ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។
គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ-១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕



#អរគុណសន្តិភាព