You are currently viewing ថ្នាក់ដឹកនាំ​ខេត្ត បានអោយ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ត​ជម្រុញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​នេសាទ ព្រមទាំង​ពង្រឹង​វិន័យ​ការងារ របស់​មន្ត្រី

ថ្នាក់ដឹកនាំ​ខេត្ត បានអោយ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្ត​ជម្រុញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​នេសាទ ព្រមទាំង​ពង្រឹង​វិន័យ​ការងារ របស់​មន្ត្រី

សៀមរាប៖  នៅ​ព្រឹក​ថ្ងៃទី ០២ ខែ​កុ​ម្ភះ ឆ្នាំ២០២១នេះ នៅ​សាលា​ខេត្តសៀមរាប លោក ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រជុំ ត្រួតពិនិត្យ និង តាមដាន​វឌ្ឍនភាព​ការងារ របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត អស់លោក លោកស្រី​ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន​ការិយាល័យ ចំណុះ​មន្ទីរ​កសិកម្ម​ខេត្ត និង តំណាង​ទីចាត់ការ​ចំណុះ​សាលាខេត្ត ចូលរួម​ផងដែរ។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង សេចក្តីរាយការណ៍​រប​ស់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង នេសាទ រួមទាំង​ការិយាល័យ​ចំណុះ​មន្ទីរ​កសិកម្ម ដោយបាន​លើ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដោយ​ផ្តោតទៅលើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃឈើ​ក្រ​ញ៉ូ​ង និង​ការកាប់​ទន្ទ្រាន​យក​ដីព្រៃ បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ព្រមទាំង​កង្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​ជាដើម។

មានប្រសាសន៍​នោះដែរ​លោក ង៉ាន់ ភិ​រុណ ក្នុងនាម​តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានធ្វើការ កោតសរសើរ អំពី​លទ្ធផល​ដែល​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ២០២០កន្លងមកនេះ បានធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត កាន់​តែមាន​ការវិវត្ត​ន៍​ឈានឡើង ក្នុងការ​បណ្តុះបណ្តាល​លើ​វិស័យ ជំនាញ​បច្ចេកទេស ក្នុង​ការដាំដុះ​ដំណាំ​កសិកម្ម ចិញ្ចឹមសត្វ​ជាដើម ។ ក្នុងនោះដែរ​លោក​ក៏បាន​ផ្តោត​សំខាន់ ចំពោះ បញ្ហា​បទល្មើស​ព្រៃឈើ និង ជលផល ដែលជា​គោលដៅ​ដ៏​ក្តៅគគុក​នៅក្នុង​សង្គមជាតិ ដែល​បានធ្វើ​ឲ្យ​បាត់បង់​នូវ​ធនធានធម្មជាតិ​ទាំង​លើគោក និង​ទឹក ដែល​បង្ក​ឲ្យ​វិនាស​មហន្តរាយ​ដល់​សង្គមជាតិ ។ លោក​ក៏បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ គឺត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ នូវ​រាល់​ការធ្វើ​អាជីវកម្ម សិប្បកម្ម​តុ ទូ ឲ្យ​មានច្បាប់​ត្រឹមត្រូវ ព្រមទាំង​បង្ក្រាប​ឲ្យ​បាន​នូវ​ភាព​អាណាធិបតេយ្យ ការកាប់​ឈើ​យកមក​ធ្វើ​ធ្យូង ដែលជា​អាជីវកម្ម​មួយ​បំផ្លាញ​ព្រៃឈើ ដែល​គិតស្មាន មិន​ដល់​របស់​ប្រជាពលរដ្ឋ និង បាន​បំពុល​ដល់​បរិស្ថាន ដោយ​ការរីកដុសដាល​នៃ​ឡ​ដុត​ធ្យូង​នៅតាម​បណ្តា​ស្រុក​មួយចំនួន។

លោក​អភិបាលរង​ខេត្ត​ក៏បាន​ជម្រុញ​ផងដែរ ចំពោះ​ការពង្រីក​នូវ វ៉ា​រី​វប្បកម្ម​ចិញ្ចឹម​ត្រី​នៅតាម​មូលដ្ឋាន ក្នុងការ​ទប់ទល់​រាល់​ការចាប់​ត្រី​ពី​ធម្មជាតិ ដើម្បី​ធ្វើការ​អភិរក្ស​ពូជ​ត្រី នៅ​បឹង​ធម្មជាតិ​ទៀតផង ។  ម្យ៉ាងទៀត​បង្កើន​ការបង្ក្រាប​នូវ​បទល្មើស​នេសាទ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង ហើយ​ប្រធាន​អង្គប្រជុំ ក៏បាន​ជម្រុញ​ផងដែរ លើ​ការងារ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម  លើ​ការបណ្តុះបណ្តាល​បច្ចេកទេស ការប្រើប្រាស់​ជី ជ្រើសរើស​គ្រាប់ពូជ ដើម្បី​កែប្រែ​គុណភាព​ដី ក្នុងការ​លើកកម្ពស់​ដ​ល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង ដើម្បី​បំពេញ​នូវ​សេចក្តី​តម្រូវការ​នៅតាម​ទីផ្សារ​ទៀតផង ព្រមទាំង​ជម្រុញ ដល់​បសុព្យាបាល ត្រូវ​គ្រប់គ្រង​ឲ្យ​ខាងតែបាន​ពី​ការ​នាំចូល​នូវ​សត្វ​ធាតុ​មកពី​ខាងក្រៅ​ខេត្ត និង ត្រូវ​ចុះ​ពិនិត្យ​ពី​សុខភាព​សត្វ នៅតាម​មូលដ្ឋាន​ឲ្យ​បានជា​ប្រចាំ។ ជាមួយនឹង​ការណែនាំ​នោះដែរ​លោក​ក៏បាន​ដាក់​នូវ​វិធានការ​មួយចំនួន ចំពោះ​មន្ត្រី​អសកម្ម​ការងារ និង ជម្រុញ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ទាំងនោះ​ព្រមទាំង​ធ្វើការ​ពង្រឹង​ឡើងវិញ​នូវ​វិន័យ​ការងារ​របស់​មន្ត្រី​ទៀតផង៕

#អរគុណសន្តិភាព

Leave a Reply