You are currently viewing គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ១០សម្រេចបាន ៤៣,៧៥ %

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ១០សម្រេចបាន ៤៣,៧៥ %

ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០សម្រេចបាន​ប្រមាណ ៤៣,៧៥ % ដោយ​គិត​ត្រឹម​ខែធ្នូ  ឆ្នាំ ២០២០ បន្ទាប់ពី​បានប្រកាស​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។

នេះ បើ​យោងតាម​លទ្ធផល​នៃ​ការដឹកនាំ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ១០ ដោយមាន​ការសហការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​របស់ បុ​ង ប៊ុន​ហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ដើម្បី​ធ្វើឱ្យមាន​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ជា​ប្រយោជន៍​ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់ និង​រក្សា​អេកូ​ទេសចរណ៍ធម្មជាតិ​តំបន់។

លោក​រដ្ឋលេខាធិការ​រូបនេះ​បាន​ក្រើន​ន​រំឭក​ដល់​ក្រុមហ៊ុន​សាងសង់ CRBC និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស WACC បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការងារ​សាងសង់​ឱ្យមាន​ប្រសិទ្ធភាព និង​ស្របតាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០នេះ ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ១៨៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ត្រូវ​បានប្រកាស​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្លាប់បាន​ឱ្យដឹងថា ផ្លូវជាតិ​លេខ១០នេះ នឹងត្រូវ​សាងសង់​ស្របទៅតាម​ស្តង់ដារ ផ្លូវថ្នល់​កម្រិត៣ នៃ​បទដ្ឋាន​បច្ចេកទេស​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប៩ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែល​នឹងត្រូវ​ប្រើ​រយៈពេល​សាងសង់៤៨ខែ គិត​ចាប់​ខែធ្នូ ឆ្នាំ២០១៩ ដល់​ខែធ្នូ ឆ្នាំ២០២៣ ។

ផ្លូវជាតិ​លេខ១០ មាន​ប្រវែង​សរុប​ចំនួន១៩៨,៧១គីឡូម៉ែត្រ គិត​ចាប់ពី​តំបន់​វាលវែង​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តបាត់ដំបង ស្រុក​សំឡូត និង​បន្ត​ឆ្ពោះទៅកាន់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវជាតិ​មួយ​ខ្សែ​នេះ គឺមាន​សារៈ​សំខាន់បំផុត សម្រាប់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​រវាង​ខេត្ត​ទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ហើយក៏​អាស្រ័យ​ផល និង​ផ្តល់​ភាពងាយស្រួល​ដល់​ខេត្ត​ជិតខាង​មួយចំនួនទៀត​ផងដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា បើទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វា​មិនមែនជា​ឧបសគ្គ​របស់​កម្ពុជា​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ធ​នៅ​ទូទាំងប្រទេស​នោះទេ។ ផ្ទុយទៅវិញ​នៅក្នុង​កាលៈទេសៈ​នេះ កម្ពុជា​បាន​ព្យាយាម​ជំនះ និង​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យសំខាន់ៗ មួយចំនួន​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត៕

#អរគុណសន្តិភាព

Leave a Reply