ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូន ឯកឧត្តមសេនាប្រមុខ គីម ជុងអ៊ុន (KIM JONG UN) ប្រធាននៃគណបក្សពលកម្មកូរ៉េ ប្រធាននៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

តាមរយៈព្រះរាជសារជាភាសាបារាំងដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម គីម ជុងអ៊ុន និងប្រជាជនកូរ៉េ ក្នុងឱកាសអបអរសាទរខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (០៩ កញ្ញា ១៩៤៨ – ០៩ កញ្ញា ២០២០) ព្រមទាំងជូនពរឯកឧត្តមសេនាប្រមុខ និងប្រជាជនកូរ៉េ ទទួលបាននូវភាពជោគជ័យ សុភមង្គល សន្តិភាព និងវិបុលភាព។
ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្ថែមថា ៖ “ការខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងពង្រឹង និងពន្លឿនដំណើរការកសាងការអភិវឌ្ឍ និងសុខុមាលភាព នៃប្រជាជនរបស់ឯកឧត្ដម»។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឬទ័យ សម្តែងនូវការជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងរីកចម្រើនបន្ថែមទៀត ដើម្បីជាផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។
គួររម្លឹកថា ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយនឹងកូរ៉េខាងជើង នៅឆ្នាំ១៩៦៥ គឺក្នុងជំនាន់ព្រះបរមរតនកោដ្ឋ និងលោកសេនាប្រមុខ គីម អ៊ីលស៊ុង៕
ប្រភព៖ AKP