ភ្នំពេញ÷ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង ៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ ១០០៣ ផ្លូវបត់ចូលផ្សារទំនើប អេអន ម៉ល សែនសុខ ស្របប្រឡាយមេ ខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។

មហាវិថីនេះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ៕