អាមេរិក៖ កាលពីថ្ងៃទី២៤ វិច្ឆិកា អនាគតមេដឹកនាំសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន បានចេញមកអះអាងនៅក្នុងកិច្ចសម្ភាសន៍មួយថា ទោះជាអ្នកដែលចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់លោក នឹងមានតែមនុស្សមុខដដែលៗជាច្រើន មកពីសម័យអតីតរដ្ឋបាលលោកអូបាម៉ា ក៏ដោយ តែលោកបៃដិន បានអះអាងថា មន្ទីរសេតវិមានក្នុងយុគសម័យរបស់លោក មិនមែនជា រដ្ឋបាលលោកអូបាម៉ា អាណត្តិទី៣ ជាដាច់ខាត ខណៈទូទាំងពិភពលោកមានការភ្ញាក់ផ្អើល ក្រោយពីមានរបាយការណ៍ថា អតីតអគ្គនាយិកា FAD ត្រៀមឡើងអង្គុយកៅអីរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក។
សារព័ត៌មាន ដឹ ហ្គាដៀន របស់អង់គ្លេស បានរាយការណ៍នៅថ្ងៃទី២៥ វិច្ឆិកា ថា ក្នុងការអង្គុយនិយាយយ៉ាងត្រង់ៗ ក្នុងការផ្ដល់បទសម្ភាសជាលើកដំបូងរបស់លោកចូ បៃដិន ជាមួយ Lester Holt នារាត្រីថ្ងៃអង្គារ(ទី២៥ វិច្ឆិកា)របស់ NBC លោកបានថ្លែងអះអាងយ៉ាងម៉ឺងម៉ាត់ និងបដិសេធចំពោះសំណួរដែលថា នេះជាការបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៣ របស់លោកអូបាម៉ា មែនទេ
លោកចូ បៃដិន ថ្លែងថា “នេះមិនមែនជាអូបាម៉ាអាណត្តិទី៣ ទេ យើងកំពុងប្រឈមមុខនឹងពិភពលោកដែលខុសប្លែកយ៉ាងស្រឡះ ពីអំឡុងពេលរបស់រដ្ឋបាលអូប៉ាម៉ា-បៃដិន” និងបញ្ជាក់ថា “ប្រធានាធិបតីត្រាំ គឺជាអ្នកសាងការផ្លាស់ប្ដូរថ្មី”
ដោយសារតែ អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី នៃគណបក្សដេម៉ូក្រេតរូបនេះ បានដាក់ស្នើ ឈុត Dream Team របស់រដ្ឋបាលរបស់លោកលើកដំបូង កាលពីថ្ងៃអង្គារ(ទី២៤ វិច្ឆិកា)នោះ មានគោលដៅ ដើម្បីបង្ហាញឱ្យឃើញពីភាពសម្បូរបែបរបស់ប្រជាជនអាមេរិក និងភាពសម្បូរបែបរបស់គណបក្សដេម៉ូក្រេត និងបានទទួលស្គាល់យ៉ាងស្មោះត្រង់ថា ធ្លាប់បានគិតថា ចង់តែងតាំងមនុស្សរបស់គណបក្សរីផាប្ល៊ីកាន់ ដែលបោះឆ្នោតឱ្យលោកត្រាំទៀតផង។
លោកបៃដិនសារភាពថា “ខ្ញុំ ត្រូវការឱ្យប្រទេសមួយនេះ កើតមានភាពសាមគ្គី។
ក្នុងរបាយការណ៍ ដែលមើលទៅហាក់ដូចជាស្រដៀងៗនឹងការទទួលស្គាល់ដែរនោះ លោកបៃដិនថ្លែងថា លោកនឹងមិនប្រើប្រាស់ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក ធ្វើជាឧបករណ៍ស៊ើបអង្កេតលោកត្រាំ និងបក្ខពួកនោះទេ បើទោះជាមានសម្ពាធចេញមកពីផ្ទៃក្នុងគណបក្សដេម៉ូក្រេត ដែលត្រូវការឱ្យមានការស៊ើបអង្កេតលោកប្រធានាធិបតី ដូណាល់ ត្រាំ និងរឿងក្ដីអាស្រូវរឿងហិរញ្ញវត្ថុ ដែលមានរបាយការណ៍ថា ពាក់ព័ន្ធជាមួយប្រទេសដទៃ និងបញ្ហាដែលមេដឹកនាំសហរដ្ឋអាមេរិក ត្រូវការឱ្យរដ្ឋបាលប្រទេសដទៃ ចូលមកពាក់ព័ន្ធក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកក៏ដោយ។ ព្រោះនៅពេលលោកត្រាំ អស់អាណត្តិ ក្រោយពីលោកបៃដិន ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ មករា ឆ្នាំ២០២១ លោកត្រាំ នឹងលែងមានអភ័យឯកសិទ្ធិឃុំគ្រង និងអាចដំណើរការរឿងក្ដីខាងច្បាប់បានភ្លាមតែម្ដង។
ចំណែក BBC សារព័ត៌មានរបស់អង់គ្លេស បានរាយការណ៍ថា លោកបៃដិន ត្រៀមតែងតាំង អតីតអភិបាលធនាគារកណ្ដាលសហរដ្ឋអាមេរិក លោកស្រី ជែនិត យេលលេន ឱ្យចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរតនាគារ ស្ត្រីដំបូងគេរបស់សហរដ្ឋអាមេរិក ក្នុងឈុតមន្ទីរសេតវិមានរបស់លោក ដែលនេះជាការជ្រើសរើសមួយ ដែលទទួលបាននូវការទទួលស្គាល់ជាទូទៅថា ជាការជ្រើសរើសដ៏គួរឱ្យកោតសរសើរ សម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងរតនាគារនេះ ព្រោះ លោកស្រីយេលលេន ជាមនុស្សឆ្លាត រឹងមាំ និងជាមនុស្សមានគោលការណ៍ និងជាមនុស្សម្នាក់ក្នុងចំណោមប្រធាន FAD ដែលទទួលបានជោគជ័យ។ ជាអ្នកដែលក្រោកឡើងតតាំងជាមួយក្រុមធនាគារ វ៉លស្ទ្រីត រួមទាំងធ្វើឱ្យធនាគារWells Fargo ត្រូវទទួលខុសត្រូវ លើការកេងបន្លំលើគ្រួសារក្រុមអ្នកប្រើកម្លាំងពលកម្មអាមេរិកទៀតផង។
សារព័ត៌មានអង់គ្លេសនេះ បានរាយការណ៍ថា លោកស្រីយេលលេន ផ្ដល់ភាពសំខាន់ទៅលើការជួលកម្លាំងពលកម្ម ខ្លាំងជាងរឿងប្រព័ន្ធលុយហើម និងធ្វើឱ្យលោកស្រី ត្រូវបានគេទទួលស្គាល់ថា ច្រើនតែជួយសម្រួលលើវិធីការកាត់បន្ថយការប្រាក់ ដែលជាការជំរុញសកម្មភាពខាងសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យការខ្ចីបុល មានបន្ទុកដែលថយចុះ។
កាលពីថ្ងៃចន្ទ(ទី២៣ វិច្ឆិកា) អតីតទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់ធនាគារ ហ្គោលមែនហ្ស៊ែក លោក Gary Cohn បានចេញមកសម្ដែងការស្វាគមន៍ ដែលលោកស្រីយេលលេន មានឈ្មោះជាអ្នកចូលមកបំពេញតួនាទី បន្តពីលោក ស្ទីហ្វ មនូឈីន (រដ្ឋមន្ត្រីក្រសួងរតនាគារបច្ចុប្បន្ន) ដោយលោកបានសម្ដែងការកោតសរសើរលោកបៃដិនថា “ជាការជ្រើសរើសដ៏ល្អអស្ចារ្យ។
ដោយលោកបានចង្អុលបង្ហាញថា “មិនចាំបាច់សង្ស័យទេថា លោកស្រី(ជែនិត យេលលេន) នឹងក្លាយជាដៃដ៏នឹងធឹងមួយ ដែលយើងត្រូវការ ក្នុងការប្រូម៉ូតសេដ្ឋកិច្ច ដែលធ្វើការងារសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសក្នុងអំឡុងពេលដែលកំពុងលំបាកលំបិន ដូចពេលនេះ។ សូមសម្ដែងការស្វាគមន៍”៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព