You are currently viewing ឯកឧត្តម សាយ សំ​អាល់ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ពហុ​វិស័យ

ឯកឧត្តម សាយ សំ​អាល់ ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន​ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ពហុ​វិស័យ

ភ្នំពេញ÷ ឯកឧត្តម សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ  បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​សហការគ្នា យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ពិសេស​គឺ​ការផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត សំដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ជឿទុកចិត្ត និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម សាយ សំ​អាល់ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ថ្ងៃ​សៅរ៍៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុង​សាលាខេត្ត​ព្រះសីហនុ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គណៈ​អភិបាលខេត្ត​ព្រះសីហនុ អភិបាលក្រុង-ស្រុក ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ ជាច្រើនរូប​ផងដែរ។

បន្ទាប់ពី​សេចក្តីរាយការណ៍​ពី​លទ្ធផល​ការងារ​នៃ រដ្ឋបាលខេត្ត​ព្រះសីហនុ ឯកឧត្តម សាយ សំ​អាល់ បានដាក់​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្រុមការងារ​ថ្នាក់ជាតិ មន្ទីរជំនាញ និង​មន្ត្រី​តាម​មូលដ្ឋាន ដូចខាងក្រោម៖

១៖ បន្ត​ខិតខំ​បន្ត​ថែមទៀត ដោះស្រាយ​ចំណុច​សេសសល់​រាល់​បញ្ហា សំណូមពរ របស់​ប្រជាពលរដ្ឋ និង​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណ:ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានល្អ​បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​បម្រើ និង​ឆ្លើយតប​នឹង​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាពលរដ្ឋ។

 

២៖ បន្ត​ជំរុញ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជា​ខេត្ត ទៅជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​វិស័យ​ដ៏​រឹងមាំ បន្ថែម​លើ​សក្តានុពល​វិស័យ​ទេសចរណ៍ ជំរុញ​ការទាក់ទាញ​វិនិយោគ និង​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ដើម្បី​ធានា​និរន្តរភាព​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

 

៣៖ លើកទឹកចិត្ត​និង​ផ្តល់ឱកាស​ពង្រឹងសមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ជាពិសេស​មន្ត្រី​វ័យក្មេង​ឱ្យចូល​រួម​បំពេញការងារ  និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែម ដើម្បី​បម្រើ​ជាតិ​មាតុភូមិ ឆ្ពោះទៅ​ការអភិវឌ្ឍ​ដោយ​ចីរភាព៕

Leave a Reply