ចិន៖ លោក វ៉ាង វឹនពីន អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បានថ្លែងកាលពីថ្ងៃចន្ទ(ទី១កុម្ភៈ) ថា ប្រទេសចិន នឹងរៀបចំបញ្ជូនវ៉ាក់សាំងការពារជំងឺឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-១៩ ឱ្យទៅប្រទេសផ្សេងៗ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ តាមកម្រិតសមត្ថភាពដែលមាន យ៉ាងភ្លាមៗ ដើម្បីជួយសាងសហគមន៍សុខភាព។
លោកវ៉ាង បានប្រកាសថា ប្រទេសចិន បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យប្រទេសប៉ាគីស្ថាន កាលពីអំឡុងពេលព្រឹកថ្ងៃចន្ទ(ទី១កុម្ភៈ) ដែលការណ៍នេះ អាចរាប់បានថា ជាការប្រគល់-ទទួលវ៉ាក់សាំងដើម្បីជួយដល់ប្រទេសផ្សេងៗ ជាលើកដំបូងរបស់ប្រទេសចិន ព្រមទាំងបញ្ជាក់ពីភាពពុះពារព្យាយាមធ្វើឱ្យវ៉ាក់សាំង ក្លាយជាទំនិញសាធារណៈរបស់ពិភពលោក នៅពេលដែលអភិវឌ្ឍរួចរាល់ និងត្រូវបាននាំយកទៅប្រើប្រាស់ ដោយប្រទេសចិន នឹងមានចំណែកជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ឱ្យទទួលបាន និងមានកម្លាំងទិញវ៉ាក់សាំងដើម្បីប្រើ។

លោកវ៉ាងបានថ្លែងថា “យើងបានប្រតិបត្តិតាមការសន្យាហើយ”
ក្រៅពីប្រទេសប៉ាគីស្ថានហើយ ចិននៅបានផ្ដល់ការជួយ ផ្នែកវ៉ាក់សាំងទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៣ទៀត ដូចជាប្រទេសប្រ៊ុយណេ, នេប៉ាល, ហ្វ៊ីលីពីន, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ស្រីលង្កា, ម៉ុងហ្គោលី, ប៉ាលេស្ទីន, បេឡារុស, សៀរ៉ាឡេអូន, ហ្ស៊ីមបាប់វេ និងអ៊ិខ្វេថូរៀលគីនី ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ ៣៨ទៀត នឹងបានទទួលការជួយផ្នែកវ៉ាក់សាំងរបស់ចិនក្នុងដំណាក់កាលបន្តទៀត។
លោកវ៉ាង បានថ្លែងថា “យើងមិនទាន់បានចូលរួមក្នុង កូវែកស៍ (COVAX) ដែលជាគ្រោងការស្វែងរកវ៉ាក់សាំងលំដាប់ពិភពលោក ដឹកនាំដោយអង្គការ WHO ដើម្បីរៀបចំបញ្ជូនវ៉ាក់សាំងទៅជួយប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយទេ” តែលោកបានបន្ថែមថា ប្រទេសចិន បានឧបត្ថម្ភគាំទ្រដល់ក្រុមហ៊ុនផ្សេងៗ ក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំង រួមជាមួយសម្ព័ន្ធមិត្តបរទេស និងថែមទាំងបានបញ្ជូនវ៉ាក់សាំងរបស់ ស៊ីណូហ្វាម (Sinopharm) និងស៊ីណីវ៉ាក់ (Sinovac) ទៅឱ្យប្រទេសជាច្រើន ដូចជាសហភាពអារ៉ាប់ អេមីរេត(UAE) ម៉ូរ៉ុកកូ ឥណ្ឌូនេស៊ី តួរគី ប្រេស៊ីល និងប្រទេសឈីលី ជាដើម។
ក្រៅពីនេះ ប្រទេសចិននៅបានឧបត្ថម្ភគាំទ្រ ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសដែលមានភាពចាំបាច់ត្រូវប្រើយ៉ាងបន្ទាន់, ប្រទេសដែលទទួលស្គាល់វ៉ាក់សាំងរបស់ចិន និងប្រទេសដែលអនុញ្ញាតឱ្យប្រើការវ៉ាក់សាំងរបស់ចិនក្នុងករណីអាសន្ន ដោយប្រទេសចិនរំពឹងថា ប្រជាសហគមន៍អន្តរជាតិ នឹងរួមសហការគ្នា ជំរុញការចែកចាយ និងប្រើវ៉ាក់សាំងយ៉ាងស្មើភាពគ្នា រួមទាំងធានាថា ប្រទេសកំពុងអភិវឌ្ឍន៍ នឹងមានវ៉ាក់សាំង ប្រើការ ក្នុងតម្លៃដែលអាចទទួលយកបាន៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព