ភ្នំពេញ៖ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និង ស.ស.យ.ក តាមវិស័យនានា បានចុះសួរសុខទុក្ខ និងនាំយកអាវរងា ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ទៅចែកជូនលោកតា លោកយាយ អ៊ុប្រុស ពូ និងបងៗ ដែលប្រកបរបរស៊ីក្លូ កង់បី ម៉ូតូឌុប ផាស់អាប់ ប៉ះកង់ម៉ូតូ និងអ្នករើសអេតចាយ ដែលស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ សំយ៉ាបផ្សារ និងរបងវត្តអារាម សំដៅរួមសុខរួមទុក្ខ និងផ្តល់ភាពកក់ក្តៅក្នុងការលះទេសៈនេះ។

សកម្មភាពនេះ ជាកាយវិការដែលយុវជនតែងតែប្រកាន់ភ្ជាប់អនុវត្តក្នុងស្មារតីយុវជនក្នុងកិច្ចការមនុស្សធម៌ ដែលកន្លមកមិនត្រឹមតែបានជួយរម្លែកទុក្ខលំបាកជាអង្ករ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសំលៀកបំពាក់តែប៉ុណ្ណោះទេ ប៉ុន្តែបានគាំទ្រជាស្មារតី និងបំនិនជីវិតថែមទៀតផង សំដៅធ្វើយ៉ាងណារួមគ្នាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង និងរួមរស់ប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាព ៕







រូបភាព និងប្រភព៖ ស.ស.យ.ក
#អរគុណសន្តិភាព