ភ្នំពេញ៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបផ្នែកខាងឆ្វេងមួយធ្វើអំពីថ្មភក់ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងព្រៃខាងត្បូងប្រាសាទបាយ័ន្ត ចម្ងាយប្រហែល ៣០០ម៉ែត្រ ។

ចម្លាក់នោះមានទំហំបណ្តោយ ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់ ០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយដែរ។
ចម្លាក់ដែលមានត្រឹមកដៃ និងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថា កាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយស្ថាប័នមានសមត្ថកិច្ច នគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់-ទទួល និងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត ៕