You are currently viewing ការប្រកួតប្រជែង​មិន​ស្មោះត្រង់​នៅក្នុង​ធុរកិច្ច​វិស័យ​ប្រេងឥន្ធនៈ អាច​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់

ការប្រកួតប្រជែង​មិន​ស្មោះត្រង់​នៅក្នុង​ធុរកិច្ច​វិស័យ​ប្រេងឥន្ធនៈ អាច​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់

ភ្នំពេញ៖ លោក ប៊ុន សុ​ភក្តិ​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) បាន​មានប្រសាសន៍ថា ការប្រកួតប្រជែង​មិន​ស្មោះត្រង់​នៅក្នុង​ធុរកិច្ច​វិស័យ​ប្រេងឥន្ធនៈ អាច​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់។

លោក ថ្លែង​បែបនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការយល់ដឹង អំពី​ខ្លឹមសារ​នៃ​ច្បាប់ កិច្ចការពារ​អ្នកប្រើប្រាស់​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ផលិតផល​ប្រេងឥន្ធនៈ​ដល់​អាជីវករ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​នៅក្នុង​ខេត្តមណ្ឌលគិរី នៅផ្ទះ​សំណាក់​ពេ​ជ្រា​ដា ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២។ ពិធី​ផ្សព្វផ្សាយ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី លោក លឹម ស្រេង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក ណា​ល់ វិចិត្រ ប្រធាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជីវករ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ នៅក្នុង​ខេត្ត ជាច្រើនរូប។

លោក ប៊ុន សុ​ភក្តិ​រិ​ទ្ធ បានឱ្យដឹងថា ដើម្បី​ការពារ​អ្នកប្រើប្រាស់​អំពី​ការ​ក្លែងបន្លំ​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ផលប៉ះពាល់ សុខុមាលភាព​សង្គម ការពង្រឹង​ការអនុវត្ត​ច្បាប់ គឺជា​ការងារ​អាទិភាព ។ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់​ចូលក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ផ្នែក​មួយ​នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ ដូច្នេះ ការធ្វើ​អធិការកិច្ច​ទៅលើ​ស្ថានីយ​ចែកចាយ​ប្រេងឥន្ធនៈ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ចាត់ទុក​ជា​កម្មវិធី​មួយ​យ៉ាងសំខាន់ សំដៅ​ធានា​ការ​ដាក់លក់​ឱ្យបាន​ត្រឹមត្រូវ​ទាំង​បរិមាណ គុណភាព និង​តម្លៃ​លក់រាយ។ លោក បញ្ជាក់ថា គោលបំណង នៃ​ពិធី​ផ្សព្វផ្សាយ​នេះ ដើម្បី​ជំរុញ​ការអនុវត្ត​មាន​ភាពស្មោះត្រង់​នៅក្នុង​អាជីវកម្ម ធានា​ទីផ្សារ​នៅក្នុង​ស្រុក ប្រកបទៅដោយ ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់ និង​លើកស្ទួយ​កិត្យានុភាព​ជាតិ ការធានា​ការធ្វើ​អាជីវកម្ម​ប្រកបដោយ​សុចរិត និង​មិនមែន​ដាក់បន្ទុក ទៅលើ​វិស័យ​ឯកជន មិនមាន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ត្រួតពិនិត្យ ហើយ​គោលដៅ​ដែល​ត្រូវធ្វើ​អធិការកិច្ច គឺ​ស្ថានីយ និង ដេប៉ូ ចែកចាយ​ប្រេងឥន្ធនៈ​នៅ​ទូទាំងប្រទេស និង​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​បំពាន តាមរយៈ​ការពិន័យ​អន្តរការណ៍ ឫ វិធានការ​តុលាការ ក្នុងករណី​មិន​រាងចាល។

លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្តមណ្ឌលគិរី បាន​កោតសរសើរ​ចំពោះ​មន្ត្រី ការពារ​អ្នកប្រើប្រាស់​កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្ត និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​កន្លងមក​បាន​ខិតខំ​ក្នុងការ​ត្រួតពិនិត្យ​តាម ស្ថានីយប្រេងឥន្ធនៈ និង ដេប៉ូ​ចែកចាយ​ក្នុង​ខេត្ត ដើម្បី​ពិនិត្យ​នូវ​បរិមាណ គុណភាព និង​តម្លៃ​លក់រាយ​ជាដើម ហើយ​ក្នុងនោះ រដ្ឋបាលខេត្ត ក៏បាន​ធ្វើការ​គាំទ្រ​នូវ​ការផ្សព្វផ្សាយ​ច្បាប់ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម ផលិតផល​ប្រេងឥន្ធនៈ​នេះ។

លោក អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​អាជីវករ​ដែលមាន​ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ ទាំងអស់​នៅក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​មកសុំ​ច្បាប់​អាជីវកម្ម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ មិនត្រូវ​គេចវេស​នោះឡើយ ហើយ​សុំឱ្យ​មន្ត្រី​ជំនាញ ត្រូវ​ចុះ​ត្រួតពិនិត្យ​ទៅតាម​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​ដល់​អ្នកប្រើប្រាស់​ក្នុង​បរិមាណ ក៏ដូចជា​គុណភាព៕

#អរគុណសន្តិភាព

Leave a Reply