You are currently viewing ក្រុមការងារ​អង្គការ​សុខភាព​ពិភពលោក ចូល​ពិនិត្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ ហ៊ូ​ពេ​យ

ក្រុមការងារ​អង្គការ​សុខភាព​ពិភពលោក ចូល​ពិនិត្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ ហ៊ូ​ពេ​យ

WHO៖ ក្រុមការងារ​ពិសេស​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​ចូលទៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ ២កន្លែង នៅក្នុង​មណ្ឌល ហ៊ូ​ពេ​យ ដោយមាន​មន្ត្រី​របស់​រដ្ឋបាល​ចិន “តាមមើល​ថែទាំ​យ៉ាង​ជិតដិត។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃទី១ កុម្ភៈ ថា ក្រុម​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បាន​ចូលទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​រោគ ២កន្លែង គឺ​មជ្ឈមណ្ឌល​លំដាប់​ទីក្រុង​វូ​ហាន ទីក្រុង​ឯក​របស់​មណ្ឌល​ហ៊ូ​ពេ​យ និង​ទីស្នាក់ការ​លំដាប់​មណ្ឌល នៅវេលា​រសៀល នៃ​ថ្ងៃ​ចន្ទ តាម​ម៉ោង​ក្នុងស្រុក ដោយ​ក្រុម​អ្នកជំនាញការ បាន​ប្រើ​ពេលវេលា​នៅក្នុង​មជ្ឈមណ្ឌល​ទាំង ២កន្លែង​នោះ “អស់​ជាច្រើន​ម៉ោង” ដែល​អាច​និយាយបានថា “យូរ​ជាងគេ​បំផុត” ចាប់តាំងពី​ចាប់ផ្ដើម​ភារកិច្ច​ចុះ​គោលដៅ “ដើម្បី​ស៊ើបអង្កេត​ប្រភព​មេរោគ” កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​មក។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​នៅក្នុង​ស្ថាប័ន WHO បាន​បង្ហើប​ឱ្យដឹងថា ខាង​អង្គភាព “ហាក់ដូចជា​ខកបំណង” ដោយសារតែ​ការកំណត់​កម្មវិធី​ត្រួតពិនិត្យ​ទាំងអស់ គឺ​ដំណើរការ​ទៅតាម​អ្វី ដែល​រដ្ឋបាល​ក្នុង​ប៉េកាំង​ចាត់ចែង​ត្រៀម​ទុកឱ្យ​ទាំងអស់ ទោះជា​មានឱកាស​ធ្វើដំណើរ​ទៅ “ទីកន្លែងសំខាន់” សម្រាប់​ភារកិច្ច​ក្នុង​គ្រានេះ ដូចជា​ផ្សា​រលក់​អាហារ​ស្រស់​ហួ​ណាន និង​មន្ទីរពេទ្យ ជីន អ៊ី​ន ថា​ន ក៏ដោយ តែ​ក្រុមការងារ​ជំនាញ មិនទាន់​មានឱកាស បាន​សន្ទនា “យ៉ាង​ជិតស្និទ្ធ “ជាមួយ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​កូ​វីដ-១៩ បុគ្គលិក​មន្ទីរពេទ្យ មេដឹកនាំ​សហគមន៍  និង​ប្រជាជន​នៅក្នុង​ទីក្រុង​វូ​ហាន​នៅឡើយ ដោយ​រដ្ឋបាល​ចិន បានបញ្ជាក់​ហេតុផល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ថា “ជា​វិធានការ​គ្រប់គ្រង​ខាង​សុខភាព” ដើម្បីឱ្យ​ត្រូវ​គ្នា​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត។

ទាំងអស់នេះ ក្រុម​អ្នកជំនាញការ​របស់ WHO បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃទី១៤ មករា និង​បាន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ ព្រមទាំង​បាន​ចូល​ទទួល​ការពិនិត្យ​ចម្រាញ់​តាម​ចំនួន​ដង ដែល​រដ្ឋបាល​ក្រុង​ប៉េកាំង​បានកំណត់​ទៀតផង ដែល​ក្នុងអំឡុង​ពេលនោះ រដ្ឋបាល​ចិន បាន​អះអាងថា ក្រុមការងារ​របស់ WHO អាច​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត “យ៉ាង​ជាប់លាប់” ជាមួយ​អ្នកតំណាង​របស់​ប្រទេស​ចិន​បាន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply