បរទេស៖ រដ្ឋបាលកូរ៉េខាងត្បូង បានប្រកាសថា នឹងចាប់ផ្ដើមគ្រោងការចែកចាយវ៉ាក់សាំងឱ្យកាន់តែលឿនជាងមុនឡើងទៀត ក្រោយរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ក្លាយពូជ ១ក្រុមដំបូងនៅក្នុងប្រទេស ដែលមានភាពពាក់ព័ន្ធជាមួយវីរុសដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ នៃប្រទេសកូរ៉េខាងត្បូង (KDCA) បានថ្លែងអះអាងកាលពីថ្ងៃម្សិលមិញ (ទី២៨ធ្នូ)ថា រកឃើញអ្នកជំងឺ ៣នាក់ ដែលទើបតែធ្វើដំណើរមកពីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២២ ធ្នូ បានឆ្លងមេរោគកូវីដ-១៩ក្លាយពូជ ដែលវីរុសប្រភេទថ្មីនេះ អាចចម្លងគ្នាទៅវិញទៅមកបានងាយជាងប្រភេទចាស់។
ចំនួនអ្នកឆ្លងមេរោគថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងចំនួន ៨០៨នាក់ក្នុងជុំ ២៤ម៉ោង រហូតដល់យប់ថ្ងៃអាទិត្យ (ទី២៧) ដែលចំនួននេះ អាចនិយាយបានថា បានធ្លាក់ចុះទាបមកវិញច្រើន បើប្រៀបធៀបជាមួយស្ថិតិខ្ពស់បំផុត ចំនួន ១ ២៤១នាក់ កាលពីថ្ងៃសុក្រ (ទី២៥) ធ្វើឱ្យតួលេខអ្នកជំងឺសរុបក្នុងថ្ងៃម្សិលមិញ (ទី២៨ធ្នូ) កើនឡើងដល់ ៥៧ ៦៨០នាក់ និងស្លាប់ ៨១៩នាក់។
យ៉ាងណាក៏ដោយ រដ្ឋបាល បានបញ្ជាក់ថា តួលេខប្រចាំថ្ងៃ ដែលថយចុះនេះ អាចដោយសារតែមានការត្រួតពិនិត្យចម្រាញ់ ធ្វើឡើងបានតិចក្នុងអំឡុងចុងសប្ដាហ៍ និងថែមទាំងស្ថិតក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាករដូវកាលបុណ្យគ្រិស្តស្មាស់ទៀតផង។
ខណៈពេលជាមួយគ្នា រដ្ឋបាលកូរ៉េខាងត្បូង ថែមទាំងបានប្រកាសពន្យារវិធានការគ្រប់គ្រងតឹងរ៉ឹងខាងសង្គមជាបន្តបន្ទាប់ រហូតដល់ដើមខែមករាទៀតផង។
រដ្ឋបាលកូរ៉េខាងត្បូង កំពុងប្រឈមនឹងចរន្តរិះគន់នៅក្នុងប្រទេសយ៉ាងធ្ងន់ធ្ងរ អំពីការរៀបចំទិញ និងមានផែនការចែកចាយវ៉ាក់សាំងដែលយឺតយ៉ាវ និងយូររហូតទៅដល់ត្រីមាសដំបូង នៃឆ្នាំក្រោយ ខណៈដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនពលរដ្ឋក្រុមប្រឈមរបស់ខ្លួនរួចទៅហើយ។
ភាពមិនសប្បាយចិត្ត ក្នុងរឿងវ៉ាក់សាំង នៅតែជាបច្ច័យសំខាន់ ដែលធ្វើឱ្យពិន្ទុនិយមរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ធ្លាក់ចុះ នៅសល់មិនដល់ទាំង ៦០%ផង ដែលអាចហៅបានថា ជាការធ្លាក់ចុះទាបជាប្រវត្តិសាស្ត្រ។ នេះបើតាមការធ្វើប្រជាមតិរបស់ស្ថាប័ន Realmetter ។
ចុងក្រោយបំផុត ក្រសួងសុវត្ថិភាពចំណីអាហារ និងថ្នាំ នៃប្រទេសកូរ៉េខាងត្បូង បានប្រកាស កាលពីថ្ងៃសៅរ៍ (ទី២៧ធ្នូ) ថា ក្រសួងនឹងបង្រួញពេលវេលាក្នុងការអនុម័តរ៉ាប់រងវ៉ាក់សាំង និងវិធីការថែរក្សាទុក ពីរយៈពេលជាមធ្យម ១៨០ថ្ងៃ ឱ្យនៅសល់តែ ៤០ថ្ងៃ ខណៈដែលកម្មវិធីការអនុម័ត ការលក់ដូរ និងចែកចាយ ដែលជាប្រក្រតី ត្រូវស៊ីពេលវេលាអស់ជាច្រើនខែនោះ ក៏នឹងត្រូវប្រញាប់ប្រញាល់ធ្វើឱ្យរួចស្រេច ក្នុងរយៈពេលត្រឹមតែ ២០ថ្ងៃដែរ។
លោក ម៉ូ យ៉ាំងមីន ប្រធានគណៈមន្ត្រីរបស់ទីស្ដីការប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃទី២៧ ថា ក្រុមបុគ្គលិកពេទ្យ និងមនុស្សចាស់ នឹងចាប់ផ្ដើមបានទទួលវ៉ាក់សាំង ជាក្រុមដំបូងគេ ក្នុងខែកុម្ភៈ ខណៈដែលគ្រោងការចាក់វ៉ាក់សាំងជូនប្រជាជនភាគច្រើនរបស់ប្រទេស ក៏នឹងត្រូវបង្ខំធ្វើ ឱ្យកាន់តែលឿនឡើងដែរ។
រដ្ឋបាលកូរ៉េខាងត្បូង មានផែនការស្វែងរកទិញវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រជាជន ៤៦លាននាក់ ឬច្រើនជាង ៨៥% នៃចំនួនប្រជាជនទូទាំងប្រទេស។
លោកម៉ូ បានរំពឹងថា ប្រជាជនកូរ៉េខាងត្បូង នឹងកើតមាន “ប្រព័ន្ធប្រឆាំងជំងឺជាក្រុម” បានលឿន ដំណាលៗគ្នា តាមរយៈការចាក់វ៉ាក់សាំង ឬអាចនឹងលឿនជាងក្នុងប្រទេសជាច្រើនទៀត៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព