You are currently viewing រដ្ឋបាល​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្ត

រដ្ឋបាល​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្ត

សៀមរាប៖    រដ្ឋបាលខេត្ត​ខេ​សៀមរាប​កាលពី​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២០បានរៀបចំ​នូវ​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី លោក លោកស្រី តំណាង​មន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត និង​លោក លោកស្រី អភិបាល ក្រុង/ស្រុក ក្នុង​ខេត្តសៀមរាប ។

តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​កា​ងារ​បាន​បញ្ញា​ក់ថា រហូតមកដល់​បច្ចុប្បន្ន​ក្រុមការងារ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​បានសម្រេច​លទ្ធផល​ដូចខាងក្រោម ៖

១- ផ្នែក​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​អនុវត្តបាន​ចំនួន ៩៧កន្លែង ស្មើនឹង ៨៦,៦០% នៃ​ទីតាំង​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ដែល​កំពុងដំណើរការ (ចំនួន ១១២ កន្លែង) ។

២- ផ្នែក​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​អនុវត្តបាន​ចំនួន ៤៧ កន្លែង    ស្មើនឹង ៩២,១៥%  នៃ​ទីតាំង​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន  និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ដែល​កំពុងដំណើរការ (ចំនួន ៥១ កន្លែង) ។

៣- ផ្នែក​រមណីយដ្ឋាន និង​សហគមន៍​អេកូ-ទេសចរណ៍​អនុវត្តបាន​ចំនួន ៥ សហគមន៍ ស្មើនឹង ១០០% នៃ​ចំនួន​សហគមន៍​ទេសចរណ៍​ដែល​នៅ​ដំណើរការ​ចំនួន ០៥ សហគមន៍។

ដោយឡែក​សម្រាប់​អាជីវកម្ម​ដែល​នៅ​សេសសល់ ក្រុមការងារ​នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែមករា ឆ្នាំ២០២១ ។

លោក អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អង្គ​ប្រជុំបាន​ផ្តល់នូវ​អនុសាសន៍​ដល់​ក្រុមការងារ ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួង​ដល់​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​បន្ត​ចុះ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​រហូតដល់​វា​ក់​សាំង​ត្រូវបាន​ចែកចាយ​ទូលំទូលាយ ៕

#អរគុណសន្តិភាព

Leave a Reply