ភ្នំពេញ៖ ឯកឧត្តម នាយ ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាត្តឲ្យ លោក បណ្ឌិត លី ឃុន អគ្គនាយកក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ មកទទួលលិខិតថ្លែងអំណរគុណរបស់រាជរដ្ឋាភិបាល ក្នុងឱកាស ដែលក្រុមហ៊ុនបាន ឧបត្ថមការហោះហើរជាមនុស្សធម៌ចំនួន ០២ ជើង ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២ លាន ១ សែន និងបរិក្ខាពេទ្យ សរុប១២ មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ – ១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូន រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាល ក៏ដូចក្នុងនាម សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់ ក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ ដែលបានឆ្លើយតបទាន់ពេលវេលា និងឆាប់រហ័ស តាមសំណូមពររបស់រដ្ឋាភិបាល ក្នុងការដឹកជញ្ជួន សម្ភារៈបរិក្ខាខាងលើ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព។
លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ ចំពោះ ក្រុមហ៊ុនអាកាសចរ ឡានម៉ី អែរឡាញ ដែលបានសហការល្អជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានជូនពរឲ្យក្រុមហ៊ុន ជោគជ័យក្នុងធុរកិច្ចរបស់ខ្លួន ជានិច្ចនិរន្ត។
#អរគុណសន្តិភាព