អ្នកវិទ្យាសាស្ត្រជនជាតិអ៊ីរ៉ង់ ដែលប្រទេសលោកខាងលិចសង្ស័យមកជាយូរហើយថា ជាអ្នកបញ្ជាគ្រោងការសម្ងាត់គ្រាប់បែកនុយក្លេអ៊ែរ បានស្លាប់នៅក្នុងហេតុការណ៍វាយប្រហារមួយ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ(ទី២៧ វិច្ឆិកា)។ ការស្លាប់របស់អ្នកវិទ្យាសាស្ត្ររូបនេះ អាចនឹងក្លាយជាខ្សែដុតបញ្ឆេះឱ្យកើតមានការប្រឈមមុខដាក់គ្នា រវាងក្រុងតេអេរ៉ង់ ជាមួយបណ្ដាគូសត្រូវទាំងឡាយ ក្នុងសប្ដាហ៍ចុងក្រោយៗ នៃការគ្រងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ។
គេជឿថា ការស្លាប់របស់លោក ម័រសេន ហ្វាគ្រីសាដេហ៍ នឹងបង្កភាពស្មុគស្មាញដល់ការព្យាយាមណាមួយរបស់អនាគតប្រធានាធិបតី ចូ បៃដិន ក្នុងការវិលត្រឡប់ទៅរកការបន្ធូបន្ថយភាពតានតឹង ដូចគ្នានឹងកាលពីសម័យ ការគ្រងតំណែងប្រធានាធិបតី របស់លោក បារ៉ាក់ អូបាម៉ាដែរ។
លោកហ្វាគ្រីសាដេហ៍ ត្រូវបានក្រុមប្រដាប់អាវុធ វាយប្រហារដោយគ្រាប់បែក និងអាវុធស្វ័យប្រវត្តិ ខណៈកំពុងធ្វើដំណើរដោយរថយន្ត នៅលើផ្លូវ ក្នុងអ៊ែបឆាត ទីក្រុងតូចមួយ ជាយក្រុងតេអេរ៉ង់ មុននឹងទៅស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែក្រុមគ្រូពេទ្យមិនអាចជួយជីវិតទាន់។

នៅទីកើតហេតុ មានថ្លុកឈាមនៅក្បែរៗរថយន្ត ចំណែកសាក្សីនៅក្នុងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនដំបូងបង្អស់ ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងមួយ និងស្នូរកាំភ្លើងយន្ត បាញ់រះទៅលើរថយន្តដែលលោកហ្វាគ្រីសាដេហ៍កំពុងជិះ។ ក្រៅពីជនរងគ្រោះម្នាក់នេះហើយ អាជ្ញាធរអ្នកការពារដទៃទៀត ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលបណ្ដាលមកការរងរបួសដែរ។
ប្រទេសអ៊ីរ៉ង់ បានចោទទៅលើប្រទេសអ៊ីស្រាអែល ដោយបានអះអាងថា ការលបសម្លាប់លើកនេះ គឺជាជាការជូនពរចំពោះលោកត្រាំ មុនចាកចេញពីតំណែង ដោយលោក ចាម៉ាត់ សារីហ្វ រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានសរសេរនៅក្នុងប្រព័ន្ធធ្វីតធើរថា “មានរឿងបញ្ជាក់យ៉ាងច្បាស់ ពាក់ព័ន្ធនឹងតួនាទីរបស់អ៊ីស្រាអែល។
ចំណែកទីប្រឹក្សាផ្នែកកិច្ចការយោធា របស់លោក យ៉ាតុលឡោះហ៍ អាលី ខាមេណាអ៊ី មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់ បានប្រកាសវាយប្រហារបែបផ្លេកបន្ទោ ចាត់ការពួកឃាតករដែលគំរាមកំហែងអ្នកលះបង់ “នៅថ្ងៃចុងក្រោយៗ នៃជីវិតនយោបាយរបស់ពួកគេ ពួកសម្ព័ន្ធមិត្ត(របស់លោកត្រាំ) ពួកសៃអូនីស កំពុងរិះរកវិធីបង្កើនការកៀបសង្កត់មកលើអ៊ីរ៉ង់ និងសាងសង្គ្រាមគ្រប់រូបបែប” លោកហ៊ូសសេន ដេកាន បានថ្លែងយ៉ាងដូច្នេះ។
នៅមិនទាន់មានសកម្មភាពណាមួយ អំពីពួកសត្រូវបរទេសរបស់អ៊ីរ៉ង់ឡើយ ដោយប្រទេសអ៊ីស្រាអែល បានបដិសេធបង្ហាញការយល់ឃើញ ដូចគ្នានឹងក្រុមផ្សេងៗនៅក្នុងសហរដ្ឋអាមេរិកដែរ មិនថាតែ មន្ទីរសេតវិមាន មន្ទីរបញ្ចកោណ ក្រសួងការបរទេស និង CIA រួមទាំងក្រុមការងារផ្ទេរ-ប្រគល់អំណាចរបស់លោកបៃដិនផងដែរ។
លោកហ្វាគ្រីសាដេហ៍ ត្រូវបានបញ្ជាក់ពីក្រុមប្រទេសលោកខាងលិច និងអង្គភាពព័ត៌មានសម្ងាត់អ៊ីស្រាអែលជាយូរឆ្នាំមកហើយ ថា ជាមេដឹកនាំអាថ៍កំបាំង របស់គ្រោងការសម្ងាត់គ្រាប់បែកបរមាណូ ដែលមានផ្អាកក្នុងឆ្នាំ២០០៣ ដែលប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទថា ក្រុងតេអេរ៉ង់ បានព្យាយាមសើរើគ្រោងការនេះឡើងវិញ តែខាងអ៊ីរ៉ង់បានបដិសេធដាច់អហង្ការថា ពួកគេមិនបានស្វែងរកអាវុធថាមពលនុយក្លេអ៊ែរនោះទេ។
ថាស្នីម សារព័ត៌មានពាក់កណ្ដាលរដ្ឋ របស់ក្រុងតេអេរ៉ង់ បានរាយការណ៍ថា “ក្រុមភេរវកម្មបានបំផ្ទុះរថយន្ត ១គ្រឿងទៀត មុននឹងបើកឆាកបាញ់រះទៅលើរថយន្តរបស់ហ្វាគ្រីសាដេហ៍ និងអង្គរក្សរបស់គាត់ ក្នុងហេតុការណ៍វាយប្រហារនៅជាយក្រុងតេអេរ៉ង់នេះ”
លោកត្រាំ ដែលបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី កាលពីថ្ងៃទី៣ វិច្ឆិកា ហើយនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ មករានោះ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដែលធ្វើបានជោគជ័យដោយលោកអូបាម៉ា ដែលបានលុបចោលវិធានការទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗ ដែលបានដាក់លើប្រទេសអ៊ីរ៉ង់ ដើម្បីជាថ្នូរ នឹងការដែលក្រុងតេអេរ៉ង់ សុខចិត្តលុបបំបាត់គ្រោងការអាវុធនុយក្លេអ៊ែរ។
លោកបៃដិន ធ្លាប់បានប្រាប់ថា លោកមានគោលដៅចង់សើរើកិច្ចព្រមព្រៀងនោះឡើងវិញ ទោះជាអ្នកវិភាគជាច្រើនប្រាប់ថា វាជាគោលដៅមួយដែលប្រថុយប្រថានយ៉ាងខ្លាំងក៏ដោយ ដោយសារតែភាគីម្ខាងៗបានទាមទារការធានាអះអាងពីភាគីម្ខាងទៀតបន្ថែម។

លោក រ៉ូប៊ើត ម៉ាល់លេយ៍ ដែលធ្លាប់ជាទីប្រឹក្សាផ្នែកប្រទេសអ៊ីរ៉ង់ របស់លោកអូបាម៉ា និងជាទីប្រឹក្សាមិនផ្លូវការរបស់ក្រុមការងារលោកបៃដិន បានបញ្ជាក់ថា ហេតុការណ៍ធ្វើឃាតលោកហ្វាគ្រីសាដេហ៍ គឺជាហេតុការណ៍១ ក្នុងចំណោមហេតុការណ៍ជាច្រើន ដែលបានកើតឡើងក្នុងអំឡុងសប្ដាហ៍ចុងក្រោយៗរបស់លោកត្រាំ ដែលមើលទៅហាក់ដូចជា ចង់ធ្វើឱ្យលោកបៃដិន ជួបនឹងការងារកាន់តែពិបាកឡើងក្នុងការវិលត្រឡប់ទៅរកការចរចាជាមួយប្រទេសអ៊ីរ៉ង់។
អាជ្ញាធរសហរដ្ឋអាមេរិកម្នាក់ បានអះអាងកាលពីពាក់កណ្ដាលខែកន្លងទៅថា លោកត្រាំធ្លាប់បានស្នើសុំឱ្យជំនួយការផ្នែកយោធា ធ្វើសេចក្ដីព្រាងផែនការ សម្រាប់ភាពអាចទៅរួច ក្នុងការវាយប្រហាប្រទេសអ៊ីរ៉ង់ មុនពេលទីបំផុត លោកត្រាំបានបញ្ឈប់គំនិតទៅវិញ ព្រោះប្រថុយប្រថាននឹងការដុតបញ្ឆេះភ្លើងទំនាស់នៅក្នុងមជ្ឈិមបូព៌ា ឱ្យឆេះរាលដាលកាន់តែធំឡើង។
កាលពីខែមករា ដើមឆ្នាំ២០២០ លោកត្រាំបានចេញបញ្ជាឱ្យបញ្ជូនយន្តហោះដ្រូនប្រតិបត្តិការវាយប្រហារខាងអាកាស ក្នុងទីក្រុងប៊ែកឌែត ប្រទេសអ៊ីរ៉ាក់ ផ្ដាច់ជីវិតលោក កាសេម សូឡៃម៉ានី មេបញ្ជាការអង្គភាពពិសេស Quds នៃកងកម្លាំងការពារការបដិវត្តន៍អ៊ីរ៉ង់ ធ្វើឱ្យប្រទេសអ៊ីរ៉ង់ ឆ្លើយតបវិញដោយការបាញ់មីស៊ីលកម្ទេចមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលស្ទើរតែធ្វើឱ្យគូសត្រូវទាំង២ បង្កើតសង្គ្រាម នៅក្នុងអំឡុងជាច្រើនទសវត្សរ៍កន្លងមកនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព
Pingback: រឿងធំ!! អ៊ីរ៉ង់ប្រកាសដាច់អហង្ការ ឆ្លើយតបហេតុការណ៍លួចធ្វើឃាតអ្នកវិទ្យាសាស្ត្រសំខ