You are currently viewing ក្រុម​ជាតិ​សាសន៍​ក្នុង​មី​យ៉ាន់​ម៉ា បកអាក្រាត​លោកស្រី​ស៊ូ​ជី៖ មិន​យោគយល់​ក្រុម​ជាតិ​សាសន៍ ជួល​បរទេស​មក​ធ្វើការ​បំផ្លាញ​ថវិកាជាតិ បោះឆ្នោត​មហា​កេង​បន្លំ គឺ​ដើមហេតុ​នៃ​រដ្ឋប្រហារ

ក្រុម​ជាតិ​សាសន៍​ក្នុង​មី​យ៉ាន់​ម៉ា បកអាក្រាត​លោកស្រី​ស៊ូ​ជី៖ មិន​យោគយល់​ក្រុម​ជាតិ​សាសន៍ ជួល​បរទេស​មក​ធ្វើការ​បំផ្លាញ​ថវិកាជាតិ បោះឆ្នោត​មហា​កេង​បន្លំ គឺ​ដើមហេតុ​នៃ​រដ្ឋប្រហារ

មី​យ៉ាន់​ម៉ា៖ អ្នកនិពន្ធ​ផ្នែក​សិទ្ធិមនុស្ស ១ក្រុម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​សរសេរ​អត្ថបទ​មួយ រៀបរាប់​អំពី​ស្ថានភាពផ្សេងៗ ក្នុងអំឡុងពេល ៥ឆ្នាំ របស់​រដ្ឋបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដោយបាន​បង្ហើប​ឱ្យដឹងថា ក្រុម​ជាតិ​សាសន៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​ចេញមក​បកអាក្រាត​ថា រយៈពេល ៥ឆ្នាំ របស់​រដ្ឋបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ប្រទេសជាតិ​មិនបាន​ចម្រើន​រុងរឿង​ឡើយ មានការ​ជិះជាន់​កៀបសង្កត់​ក្រុម​ជនជាតិដើម​ភាគតិច មិន​ចង់​សហការ​ជាមួយ​ក្រុម​ជាតិ​សាសន៍ បំផ្លាញ​ថវិការដ្ឋ ដោយ​ការជួល​បរទេស ជិត ១០០នាក់មក​ធ្វើ​ទីប្រឹក្សា ទាំង​ដែល​ប្រជាជន​កំពុង​ក្រីក្រ ហើយ​និង​ការបោះឆ្នោតថ្មីៗនេះ ពោរពេញ​ដោយ​ការកេងបន្លំ​យ៉ាង​វីវក់ និង​លោក មីន អង់ ឡាយ បាន​ប្រាប់​ច្រើនដង​ហើយ តែ​មិន​ស្ដាប់ ថែមទាំង​ប្រញាប់​បើកប្រជុំ​សភា​ឱ្យបាន​ទៀតផង ដែល​ទាំងអស់​នេះហើយ បាន​ក្លាយជា​រដ្ឋប្រហារ។

ថ្ងៃទី៣ កុម្ភៈ​នេះ តាមរយៈ​ស្ថានការណ៍​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយពី​លោក​ឧត្ដមសេនីយ៍ឯក មីន អង់ ឡាយ អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា បាន​ចាប់ឃុំខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ ដើម្បី​ប្រជាធិបតេយ្យ ឬ NLD និង​លោក វិ​ន មីន​ត៍ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​គ្រាអាសន្ន និង​សន្យា ១ឆ្នាំ នឹង​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​ជាថ្មី។

ក្រុម​អ្នកនិពន្ធ​ផ្នែក​សិទ្ធិមនុស្ស​ដដែល បាន​ផូ​ស្ត​សំណេរ រៀបរាប់​អំពី​ហេតុការណ៍​ទាំងនោះ តាមរយៈ​ការសម្ភាស​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន និង​មនុស្ស​របស់​ក្រុម​ជាតិ​សាសន៍ ក្នុងអំឡុង​ពេលកន្លងមក នៅក្នុង​វគ្គ​មួយ​ថា ទាហាន​មី​យ៉ាន់​ម៉ា បាន​ចូលទៅ​ចាប់ខ្លួន​អ្នកនយោបាយ​ក្នុង​តំបន់ ដែល​រដ្ឋបាល​លោកស្រី​ស៊ូ​ជី របស់​គណបក្ស NLD បានតែងតាំង​ឱ្យធ្វើ​ការ​នៅតាម​តំបន់ផ្សេងៗ តែ​មេដឹកនាំ​ក្រុម​ជាតិ​សាសន៍ និង​មនុស្ស​របស់​ក្រុម​ជាតិ​សាសន៍ ដែល​ធ្វើ​កិច្ចការងារ​ខាង​នយោបាយ​វិញ បែរជា​មិនមាន​រង​ផលប៉ះពាល់​អ្វី​ទាំងអស់។

ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ប្រាប់ថា ជីវិត​របស់​ពួកគេ គ្រប់យ៉ាង​ស្ងប់ស្ងាត់​ជាធម្មតា មិនមាន​អ្វី​ប្រែប្រួល​នោះទេ និង​ទើបតែ​ដឹង​ពី​ការប្រកាស​ជា​ផ្លូវការ​នៅក្នុង​ទូរទស្សន៍​ថា មានការ​តែងតាំង​លោក អ៊ូ មីន សួយ អនុ​ប្រធានាធិបតី​ទី១ ឱ្យ​ឡើង​ធ្វើជា​ប្រធានាធិបតី​ស្ដីទី រួមទាំង​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន រយៈពេល ១ឆ្នាំ មុននឹង​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​ជាថ្មី ឱ្យ​ស្អាត និង​យុត្តិធម៌​ជាង​នេះ​ឡើង។

អត្ថបទ​របស់​ពួកគេ បាន​បន្តទៀតថា សម្រាប់​ក្រុម​ជាតិ​សាសន៍​វិញ ទោះជា​ច្រើន​ឆ្នាំ​មកនេះ ក្នុងអំឡុង​រដ្ឋបាល​លោកស្រី​ស៊ូ​ជី រដ្ឋបាល​បាន​ជួយ​ដល់​ក្រុម​ជនជាតិដើម​ភាគតិច ច្រើនយ៉ាង​ក៏ពិតមែន តែ​ក៏​ជិះជាន់​សង្កត់សង្កិន​យ៉ាងខ្លាំង​ក្លា​ដែរ  ដោយ​បង្ខំ​ឱ្យ​មេដឹកនាំ​គ្រប់​ក្រុម​ជាតិ​សាសន៍ ត្រូវតែ​និយាយ​ភាសា​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋសភា និង​សូម្បី​អ្នកនយោបាយ​របស់​បក្ស NLD  ខ្លួនឯង បើ​ចង់​ស្នើ​គំនិត​យោបល់​អ្វីមួយ នៅក្នុង​រដ្ឋសភា ក៏ត្រូវ​តែ​យក​ប្រធានបទ​នោះ ទៅ​ជម្រាប​លោកស្រី​ស៊ូ​ជី ជាមុនសិន​ដែរ ទើប​មានឱកាស​បាន​ឡើង​បញ្ចេញ​គំនិត​យោបល់ នៅក្នុង​រដ្ឋសភា​បាន។

អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​ជាច្រើន និង​ក្រុម​ជាតិ​សាសន៍ គ្រប់​ក្រុម បាន​ជួបនឹង​រឿង​ដ៏​ឈឺចាប់ ពី​លោកស្រី​ស៊ូ​ជី រហូត ៥ឆ្នាំកន្លងមក រហូតដល់​មាន​ខ្លះ រាងចាល និង​មាន​អ្នកនយោបាយ​ជំនាន់​ក្រោយ ទាំង​របស់​មី​យ៉ាន់​ម៉ា និង​ក្រុម​ជាតិ​សាសន៍ លែង​ចូលរួម​ជាមួយ NLD និង​ងាក​ទៅ​សហការ​ជាមួយ​ក្រុម​យោធា​ជំនាន់​ថ្មី ចូលប្រឡូក​ក្នុង​សមរភូមិ​បោះឆ្នោត​កាលពី​ចុងឆ្នាំ​កន្លងទៅ​ទៀតផង។

អត្ថបទ​នោះ បាន​សរសេរ​ទៀតថា ការធ្វើ​រដ្ឋប្រហារ​លើក​នេះ ប្រជាជន​មី​យ៉ាន់​ម៉ា និង​អ្នកដឹកនាំ​ខាង​គំនិត​របស់​ក្រុម​ជាតិ​សាសន៍ បាន​ឯកភាព។ អ្នក​ដែល​ធ្លាប់​ត្រូវ​ទាហាន​ចាប់​ដាក់ពន្ធនាគារ និង​ធ្លាប់​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​រហូតមក បាន​អះអាងថា ល្អ​ណាស់ ដែលមាន​រដ្ឋប្រហារ ពួកគេ​ឯកភាព​ជាមួយ​ការធ្វើ​រដ្ឋប្រហារ  ព្រោះ​ទាហាន មិនបាន​ចូលមក​ដណ្ដើម​អំណាច ដូច​កាលពី​លើក​មុន​នោះទេ តែ​ទាហាន​មក​ធ្វើជា​នាយក​រដ្ឋសភា ព្រោះ​ច្រើន​ឆ្នាំ​កន្លងមកនេះ ក្នុងការ​គ្រប់គ្រង​រប​ស់លោក​ស្រី​ស៊ូ​ជី និង​រដ្ឋបាល​គណបក្ស NLD  លោកស្រី​ស៊ូ​ជី បានធ្វើ​នូវ​រឿង​ជាច្រើន ដែល​ប្រជាជន​តតាំង មិន​ឯកភាព ជា​ទង្វើ​ដែលយ៉ាប់ៗខ្លាំងណាស់។

ឧទាហរណ៍​ដូចជា លោកស្រី​ស៊ូ​ជី ទៅយក​ជនជាតិ​អឺរ៉ុប បរទេស មក​ធ្វើជា​ទីប្រឹក្សា​របស់​ប្រទេស ជាង ៩០នាក់ ម្នាក់ៗទទួលបាន​ប្រាក់ខែ​យ៉ាងតិច ២ ០០០ដុល្លារ ទាំង​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​នៅ​ក្រ ប្រជាជន​នៅ​ក្រ នៅឡើយ តែ​លោកស្រី​ស៊ូ​ជី យក​ថវិកាជាតិ​ទៅ​បំផ្លាញ ទាំង​ជនជាតិ​មី​យ៉ាន់​ម៉ា ក៏មាន​អ្នក​ដែលពូកែៗ មានចំណេះដឹង​ក៏​ច្រើន​ដូចគ្នា តែ​លោកស្រី​ស៊ូ​ជី មិន​យកទៅ​ធ្វើជា​ទីប្រឹក្សា​ទេ។ ពេញ​មួយ​រយៈពេល ៥ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់លោក​ស្រី​ស៊ូ​ជី ប្រទេសជាតិ មិនបាន​រីកចម្រើន​អ្វី​ឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply