You are currently viewing អង្គការ UNICEF ត្រៀម​ចែក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ “២ពាន់​លាន​ដូ​ស” ជួយ​ប្រទេស​ក្រីក្រ ក្នុង​ឆ្នាំ២០២១

អង្គការ UNICEF ត្រៀម​ចែក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ “២ពាន់​លាន​ដូ​ស” ជួយ​ប្រទេស​ក្រីក្រ ក្នុង​ឆ្នាំ២០២១

​បរទេស៖ មូលនិធិ​ដើម្បី​កុមារ របស់​អង្គការសហប្រជាជាតិ (UNICEF) បានប្រកាស​ពី​ផែនការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចំនួន​ជិត ២០០០លាន​ដូ​ស ទៅឱ្យ​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅក្នុង​ឆ្នាំ២០២១ ដែល​អាច​និយាយបានថា នេះ​ជា​ភារកិច្ច​សំខាន់​មួយ ដែល​ឆ្លើយតប​នឹង​ការទាមទារ​របស់​មេដឹកនាំ​ទូទាំង​ពិភពលោក ដែល​ត្រូវ​ការឱ្យ​វ៉ាក់សាំង​កូ​វីដ-១៩ ត្រូវបាន​ចែកចាយ​ទៅគ្រប់​ប្រទេស យ៉ាង​ទូលំទូលាយ និង​យុត្តិធម៌។

យូ​នី​សេ​ហ្វ បាន​ទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន ៣៥០កន្លែង ដើម្បី​ត្រៀម​ចាត់​បញ្ជូន​វ៉ាក់សាំង និង​ម្ជុលចាក់​ថ្នាំ ១០០០លាន​ឈុត ទៅឱ្យ​ក្រុម​ប្រទេស​ក្រីក្រ ដូចជា ប្រទេស​ប៊ុ​រុន​ឌី អា​ហ្វ​ហ្គា​នី​ស្ថាន និង​យេ​មែន ជាដើម តាម​គ្រោងការ​ចែកចាយ​វ៉ាក់សាំង COVAX របស់​អង្គការ​សុខភាព​ពិភពលោក WHO។

“កិច្ចសហការ ដ៏​មានតម្លៃ​នេះ នឹង​ដំណើរការ​ក្នុង​រយៈពេល​វែង ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹងមាន​សក្ដានុពល​ផ្នែក​ការដឹកជញ្ជូន​ដែល​គ្រប់គ្រាន់ សម្រាប់​ប្រតិបត្តិការ​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​នេះ”  លោក អេ​ត​ឡេ​វ៉ា ខា​ឌី​ល​លី អគ្គនាយក​ផ្នែក​បញ្ជូន​កម្លាំង និង​សេវាកម្ម​របស់​យូ​នី​សេ​ហ្វ​បាន​ថ្លែង​បែបនេះ។

គ្រោងការ COVAX ដែលជា​កិច្ចសហការ​រវាង WHO ជាមួយ​ស្ថាប័ន​សម្ព័ន្ធមិត្ត​ដើម្បី​វ៉ាក់សាំង(GAVI) និង​ក្រុម​សម្ព័ន្ធមិត្ត រួមសហការ​ផ្នែក​នវានុវត្តន៍ ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត (Coalition for Epidemic Preparedness Innovation-CEPI) មាន​គោលបំណង​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ទូទាំង​ពិភពលោក កុំឱ្យ​ប្រមូល​ទិញ​វ៉ាក់សាំង​កូ​វីដ-១៩ ទុក​សម្រាប់តែ​ពលរដ្ឋ​របស់​ខ្លួនឯង និង​សង្កត់ធ្ងន់​លើ​ការចែករំលែក​ទៅឱ្យ​ប្រជាជន ដែល​ស្ថិតក្នុង​ក្រុម​ប្រថុយប្រថាន​ខ្លាំង​បំផុត នៅក្នុង​គ្រប់​ប្រទេស​មុនគេ​បង្អស់។

ក្នុងអំឡុង​កិច្ចប្រជុំ​សាំ​មី​ត G20 កាលពី​អំឡុង​ចុង​សប្ដាហ៍​មុន មេដឹកនាំ​ក្រុម ២០ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក សុទ្ធតែ​បានផ្ដល់​ការ​សន្យាថា នឹង​ចែករំលែក​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ-១៩, ថ្នាំ​ព្យាបាល និង​ឈុត​ពិនិត្យ​វីរុស យ៉ាង​យុត្តិធម៌ ដើម្បី​មិនឱ្យ​ប្រទេស​ក្រីក្រ ត្រូវគេ​បោះបង់ចោល​នៅក្រោយ​ខ្នង។

ទាំងអស់នេះ សក្ដានុពល ក្នុងការ​ចូលដល់​វ៉ាក់សាំង​របស់​ប្រទេស​នីមួយ វា​មិន​ស្មើភាព​គ្នា​ស្រាប់​ទៅហើយ តាំងពី​ពេលមុន​មាន​កូ​វីដ-១៩ ម្ល៉េះ ដោយ​ទិន្នន័យ ពី​អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជាក់ថា មាន​ទារ​កកើត​ថ្មី​ប្រមាណ ២០លាន​នាក់ មិន​បានទទួល​វ៉ាក់សាំង ដែល​អាច​ឃុំគ្រង​ការពារ​ជីវិត​ពួកគេ ពី​ជំងឺ​កាច​សាហាវ, សេចក្ដីស្លាប់, ពិការភាព និង​បញ្ហា​សុខភាពផ្សេង។

យូ​នី​សេ​ហ្វ គឺជា​ស្ថាប័ន​ដែល​ចាត់ចែង​ទិញ​វ៉ាក់សាំង​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​ក្នុង ឆ្នាំៗ នឹងមាន​ការបញ្ជាទិញ​វ៉ាក់សាំង​ច្រើនជាង ២០០០លាន​ដូ​ស ដើម្បី​នាំយកទៅ​ចាក់​បន្ថែម តាម​ជុំ​ប្រក្រតី និង​ចាក់​ដើម្បី​ការពារ​ជំងឺឆ្លងផ្សេងៗ នៅ​ជិត ១០០ប្រទេស។

វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ អ៊ិ​ងក៍ និង​បៃ​អូ​អ៊ែន​ថេ​ក ត្រូវបាន​រំពឹងថា នឹង​បានទទួល​ភ្លើង​បៃតង ពី​រដ្ឋបាល​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដើម្បី​ប្រើការ​ក្នុងករណី​អាសន្ន ក្នុងអំឡុង​ខែធ្នូ ខាងមុខនេះ ក្រោយពី​លទ្ធផល​នៃ​ការសាកល្បង បាន​រកឃើញថា មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ដល់​ទៅ ៩៥% និង​មិន​បង្កឱ្យមាន​ផលប៉ះពាល់​ដែល​ធ្ងន់ធ្ងរ​ឡើយ។

ចំណែក​ខាង ក្រុមហ៊ុន​ផលិត​ឱសថ ម៉ូ​ឌើ​ណា ក៏បាន​បង្ហើប​ប្រាប់​ពី​របាយការណ៍​បឋម កាលពី​សប្ដាហ៍​កន្លងទៅ​ដែរ​ថា វ៉ាក់សាំង​កូ​វីដ-១៩ ដែល​ក្រុមហ៊ុន​កំពុង​ស្រាវជ្រាវ​ឡើង មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​បាន​ខ្ពស់​ដល់​ទៅ ៩៤,៥%៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព

Leave a Reply