You are currently viewing របាយការណ៍​ពិសេស ៖ ឆ្នាំ២០២០ “ជំងឺ​រាតត្បាត​ពិភពលោក” វិបត្តិ​កូ​វីដ-១៩ រងគ្រោះ​គ្រប់គ្នា ទាំង ៧ទ្វីប

របាយការណ៍​ពិសេស ៖ ឆ្នាំ២០២០ “ជំងឺ​រាតត្បាត​ពិភពលោក” វិបត្តិ​កូ​វីដ-១៩ រងគ្រោះ​គ្រប់គ្នា ទាំង ៧ទ្វីប

ឆ្នាំ២០២០ ៖ប្រទេស​នានា បាន​បើកឆាក​ឡើង ដោយ​ការអបអរសាទរ​យ៉ាង​សប្បាយរីករាយ ដូច​រៀងរាល់​ឆ្នាំកន្លងមក តែមាន​ហេតុការណ៍​ខុស​ប្រក្រតី​មួយ បាន​ផ្លាស់ប្ដូរ​ពិភពលោក​យ៉ាង​ធំធេង និង​មិន​ធ្លាប់​កើតមាន​ពីមុនមក បានបង្ហាញ​ខ្លួន​ឡើង​នៅក្នុង​ទីក្រុង វូ​ហាន មណ្ឌល​ហ៊ូ​ពេ​យ ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រដ្ឋបាល​នៅក្នុង​តំបន់​នោះ បាន​រកឃើញ មាន​អ្នក​កើត​ជំងឺ​អាថ៌កំបាំង​មួយ​ជា​ច្រើនសិប​នាក់ មាន​អាការ​រលាក​សួត ស្រដៀង​នឹង​ជំងឺ​សារស៍ (Sars)…។

-ថ្ងៃទី៧ មករា ការឆ្លង​រាលដាល ត្រូវបាន​បញ្ជាក់ថា មាន​ប្រភព​កំណើត​មកពី​មេរោគ “វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

-១១ មករា អ្នកស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​ប្រភេទ​នេះ ជា​បុរស​ម្នាក់ អាយុ ៦១ឆ្នាំ រស់នៅក្នុង​ទីក្រុង​វូ​ហាន។

-២០ មករា អង្គការ​សុខភាព​ពិភពលោក ឬ WHO ថ្លែងការណ៍ អំពី​ការរកឃើញ​អ្នកជំងឺ​នៅក្រៅ​ប្រទេស​ចិន ជា​លើកដំបូង​នៅក្នុង​ប្រទេស​ថៃ តាម​ដោយ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។

-២១ មករា សហរដ្ឋអាមេរិក រកឃើញ​អ្នកជំងឺ​ដំបូង​គេ​របស់​ប្រទេស ជា​បុរស​ម្នាក់​ស្ថិតក្នុង​អំឡុង​អាយុ ៣០ឆ្នាំ រស់នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន។

-២៣ មករា រដ្ឋាភិបាល​ចិន បញ្ជា​ឱ្យ​បង្ខាំង​ខ្លួន​ប្រជាជន​វូ​ហាន ១១លាន​នាក់​ឱ្យនៅ​ដោយឡែក ផ្អាក​សេវាកម្ម​រថភ្លើង និង​យន្តហោះ​ទាំងអស់​ដែល​ចាក​ចេញពី​ក្រុង​វូ​ហាន ចំណែក​ក្នុង​ទីក្រុង​វិញ មានការ​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ រថភ្លើង​ក្រោម​ដី និង​នាវា​ដឹក​អ្នកដំណើរ។

-៣០ មករា WHO ប្រកាសថា ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី គឺជា​សភាវ​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ​លំដាប់​ពិភពលោក ដោយសារតែ​អ្នក​ឆ្លង​មេរោគ​មិន​បង្ហាញ​អាការ ដែល​នៅពេល​នោះបាន​រកឃើញ​រួចហើយ​ចំនួន ៩ ០០០នាក់ នៅក្នុង ១៩ប្រទេស​ទូទាំង​ពិភពលោក។

ខែកុម្ភៈ

-៧ កុម្ភៈ លោក​វេជ្ជបណ្ឌិត លី វឹ​ន​លៀង គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ភ្នែក អាយុ ៣៤ឆ្នាំ នៃ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​វូ​ហាន បានប្រកាស​ដាស់តឿន​មិត្តភក្តិ​គ្រូពេទ្យ​ដូចគ្នា អំពី​ការឆ្លង​រាលដាល​របស់​ជំងឺ​នេះ តែ​ត្រូវ​អាជ្ញាធរ​រដ្ឋ ចាប់ឃុំខ្លួន យកទៅ​អប់រំ​កែសម្រួល​ទស្សន​គតិ និង​បាន​ស្លាប់​ដោយសារ​ឆ្លង​មេរោគ​វីរុស​កំណាច​នេះ​ដូចគ្នា ធ្វើឱ្យ​កើតមាន​ការមិនសប្បាយចិត្ត​ឡើង​នៅក្នុង​សង្គម និង​មានការ​ប្រារព្ធ​ពិធី​កាន់ទុក្ខ និង​រំឭក​គុណ​លោក​វេជ្ជបណ្ឌិត​លី ទូទាំងប្រទេស។

-៩ កុម្ភៈ ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ចំនួន ៨១១នាក់ លើស​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​សារស៍ កាលពី​ឆ្នាំ២០០៣។

-១១ កុម្ភៈ WHO បានប្រកាសថា ជំងឺ​រាតត្បាត​ក្នុង​គ្រានេះ កើតឡើង​ដោយសារ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី និង​មានឈ្មោះ​ជា​ផ្លូវការ​ថា “កូ​វីដ-១៩”

បន្ទាប់ពីនោះ មាន​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក បាន​រកឃើញ​អ្នកជំងឺ ឬ​អ្នកស្លាប់​ជា​បន្តបន្ទាប់ ហើយ​នៅពេលនោះ ប្រទេស​អ៊ីតាលី គឺជា​ប្រទេស​ដែល​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដែល​បាន​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប ចំណែក​ប្រទេស​អ៊ីរ៉ង់ មាន​អ្នកស្លាប់ ៤៣នាក់ ច្រើនជាង​ប្រទេស​ចិន ដែលជា​ប្រទេស​កើត​ជំងឺ​នេះ​ដំបូង​គេ នៅ​ថ្ងៃទី២៨ កុម្ភៈ។

-២៩ កុម្ភៈ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក បានប្រកាស​កម្រិត​ការធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់ រួមទាំង​លើកកម្ពស់​ការ​ដាស់តឿន​ការធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីតាលី និង​កូរ៉េខាងត្បូង ហើយ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ សហរដ្ឋអាមេរិក បាន​រកឃើញ អ្នកស្លាប់​ដំបូង​គេ​នៅក្នុង​ប្រទេស ជា​បុរស​ម្នាក់ អាយុ ៥០ឆ្នាំ រស់នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន។

ខែមីនា

-១ មីនា ថៃ ជា​ប្រទេស​ទី១០ ក្នុង​ពិភពលោក ដែលមាន​អ្នកស្លាប់​ដំបូង​គេ​ដោយសារ​ជំងឺ​កូ​វីដ-១៩ ជា​មនុស្ស​ប្រុស អាយុ ៣៥ឆ្នាំ។

-៣ មីនា រដ្ឋបាល​ទីក្រុង​វូ​ហាន បាន​ដឹកជញ្ជូន​អ្នកជំងឺ​កូ​វីដ-១៩ ទៅ​ឯ​មន្ទីរពេទ្យ លើ​យ​ឈឹ​ន​សាន ដែល​ទើប​សាងសង់ឡើង​ថ្មី ដើម្បី​ទុក​ព្យាបាល​អ្នក​ឆ្លង​មេរោគ​វីរុស​មរណៈ​នេះ​ដោយឡែក និង​សាងសង់ឡើង​ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ១០ថ្ងៃ​ប៉ុណ្ណោះ និង​ជា​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ទី២ នៅក្នុង​ទីក្រុង​វូ​ហាន បន្ទាប់ពី​មន្ទីរពេទ្យ ហួ​ឈឹ​ន​សាន។

(សូម​រង់ចាំ​អាន​បន្ត​នៅ​ថ្ងៃស្អែក)

ប្រភព៖ សារព័ត៌មាន​បរទេស

បកប្រែ និង​កែសម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

Leave a Reply