹង “ថា រដ្ឋបាលណាមួយ នឹងមានអំណាចនាពេលអនាគត?។
សកម្មភាពរបស់មេដឹកនាំសហរដ្ឋអាមេរិកថ្មីៗបំផុតនេះ កើតឡើងក្នុងថ្ងៃជាមួយគ្នា ដែលអ្នកគាំទ្រលោកប្រធានាធិបតីត្រាំ ជាច្រើនម៉ឺននាក់ បានចេញមករួមប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងសមាជិកក្រុមស្ដាំនិយមជ្រុល ដូចជា ផ្រោន ប៊យស៍ ក្រុមប្រដាប់អាវុធ ដែលគាំទ្រនយោបាយប្រឆាំងជនភៀសខ្លួនរបស់លោកប្រធានាធិបតីត្រាំ ដែលភាគច្រើនស្លៀកពាក់ឈុតកងទ័ព និងពាក់អាវក្រោះ។
ការជួបជុំប្រមូលផ្ដុំគ្នាយ៉ាងសន្តិភាពតិចៗ តាំងពីពេលព្រឹកនេះ បានក្លាយជាអំពើហិង្សាបន្តិចបន្តួចនៅពេលល្ងាច ដោយសារតែអ្នកគាំទ្រ និងអ្នកប្រឆាំងលោកប្រធានាធិបតីត្រាំ បានប៉ះទង្គិចគ្នាជាច្រើនដង។ អាជ្ញាធរ បានចាប់ខ្លួនអ្នកប្រមូលផ្ដុំ ២០នាក់ ដោយបទចោទប្រកាន់ជាច្រើនរឿង មានទាំងអំពើហិង្សាលើរាងកាយ និងគ្រប់គ្រងអាវុធ បន្ទាប់ពីមានរបាយការណ៍ថា អ្នកប្រមូលផ្ដុំម្នាក់ ត្រូវបានគេចាក់នឹងកាំបិត និងប៉ូលិស ២រូប រងរបួស៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព