ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា «សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ »

សម្ដេចបានបន្តទៀតថា « ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ »
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
- ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០ ។

- កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា២០២០។
#អរគុណសន្តិភាព