You are currently viewing នៅពេល​ផ្ទះ​ក្លាយជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ តើ​ប្រទេស​ជប៉ុន កើត​វិបត្តិ​ធំ​ប៉ុនណា?

នៅពេល​ផ្ទះ​ក្លាយជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ តើ​ប្រទេស​ជប៉ុន កើត​វិបត្តិ​ធំ​ប៉ុនណា?

នៅពេលផ្ទះក្លាយជាប្រភពចម្លងមេរោគកូវីដ តើប្រទេសជប៉ុន កើតវិបត្តិធំប៉ុនណា?

បរទេស៖ ប្រទេស​ជប៉ុន​កំពុង​ដុនដាប​ខ្លាំង ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩ វាយប្រហារ​យ៉ាងខ្លាំង​ក្លា និង​ឥត​ស្រាកស្រាន្ត…មន្ទីរពេទ្យ​លែងមាន​គ្រែ​គ្រប់គ្រាន់, អ្នកជំងឺ​ត្រូវ​ព្យាបាល​ខ្លួនឯង​នៅផ្ទះ, ការឆ្លង​មេរោគ​ក្នុង​ក្រុមគ្រួសារ​កំពុង​ហក់​ឡើង​ខ្ពស់ បន្ថែម​ពីលើ​ភាព​ធុញថប់​តានតឹង​ខាង​ផ្លូវចិត្ត រហូតដល់​អ្នកជំងឺ​ជាច្រើន​នាក់ ធ្វើអត្តឃាត។

ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ជប៉ុន ដែលមាន​អ្នក​ឆ្លង​ថ្មី ច្រើនជាង ៥ ០០០នាក់​ក្នុង ១ថ្ងៃ បានធ្វើឱ្យ​គ្រែ​នៅក្នុង​មន្ទីរពេទ្យ​លែងមាន​គ្រប់គ្រាន់ ដោយ​ខណៈ​ពេលនេះ មាន ១៣ខេត្តហើយ ដែល​គ្រែ​សម្រាប់​អ្នកជំងឺ ពេញ​អស់​គ្មាន​នៅសល់ ហើយ​ជាង ៥០% នៃ​អ្នកជំងឺ​ដែល​មិនមាន​អាការ ឬ​អាការ​បាន​ធូរស្រាល​ហើយ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅឯ​ផ្ទះ​វិញ។

ក្រសួងសុខាភិបាល ពលករ និង​សុខុមាលភាព​របស់​ជប៉ុន បាន​បញ្ជាក់ថា ខណៈ​នេះ ទូទាំងប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ដែល​ត្រូវ​ព្យាបាល​ខ្លួន​នៅក្នុង​ផ្ទះ ច្រើនជាង ៣០ ០០០នាក់។ ក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត៣ ជុំវិញ គឺ​ខេត្ត​សៃ​តា​ម៉ាក់, ឈិ​បាក់ និង​ខា​ណា​ង៉ា​វ៉ា​ក់ មាន​អ្នក​ឆ្លង​មេរោគ ដែល​ត្រូវ​ព្យាបាល​នៅផ្ទះ​ច្រើនជាង ២០ ០០០នាក់ ចំណែក​ទីក្រុងធំៗផ្សេងទៀត ក៏មាន​ចំនួន​អ្នក ដែល​ត្រូវ​ព្យាបាល​ខ្លួន​នៅផ្ទះ កើនឡើង​ឥតឈប់ឈរ​ដែរ។

ការ​គេង​ព្យាបាល​ខ្លួន​នៅផ្ទះ បាន​សាង​ភាព​ប្រឈម​ក្នុងការ​ចម្លង​មេរោគ ទៅ​មនុស្ស​ក្នុង​ក្រុមគ្រួសារ ដែល​ខណៈ​នេះ​ការឆ្លង​មេរោគ​នៅក្នុង​ក្រុមគ្រួសារ​នេះ បាន​ក្លាយជា​ក្រុម​ចម្លង​មេរោគ ដែល​ធំ​បំផុត។ នៅពេល​ពិចារណា​មើល​ពី​ប្រភព​នៃ​ការចម្លង​មេរោគ​វិញ គេ​រកឃើញថា ការឆ្លង​មេរោគ​ក្នុង​ក្រុមគ្រួសារ គិត​ជា​ភាគរយ ច្រើន​ដល់​ទៅ ៥៧,២ភាគរយ, ឆ្លង​ពី​ភោជនីយដ្ឋាន ១០,៨ភាគរយ, ឆ្លង​ពី​កន្លែងធ្វើការ ៦,៩ភាគរយ, ឆ្លង​ពី​ទីកន្លែងផ្សេងៗ ៦,៣ភាគរយ ចំណែក​ការឆ្លង​ពី​កន្លែង​កម្សាន្ត មាន​ត្រឹមតែ ០,៧ភាគរយ​ប៉ុណ្ណោះ។

នៅពេលផ្ទះក្លាយជាប្រភពចម្លងមេរោគកូវីដ  តើប្រទេសជប៉ុន កើតវិបត្តិធំប៉ុនណា?

ការឆ្លង​មេរោគ​ក្នុង​ក្រុមគ្រួសារ ដែល​កើនឡើង​យ៉ាងច្រើន ធ្វើឱ្យ​ក្រសួងសុខាភិបាល ត្រូវ​ចេញ​សេចក្ដីណែនាំ ដូចជា ត្រូវ​ពាក់​ម៉ាស់​ការពារ ទោះបីជា​នៅក្នុង​ផ្ទះ​ក៏ដោយ, បើក​បង្អួច ឱ្យ​ខ្យល់អាកាស​ចេញ-ចូល​ជាប់​ជានិច្ច, ចែក​បន្ទប់​គ្នា​គេង និង​ញ៉ាំ​បាយ​ដាច់ដោយឡែក​ពីគ្នា ជាដើម ប៉ុន្តែ ផ្ទះ​ជប៉ុន មាន​ទីធ្លា​ចង្អៀត សមា​ជិ​ក្នុង​ក្រុមគ្រួសារ​រស់នៅ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ធ្វើឱ្យ​ពិបាក​ខ្លាំងណាស់​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​នៅក្នុង​ផ្ទះ។

នៅ​ទីក្រុង​អូ​សា​កា ទើបតែ​មាន​ករណី​មនុស្ស​នៅក្នុង​ក្រុមគ្រួសារ ៥នាក់​ឆ្លង​មេរោគ​កូ​វី-១៩  ចំណែក​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ចំនួន​អ្នក​ឆ្លង​មេរោគ​ក្នុង​ក្រុមគ្រួសារ បាន​ស្ទុះ​ឡើង រហូតដល់​អត្រា ៥៥% ។ គ្រប់គ្នា ម្នាក់ៗ រង់ចាំ​គ្រែ​ទំនេរ​នៅក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ច​ត្តា​ឡី​ស័ក ព្រោះ​ដឹង​ច្បាស់​ថា ការព្យាបាល​ខ្លួន​នៅផ្ទះ ស្ទើរតែ​មិនអាច​ការពារ​ការឆ្លង​មេរោគ ជាមួយ​សមាជិក​ក្នុង​ក្រុមគ្រួសារ​បានឡើយ។

ទិន្នន័យ​របស់​ក្រសួងសុខាភិបាល បាន​រកឃើញថា ខណៈ​នេះ​ទូទាំងប្រទេស​ជប៉ុន មាន​អ្នក​សមល្មម​នឹង​ចូល​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ ច្រើនជាង ៧០ ០០០នាក់ តែមាន​អ្នក​ដែល​បាន​ចូល​ព្យាបាល​ខ្លួន​ក្នុង​មន្ទីរពេទ្យ ត្រឹមតែ ១៤ ៨០៦នាក់​ប៉ុណ្ណោះ ហើយ​ទីកន្លែង​ព្យាបាលផ្សេងៗ ចាំបាច់​ត្រូវ​បម្រុង​គ្រែ​ទុក​សម្រាប់​អ្នកជំងឺ​អាការ​ធ្ងន់ ដែល​កំពុង​កើន​ច្រើន​ឡើងជា​បន្តបន្ទាប់។

ចំណែក​អ្នកជំងឺ ដែល​កំពុង​ព្យាបាល​ខ្លួន​នៅតាម​សណ្ឋាគារ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ប្រមាណ ៧ ៧៨១ និង​ក្នុង​រយៈពេល ១០ថ្ងៃ​កន្លងមក ចំនួន​នេះ​បាន​កើនឡើង​ច្រើនជាង ២ ០០០នាក់។ ទីកន្លែង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ក៏មាន​មិន​គ្រប់គ្រាន់​ដូចគ្នា ហើយ​អ្នក​ឆ្លង​មេរោគ ត្រូវ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង​ទាំងអស់។

អ្នកជំងឺ ដែល​មិនអាច​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទីរពេទ្យ និង​សណ្ឋាគារ​បាន ត្រូវ​ព្យាបាល​ខ្លួន​នៅឯ​ផ្ទះ បាន​កើន​ឡើងដល់​ជាង​ទ្វេដង គឺ ២,៦ដង។ ក្នុង​ខែមករា​នេះ មាន​អ្នក​ដែល​ព្យាបាល​ខ្លួន​នៅផ្ទះ ក្នុង​ខេត្ត​ដែល​ប្រកាស​ស្ថានការណ៍​អាសន្ន បាន​ស្លាប់​យ៉ាងតិច ៧នាក់។ អ្នកស្លាប់ មាន​ទាំង​អ្នក​ដែលមាន​អាការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ តែ​គ្មាន​មន្ទីរពេទ្យ​ទំនេរ និង​អ្នក​ដែល​ធ្វើអត្តឃាត ព្រោះតែ​ភាព​តានតឹង​ធុញថប់ ដែល​ខ្លួនឯងបាន​ឆ្លង​មេរោគ​កូ​វីដ។

នៅពេលផ្ទះក្លាយជាប្រភពចម្លងមេរោគកូវីដ  តើប្រទេសជប៉ុន កើតវិបត្តិធំប៉ុនណា?

ការព្យាបាល​ខ្លួន​នៅផ្ទះ អ្នកជំងឺ​ច្រើនតែ​នៅ​ម្នាក់ឯង គ្មាន​អ្នក​មើលថែ ធ្វើឱ្យមាន​ភាព​តានតឹង​ធុញថប់ និង​សម្ពាធ​ផ្លូវចិត្ត​កាន់តែខ្លាំង​ឡើង គួបផ្សំ​នឹង​សង្គម​ជនជាតិ​ជប៉ុន ដែល​តែងតែ​បន្ទោស​ខ្លួនឯង បើសិនជា​ខ្លួនឯង បាន​បង្ក​ភាពលំបាក​លំបិន​ឱ្យ​មនុស្ស​ជុំវិញខ្លួន​ផង​នោះ ធ្វើឱ្យ​អ្នក​ឆ្លង​មេរោគ ត្រូវ​ប្រឈម​ទាំង​បញ្ហា​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត។

អ្នកជំនាញ បានផ្ដល់​ការយល់ឃើញថា អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ជនជាតិ​ជប៉ុន ច្រើនតែ​បន្ទោស​ខ្លួនឯង​ថា បាន​ចម្លង​មេរោគ​ទៅ​អ្នក​ឯទៀត និង​ខ្លាចក្រែង​ថា នឹងត្រូវ​សង្គម​ដាក់ទណ្ឌកម្ម។ ក្រៅពីនេះ ការព្យាបាល​ខ្លួន​នៅផ្ទះ ថែមទាំង​បង្ក​ភាព​ធុញថប់​តានតឹង​ថា “ឈឺ​ហើយ នៅតែ​ត្រូវធ្វើ​ការងារ​ផ្ទះ​ទៀត” រួមទាំង​អ្នកជំងឺ នឹងមាន​អារម្មណ៍​ឯកោ​ម្ដងបន្តិចៗ ដោយសារតែ​មិនអាច​មានប​ដិ​សម្ព័ន្ធ​ជាមួយ​មនុស្សម្នា​ឯទៀត​បាន៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply