You are currently viewing កម្ពុជា​ជាប់ ចំណាត់ថ្នាក់​លេខ១ លើ​ពិភពលោក ក្នុងការ​គ្រប់គ្រង​កូ​វីដ-១៩ បានល្អ​ជាងគេ

កម្ពុជា​ជាប់ ចំណាត់ថ្នាក់​លេខ១ លើ​ពិភពលោក ក្នុងការ​គ្រប់គ្រង​កូ​វីដ-១៩ បានល្អ​ជាងគេ

សេ​ណេ​ហ្កា​ល់៖ របាយការណ៍ វាយតម្លៃ​ស្ដី​ពីស​ន្ទ​ស្សន៍ ស្ថានភាព​ធ្ងន់​នៃ​ជំងឺ COVID-19 ចេញផ្សាយ​ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្កា​ល់ (Le Bureau de Prospective Economique (BPE) du Sénégal) បាន​បង្ហាញថា៖ ប្រទេស​កម្ពុជា បាន​ឡើង​មកឈរ  នៅលើ​កំពូល​តារាង ដោយ​ជាប់​ចំណាត់​លេខ១ កម្រិត​ពិភពលោក ក្នុងនាម​ជា​ប្រទេស​ដែល​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ។

បើតាម​របាយការណ៍​ខាងលើ​ដដែល កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​លេខ១ កម្រិត​ពិភពលោក នៅក្នុង​ចំណោម​ប្រទេស១៦៦ ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ តាម​ពីក្រោយ​ដោយ  ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ។   ចំណែកឯ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់ ខ្សោយ​ជាងគេ​រួមមាន៖ ប្រទេស​អាហ្វ្រិក​ខាងត្បូង, លី​ត​តូ​នី, អេ​ស្ប៉ា​ញ និង​ប្រទេស​ក្រិ​ក។

ការដាក់​ចំណាត់ថ្នាក់​នេះ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់​សប្ដាហ៍ បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃទី៣ ខែវិច្ឆិកា ដែល​ករណី​ឆ្លង COVID-19 មួយចំនួន ត្រូវបាន​រកឃើញ ក្រោយ​រដ្ឋមន្ត្រីការបទេស ប្រទេស​ហុង​គ្រី​ឆ្លង COVID-19 បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា។

ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្កា​ល់ ក៏បាន​ទទួលស្គាល់​ផងដែរ​ពី​ប្រសិទ្ធភាព ការដាក់ចេញ និង​អនុវត្ត​នូវ​វិធានការ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងនោះ​រួមមាន៖ ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​មកពី​បរទេស, បិទ​សាលារៀន, រោងភាពយន្ត, សាល​កីឡា, យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​យល់ដឹង​ពី COVID-19, ការចែក​ចាយ​ម៉ាស និង​ការបញ្ចេញ​អត្តសញ្ញាណ  អ្នក​ឆ្លង​ដើម្បី​ងាយស្រួល  គ្រប់គ្រង​ស្ថានការណ៍​ជាដើម។

គួរ​រំលឹក ថា ៖កាលពី​ខែវិច្ឆិកា​កន្លងទៅ របាយការណ៍​វាយតម្លៃ​ស្ដី​ពីស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់​នៃ​ជំងឺ COVID-19 ចេញផ្សាយ​ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្កា​ល់ (Le Bureau de Prospective Economique (BPE) du Sénégal) បាន​វាយតម្លៃ​កម្ពុជា ជាប់​ចំណាត់​លេខ៣ កម្រិត​ពិភពលោក និង​លេខ១ ក្នុង​ទី្វ​ប​អាស៊ី ក្នុងនាម​ជា​ប្រទេស​ដែល​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ តាម​ពីក្រោយ​ប្រទេស សាំង​ឃី​ត និង​ណេ​វី​ស (Saint Kitts and Nevis) ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១ និង​ប្រទេស​ស៊ី​ស្ហែ​ល (Seychelles) ឈរ​នៅ​លេខ​រៀង​ទី២៕

#អរគុណសន្តិភាព

Leave a Reply