អាមេរិក៖ ឧត្ដមសេនីយ៍ត្រី នៃកងទ័ពជើងទឹកម្នាក់ ដែលទទួលខុសត្រូវការងារផ្នែកព័ត៌មានសម្ងាត់ របស់កងទ័ពសហរដ្ឋអាមេរិក ក្នុងភូមិភាគអាស៊ី-ប៉ាស៊ីហ្វ៊ិក បានធ្វើដំណើរទៅទស្សនកិច្ចតៃវ៉ាន់យ៉ាងស្ងាត់។ ប្រភពព័ត៌មានច្បាស់ការណ៍ ២នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្នុងថ្ងៃអាទិត្យ(ទី២២ វិច្ឆិកា) ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីថ្នាក់ខ្ពស់រូបនេះ ប្រហែលជានឹងសាងភាពក្ដៅក្រហាយដល់ប្រទេសចិន ជាថ្មីម្ដងទៀតមិនខាន។
បណ្ដាប្រភពព័ត៌មាន ដែលនៅក្នុងនោះ រួមទាំងមន្ត្រីតៃវ៉ាន់ម្នាក់ ដែលមានភាពជិតស្និទ្ធនឹងស្ថានការណ៍នោះ បានបង្ហើបប្រាប់រ៉យទ័រថា មន្ត្រីលំដាប់ខ្ពស់ របស់កងទ័ពសហរដ្ឋអាមេរិក រូបនោះ គឺលោកឧត្ដមនាវីត្រី ម៉ៃឃើល ស្ទូតមែន និងតាមរយៈទិន្នន័យ នៅលើវេបសាយរបស់កងទ័ពជើងទឹកអាមេរិក ត្រូវបានគេស្គាល់ថា លោកស្ទូតមែន ជាអគ្គនាយកអង្គភាពព័ត៌មានសម្ងាត់ J2 នៃកងបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក របស់កងទ័ពអាមេរិកាំង។
មន្ទីរបញ្ចកោណ បានបដិសេធបញ្ចេញយោបល់អ្វីទាំងអស់ ចំពោះរបាយការណ៍ទាំងនោះ តែខាងក្រសួងការបរទេសតៃវ៉ាន់ បានអះអាង កាលពីថ្ងៃអាទិត្យ(ទី២២ វិច្ឆិកា) ថា មានមន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានធ្វើដំណើរមកតៃវ៉ាន់ប្រាកដមែន ប៉ុន្តែ មិនបានផ្ដល់សេចក្ដីលម្អិតអ្វីទាំងអស់ ដោយបានបញ្ជាក់ត្រឹមតែថា វាជាការធ្វើដំណើរមួយ ដែលមិនបើកចំហជាសាធារណៈតែប៉ុណ្ណោះ។
ប្រទេសចិនដែលអះអាងជានិច្ចថា តៃវ៉ាន់ ដែលគ្រប់គ្រងតាមរបបប្រជាធិបតេយ្យនោះ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ដោយធ្លាប់បានសម្ដែងប្រតិកម្មក្រេវក្រោធយ៉ាងខ្លាំង កាលពីពេលដែលលោក អាលេកស៍ អាសារ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា និងតាមដោយលោក ឃីធ ហ្គ្រែស រដ្ឋលេខាធិការក្រសួងការបរទេស ផ្នែកកិច្ចការសេដ្ឋកិច្ច ក្នុងខែកញ្ញា ដោយ លើកៗ ប្រទេសចិន បានឆ្លើយតបវិញ ដោយការបញ្ជូនហ្វូងយន្តហោះប្រដេញ ទៅហោះបញ្ឆិតពីលើដែនកោះ(តៃវ៉ាន់)មួយនេះយ៉ាងគឃ្លើន។
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកកម្ពស់ការគាំទ្រតៃវ៉ាន់ ក្នុងនោះ រួមទាំងការលក់អាវុធថ្មីៗទៅឱ្យតៃវ៉ាន់ ដែលបានបង្កក្ដីកង្វល់ដល់ប្រទេសចិនយ៉ាងខ្លាំង។
គេនៅមិនទាន់ប្រាកដច្បាស់នៅឡើយថា ការធ្វើដំណើរទៅតៃវ៉ាន់ របស់លោកឧត្ដមសេនីយ ស្ទូតមែន នឹងត្រូវបានមើលឃើញដោយក្រុងប៉េកាំងថា ជាការបញ្ឆេះស្ថានការណ៍ ឱ្យកាន់តែឆាបឆេះរាលដាលធំឡើង ឬយ៉ាងណានោះទេ ខណៈដែលរូបលោក គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការយោធាលំដាប់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅតៃវ៉ាន់ ក្នុងជុំប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក ដាក់ក្លាស់ ប៉ាល អតីតប្រធានការិយាល័យអ្នកតំណាងរបស់សហរដ្ឋអាមេរិក នៅក្នុងតៃវ៉ាន់ បានផ្ដល់ការយល់ឃើញថា “បើវាជា ស្ទូតមែន នៃ J2 របស់កងបញ្ជាការភូមិភាគឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក មែននោះ ខ្ញុំដឹងថា ការទៅទស្សនកិច្ចក្នុងលក្ខណៈបែបនេះ មិនដែលធ្លាប់មានពីមុនមកឡើយ។

យ៉ាងណាក៏ដោយ លោក រ៉ាន់ដាលល៍ ឈ្រិវើរ អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិ ផ្នែកកិច្ចការអាស៊ី ក្នុងសម័យរដ្ឋបាលលោកត្រាំ បានប្រាប់ថា មន្ទីរបញ្ចកោណ ក្នុងសម័យរបស់លោកត្រាំ តែងបញ្ជូននាយទាយទាហានលំដាប់ខ្ពស់ ឱ្យធ្វើដំណើរទៅតៃវ៉ាន់ ជាប្រចាំស្រាប់ទៅហើយ ព្រមទាំងបានបញ្ជាក់ទៀតផងថា សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានចែករំលែកព័ត៌មានគ្នាយ៉ាងជិតស្និទ្ធ ទាក់ទងនឹងគ្រោះថ្នាក់ដែលអាចកើតចេញពីការរុករានរបស់កងទ័ពចិន។
សារព័ត៌មាន យូណៃថេត ដេលី របស់តៃវ៉ាន់ បានផ្សព្វផ្សាយរូបភាពយន្តហោះខ្នាតតូច ១គ្រឿង ដែលមិនបង្ហាញសញ្ញាសម្គាល់អ្វីទាំងអស់ កំពុងធ្វើមកដល់ព្រលានយន្តហោះ សុងសាន កណ្ដាលទីក្រុងតៃប៉ិ ព្រមទាំងបានបញ្ជាក់ថា វាជាយន្តហោះរបស់កងទ័ពសហរដ្ឋអាមេរិក និងថែមទាំងរាយការណ៍ថា មើលទៅហាក់ដូចជាមានបណ្ដាមន្ត្រីរបស់តៃវ៉ាន់ កំពុងរង់ចាំទទួលស្វាគមន៍ នៅក្នុងបន្ទប់ VIP នៃអគារអ្នកដំណើរនោះទៀតផង។
នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ក្រសួងការបរទេស របស់តៃវ៉ាន់ បានប្រាប់ថា មានការទាក់ទងជាមួយសហរដ្ឋអាមេរិក កាន់តែញឹកញាប់ឡើង ហើយ “យើងស្វាគមន៍ ការមកទស្សនកិច្ចរបស់មន្ត្រីសហរដ្ឋអាមេរិក តែការធ្វើដំណើរលើកនេះ មិនបង្ហាញដល់សាធារណជន ដោយសារមូលដ្ឋាននៃការជឿទុកចិត្តគ្នារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដូច្នេះខាងក្រសួងការបរទេស សុំមិនជូនដំណឹង ឬសម្ដែងការយល់ឃើញអ្វី លើសពីនេះឡើយ។
យ៉ាងណាក្ដី នៅក្នុងសេចក្ដីថ្លែងការណ៍ ១ច្បាប់ទៀត បានបញ្ជាក់ថា របាយការណ៍របស់អ្នកសារព័ត៌មាន ដែលធ្លាប់បានអះអាងថា គណៈប្រតិភូ ១ឈុត ដែលដឹកនាំដោយលោកស្រី ជីណា ហាស្ពេល អគ្គនាយិកា CIA បានធ្វើដំណើមកទស្សនកិច្ចតៃវ៉ាន់នោះ មិនមែនជាការពិតឡើយ ហើយលោកស្រី ហាស្ពេល ក៏មិនមានផែនការ មកទស្សនកិច្ចតៃវ៉ាន់ដែរ។
សហរដ្ឋអាមេរិក ក៏ដូចគ្នានឹងប្រទេសមួយចំនួនធំដែរ ដែលមិនមានសម្ព័ន្ធភាពខាងការទូតជាផ្លូវការជាមួយតៃវ៉ាន់ឡើយ តែអាមេរិក ជាអ្នកចាត់ចែងរកអាវុធ និងជាអ្នកគាំទ្ររវាងប្រទេសនឹងប្រទេសដ៏សំខាន់បំផុតរបស់កោះ(តៃវ៉ាន់)មួយនេះ។
លោក ស៊ូ ជឹងឆាង នាយករដ្ឋមន្ត្រីតៃវ៉ាន់ បានថ្លែងកាលពីសប្ដាហ៍មុនថា គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលដឹកនាំលោក អ៊ែនឌ្រូ វីលលើរ ប្រធានការិយាល័យការពារបរិស្ថាន មានកាលបរិច្ឆេទ ធ្វើដំណើរមកទស្សនកិច្ចតៃវ៉ាន់ នាពេលឆាប់ៗនេះ ក្រោមការសន្និដ្ឋានរបស់អ្នកសារព័ត៌មានអាមេរិក ដែលបានបញ្ជាក់ថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ ប្រហែលជានឹងកើតឡើងនៅខែធ្នូ ខាងមុខនេះឯង៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព