You are currently viewing ស្លាប់​ឡើង​ធុញ!! កូ​វីដ សម្លាប់​ជីវិត​ប្រជាជន​អាមេរិក ១ថ្ងៃ​ជិត ៤ ៥០០នាក់ ជា​ចំនួន​ខ្ពស់បំផុត ចាប់តាំងពី​មានការ​ឆ្លង​រាលដាល

ស្លាប់​ឡើង​ធុញ!! កូ​វីដ សម្លាប់​ជីវិត​ប្រជាជន​អាមេរិក ១ថ្ងៃ​ជិត ៤ ៥០០នាក់ ជា​ចំនួន​ខ្ពស់បំផុត ចាប់តាំងពី​មានការ​ឆ្លង​រាលដាល

អាមេរិក៖ ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ ដោយសារ​កូ​វីដ-១៩ នៅក្នុង​សហរដ្ឋអាមេរិក បាន​បំបែក​ស្ថិតិ​ចាស់​ជាថ្មី​ម្ដងទៀត ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​មក ដល់​ជិត ៤ ៥០០នាក់។ នេះ​បើតាម​ទិន្នន័យ​របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ កាលពី​អំឡុងពេល​ព្រលប់ នៃ​ថ្ងៃ​អង្គារ(ទី១២មករា) តាម​ម៉ោង​ក្នុងស្រុក ខណៈ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប ស្ថិតក្នុង​តួលេខ​ប្រមាណ ២២,៨លាន​នាក់។

វិបត្តិ​សុខភាព​សាធារណៈ នៅក្នុង​សហរដ្ឋអាមេរិក នៅតែ​ស្ថិត​នៅក្រៅ​ការគ្រប់គ្រង និង​ទិន្នន័យ​កាលពី​ថ្ងៃ​អង្គារ(ទី១២មករា) អាច​និយាយបានថា ជា​លើកដំបូង​ហើយ​ដែល​ប្រទេសមួយ​នេះ បាន​រង​ផលប៉ះពាល់ ពី​ជំងឺ​រាតត្បាត​ដ៏​ធំ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក ដោយមាន​អ្នកស្លាប់​លើស ៤ ០០០នាក់ ក្នុង​ជុំ ២៤ម៉ោង (១ម៉ោង ស្លាប់​ជាង ១៨០នាក់)។

តាម​ទិន្នន័យ​របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ រហូតដល់​ម៉ោង ២០.៣០នាទី តាម​ម៉ោង​នៅក្នុង​ស្រុក(ត្រូវ​នឹង​ម៉ោង ៨.៣០ព្រឹក ថ្ងៃ​ពុធ ទី១៣ មករា) សហរដ្ឋអាមេរិក បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្នុង​តែ ១ថ្ងៃ​គត់ ចំនួន ២៣៥ ០០០នាក់ និង​ស្លាប់ ៤ ៤៧០នាក់ ដោយពេល​នេះ មាន​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ដេក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ប្រមាណ​ជា ១៣១ ០០០នាក់​ទៀត។

ចំណែក​អត្រា​ជា​មធ្យម ប្រចាំ​សប្ដាហ៍​របស់​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ក៏​អាច​និយាយបានថា ខ្ពស់បំផុត​ដូចគ្នា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​មក។

ដោយ​ត្រូវ​ប្រឈម​នឹង​តួលេខ​ដ៏​គួរឱ្យ​សោកសៅ​នេះ និង​ការបង្ហាញ​ខ្លួន​របស់​កូ​វីដ-១៩ ក្លាយ​ពូជ ដែល​អាច​ចម្លង​មេរោគ​បាន​ងាយ​ជាង​មុន​ផង​នោះ អាជ្ញាធរ​អាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ(ទី១២មករា) ថា បុគ្គល​ណាក៏ដោយ ដែល​មានបំណង​ធ្វើដំណើរ​ចូលមក​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវតែ​បង្ហាញ​ឯកសារ​ពិសោធន៍​ថា មាន​លទ្ធផល​ពិនិត្យ​កូ​វីដ-១៩ អវិជ្ជមាន មុនពេល​ចេញដំណើរ​ពី​គោលដៅ។

ក្រោយពី​ការទន្ទឹងរង់ចាំ​ដ៏​យូរ​មក ទីបំផុត​សហរដ្ឋអាមេរិក ក៏បាន​ចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជា​ក្រុម កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំទៅ បន្ទាប់ពី​បានអនុម័ត​ឱ្យប្រើ​វ៉ាក់សាំង ២ប្រភេទ ក្នុង​ក្ដី​សង្ឃឹមថា នឹង​បញ្ចប់​វិបត្តិ​ផ្នែក​សុខភាព​សាធារណៈ​មួយ​នេះ​ឱ្យបាន។

តែ​យ៉ាងណាក្ដី ការព្យាយាម​ទាំងនោះ បាន​ដំណើរការ​ទៅមុខ យ៉ាង​យឺតយ៉ាវ ដោយ​មកដល់ពេលនេះ ទើប​តែមាន​ប្រជាជន​ត្រឹមតែ ៩,៣លាន​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​វ៉ាក់សាំង ១ដូ​ស​ដំបូង​រួចហើយ ពី​ចំនួន​ដែល​ត្រូវ​ចាក់​ទាំងអស់ ២ដូ​ស ឬ​គិត​ជា​ភាគរយ មិន​ដល់​ទាំង ១០% នៃ​ចំនួន​ប្រជាជន​ទាំងអស់​ផង។

រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​លើ​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូ​វី-១៩ សរុប​ជាង ២២,៨លាន​នាក់ និង​ស្លាប់​ទៅហើយ ប្រមាណ ៣៨០ ០០០នាក់ គិត​ចាប់តាំងពី​មានការ​ឆ្លង​រាលដាល រហូតមកដល់​ពេលនេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply