You are currently viewing Astrazeneca ប្រញាប់​ឆ្លើយតប ក្រោយ​ល្បី​ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ខ្លួន សឹងតែ​គ្មាន​ប្រសិទ្ធភាព​លើ​មនុស្ស​អាយុ ៦៥ឆ្នាំ​ឡើង

Astrazeneca ប្រញាប់​ឆ្លើយតប ក្រោយ​ល្បី​ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ខ្លួន សឹងតែ​គ្មាន​ប្រសិទ្ធភាព​លើ​មនុស្ស​អាយុ ៦៥ឆ្នាំ​ឡើង

អ៊ែ​ស្ត្រា​ហ្សេ​នេ​កា (Astrazeneca)៖  កាលពី​ថ្ងៃ​ចន្ទ(ទី២៥) បាន​ចេញមក​បដិសេធ ដំណឹង​ចចាមអារ៉ាម ដែលថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ របស់ខ្លួន មាន​ប្រសិទ្ធភាព ត្រឹមតែ​បន្តិចបន្តួច​លើ​បុគ្គល ដែលមាន​អាយុ​លើស ៦៥ឆ្នាំ​ឡើង ក្រោយពី​បណ្ដាញសារព័ត៌មាន​អាល្លឺម៉ង់ មាន​របាយការណ៍​ថា ក្រុមមន្ត្រី បារម្ភ​ខ្លាចក្រែង វ៉ាក់សាំង​មួយ​នេះ អាច​មិនបាន​ទទួលបាន​ការឯកភាព​នៅក្នុង​សហភាព​អឺរ៉ុប សម្រាប់​ឱ្យប្រើ​ជាមួយ​មនុស្ស​វ័យ​ចំណាស់។

Handelsblatt និង Bild សារព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់ បាន​រាយការណ៍​ថា វ៉ាក់សាំង​ដែល​សហការគ្នា​អភិវឌ្ឍ រវាង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ជាមួយ​មហាវិទ្យាល័យ អុក​ស្វ៉​ដ មាន​ប្រសិទ្ធភាព​ត្រឹមតែ ៨% ឬ​មិន​ដល់ ១០%តាម​លេខ​រៀង លើ​បុគ្គល​ដែលមាន​អាយុ​លើស ៦៥ឆ្នាំ​ឡើង។

ទិន្នន័យ​ទាំងនេះ បានធ្វើឱ្យ​មន្ត្រី​នៃ​ប្រទេស​អាល្លឺម៉ង់ មាន​ក្ដីកង្វល់​ថា វ៉ាក់សាំង​នេះ អាច​មិន​បានទទួល​ការអនុម័ត ពី​អង្គការ​ឱសថ នៃ​សហភាព​អឺរ៉ុប(EMA) សម្រាប់​ប្រើ​ជាមួយ​បុគ្គល​ដែលមាន​អាយុ​លើស ៦៥ឆ្នាំ​ឡើង។ នេះ​បើតាម​របាយការណ៍​រប​ស់ Bild ច្បាប់​អន​ឡាញ។

របាយការណ៍​ព័ត៌មាន​នេះ បាន​ក្លាយជា​ចំណុច​បញ្ហា​របស់ Astrazeneca បន្ទាប់ពី​ខាង​ក្រុមហ៊ុន បាន​ជូនដំណឹង​ទៅ​សហភាព​អឺរ៉ុប ឬ EU កាលពី​ថ្ងៃ​សុក្រ(ទី២២មករា) ថា នឹងមាន​ការផ្ទេរ-ប្រគល់​វ៉ាក់សាំង​ជូន​សហភាព​អឺរ៉ុប ទាប​ជាង​គោលដៅ ដោយសារតែ​មកពី​បញ្ហា​ផ្នែក​ការផលិត។

ក្ដី​អស់សង្ឃឹម បានចាប់ផ្ដើម​បង្ក​ខ្លួន​ខ្លាំង​ឡើង នៅក្នុង​ក្រុម​ប្រទេសផ្សេងៗ របស់​សហភាព​អឺរ៉ុប ដោយសារតែ​កាលពីពេល​មុននេះ ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ និង​សម្ព័ន្ធមិត្ត គឺ បៃ​អូ​អេ​ន​ថេ​ក ក៏បាន​ជូនដំណឹង អំពី​ការកាត់បន្ថយ​ការផ្ទេរ-ប្រគល់​វ៉ាក់សាំង​កូ​វីដ-១៩ ទៅឱ្យ​អឺរ៉ុប ជា​បណ្ដោះអាសន្ន​ដូចគ្នា​ដែរ កាលពី​ពាក់កណ្ដាល​ខែមករា ធ្វើឱ្យ​រដ្ឋបាល​នៃ​ប្រទេស​ជាច្រើន​ក្នុង​អឺរ៉ុប សម្ដែង​ការមិន​ពេញចិត្ត ខណៈដែល​ប្រទេស​ផ្សេងទៀត ដូចជា​អ៊ីតាលី ជាដើម បាន​គំរាម​ដំណើរការ​តាមផ្លូវ​ច្បាប់។

Astrazeneca បាន​ឆ្លើយតប​នឹង​ព័ត៌មាន​ចចាមអារ៉ាម​នោះ ជា​លាយលក្ខណ៍អក្សរ ដោយបាន​បញ្ជាក់ថា របាយការណ៍​របស់​សារព័ត៌មាន​អាល្លឺម៉ង់ ដែល​ប្រាប់ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់​ពួកគេ បង្ហាញ​ប្រសិទ្ធភាព​ក្នុង​កម្រិត​ទាប​ខ្លាំង នៅលើ​មនុស្ស​ចាស់​នោះ “មិន​ត្រឹមត្រូវ​ទាំងអស់។

ក្រុមហ៊ុន​មួយ​នេះ បាន​បញ្ជាក់ថា គណៈកម្មការ​រួម​ផ្នែក​វ៉ាក់សាំង និង​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ នៃ​ចក្រភព​អង់គ្លេស បាន​គាំទ្រ​ការប្រើ​វ៉ាក់សាំង​របស់​ពួកគេ (Astrazeneca) លើ​មនុស្ស​ចាស់ជរា ព្រមទាំង​បាន​អះអាងថា តាមរយៈ​ការវិភាគ​ឈាម របស់​អ្នកស្ម័គ្រចិត្ត​វ័យ​ចំណាស់ ដែល​បាន​ចូលរួម​ក្នុង​ការពិសោធ​សាកល្បង បាន​រកឃើញ ការ​តបស្នង​ខាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ដែល​រឹងមាំ​ល្អ ចំពោះ​វ៉ាក់សាំង​របស់ខ្លួន។

ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៣០ ធ្នូ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​អនុម័ត​លើ​វ៉ាក់សាំង​មួយ​នេះ ដែល​ប្រើ​ក្នុង​បរិមាណ ២ដូ​ស និង​មិនបាន​កំណត់​ខ​កម្រិត ផ្នែក​អាយុ​របស់​មនុ​ស្សវ័យ​ចំណាស់​នោះទេ និង​រហូតមក​ដល់ពេលនេះ គ្រោង​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ កំពុង​តម្រង់​ឆ្ពោះទៅរក​មនុស្ស​វ័យ​ចំណាស់ និង​បណ្ដា​មន្ត្រី​សុខាភិបាល​មុនគេ។

ការសាកល្បង​របស់ Astrazeneca នៅក្នុង​ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​នៅលើ​បុគ្គល​វ័យ​ចំណាស់ អាយុ​មិន​លើស ៥៥ឆ្នាំ ដោយសារតែ​រយៈ​ដំបូង ពួកគេ​បាន​តម្រង់​ភាព​សំខាន់​ទៅលើ​បុគ្គលិក​ផ្នែក​សុខភាព​សាធារណៈ និង​បណ្ដា​មន្ត្រី​ក្នុង​ជួរមុខ ចំណែក​ក្រុម​អ្នកស្ម័គ្រចិត្ត​វ័យ​ចំណាស់ ទើបតែ​ត្រូវបាន​កេណ្ឌ​ឱ្យមក​ចូលរួម​ការសាកល្បង​នៅពេល​ក្រោយ​ប៉ុណ្ណោះ។

បណ្ដា​អ្នកស្រាវជ្រាវ របស់​មហាវិទ្យាល័យ​អុក​ស្វ៉​ដ បានបញ្ជាក់​នៅក្នុង​ឯកសារ​ដែល​ផ្សព្វផ្សាយ​នៅក្នុង The Lancet ព្រឹត្តិបត្រ​ផ្នែក​វេជ្ជសាស្ត្រ កាលពី​ថ្ងៃទី៨ ធ្នូ ឆ្នាំ​កន្លងទៅ ក្នុង​គ្រា​ដែលមាន​ការផ្សព្វផ្សាយ អំពី​សេចក្ដីលម្អិត​នៃ​ការសាកល្បង​វ៉ាក់សាំង នៅក្នុង​ចក្រភព​អង់គ្លេស និង​ប្រទេស​ប្រេ​ស៊ី​ល​ថា ទិន្នន័យ​ប្រសិទ្ធភាព របស់​វ៉ាក់សាំង​លើ​អ្នក​ឆ្លង​មេរោគ​ក្នុង​វ័យ​ចំណាស់ ហាក់ដូចជា​នៅមានកម្រិត។

ពួកគេ(អ្នកស្រាវជ្រាវ​ខាងលើ) បានបញ្ជាក់​នៅក្នុង​ឯកសារ​នោះ​ថា “ទិន្នន័យ​ប្រសិទ្ធភាព​លើ​មនុស្ស​ក្រុម​នេះ បច្ចុប្បន្ន ត្រូវ​កម្រិត​ដោយ​ករណី(អ្នក​ឆ្លង​មេរោគ) ចំនួន​តិចតួច តែ​ទិន្នន័យ​បន្ថែម នឹង​រកបាន​នៅក្នុង​ការវិភាគ​នាពេល​អនាគត។

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply