You are currently viewing ប្រទេស​ចិន ត្រៀម​បញ្ជូន​វ៉ាក់សាំង​កូ​វីដ “១០លាន​ដូ​ស” ជួយ​ប្រទេស​ក្រីក្រ តាមរយៈ Covax

ប្រទេស​ចិន ត្រៀម​បញ្ជូន​វ៉ាក់សាំង​កូ​វីដ “១០លាន​ដូ​ស” ជួយ​ប្រទេស​ក្រីក្រ តាមរយៈ Covax

ប្រទេស​ចិន៖ រដ្ឋាភិបាល​ចិន ត្រៀម​រៀបចំ​បញ្ជូន និង​ផ្ទេរ-ប្រគល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ចំនួន ១០លាន​ដូ​ស តាមរយៈ​គ្រោងការ Covax របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO ដើម្បី​នាំយកទៅ​ជួយ​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ដល់​ប្រជាជន​ក្នុង​ក្រុម​ប្រទេស​ក្រីក្រ ដោយ​ខណៈ​នេះ មាន​អ្នក​ផលិត ៣ក្រុមហ៊ុន បានបង្ហាញ​ចេតនា ចូលរួម​គ្រោងការ​នេះហើយ។

Covax ដែល​គ្រប់គ្រង​ចាត់ចែង​ដោយ WHO និង​ក្រុម​សម្ព័ន្ធមិត្ត​វ៉ាក់សាំង Gavi ជា​គ្រោង​ការដែល​រៀបចំ​ការទិញ និង​ចែកចាយ​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យទៅ​ប្រទេសផ្សេងៗយ៉ាង​ស្មើភាព ដោយ​នឹង​ចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ក្នុងអំឡុង​ខែ​នេះ និង​គេ​រំពឹងថា ពេញ​មួយ​ឆ្នាំនេះ នឹង​អាច​រៀបចំ​បញ្ជូន​វ៉ាក់សាំង​បាន​ប្រមាណ​ជា ២-៣លាន​ដូ​ស។

ក្រសួងការបរទេស​ចិន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ(ទី៣កុម្ភៈ)ថា អ្នក​ផលិត​វ៉ាក់សាំង​សញ្ជាតិ​ចិន ៣ក្រុមហ៊ុន មាន SinoVac Biotech, China National Pharmaceuticals Group (SinoPharm) និង​Cancino Biologics បានដាក់​ពាក្យស្នើសុំ​ចូល​រួម​គ្រោងការ របស់ Covax ហើយ។

ក្នុងអំឡុងពេល​ថ្លែង​ព័ត៌មាន កាលពី​ថ្ងៃ​ពុធ(ទី៣) លោក វ៉ាង វឹ​ន​ពី​ន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែង​ឱ្យដឹង​អំពី​ផែនការ​បញ្ជូន​វ៉ាក់សាំង​ចូលរួម​គ្រោងការ Covax ដោយ​មិនទាន់បាន​ផ្ដល់ព័ត៌មាន​លម្អិត​ច្រើន​នៅឡើយ ខណៈដែល​ក្រុមហ៊ុន​ទាំង៣ ដែល​ត្រូវបាន​អះអាង​នោះ ក៏​នៅ​មិនទាន់​ចេញមក​សម្ដែង​ការយល់ឃើញថា​យ៉ាងណា​នៅឡើយ​ដែរ។

តាមរយៈ​ឯកសារ​ផ្ទៃក្នុង​របស់ Covax ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បានឃើញ​នោះ គេ​សន្និដ្ឋានថា WHO ប្រហែលជា​នឹង​សម្រេចចិត្ត​រឿង​ការទទួលយក​វ៉ាក់សាំង​របស់ SinoPharm និង Sinovac ចូល​គ្រោងការ​យ៉ាង​លឿន​បំផុត ក្នុង​ខែមីនា​ខាងមុខ។

បច្ចុប្បន្ន មាន​ប្រទេស​ជាច្រើន ដែល​បានចាប់ផ្ដើម​នាំ​វ៉ាក់សាំង​របស់ ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ទៅប្រើ​ហើយ ដូចជា​ប្រទេស​ប្រេ​ស៊ី​ល, ឥណ្ឌូនេស៊ី, តួរ​គី និង​សហភាព​អារ៉ាប់​រួម ចំណែក​វ៉ាក់សាំង​របស់ Cancino ទើបនឹង​មានការ​ប្រើប្រាស់​នៅក្នុង​ស្ថាប័ន​កងទ័ព​ប៉ុណ្ណោះ។

អ្នក​ផលិត​របស់​ចិន​ទាំង ៣ក្រុមហ៊ុន នៅ​មិនទាន់​ដែល​បាន​ថ្លែងប្រាប់​ព័ត៌មាន​លម្អិត ពី​លទ្ធផល​ការសាកល្បង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នៅឡើយ តែដោយសារ​តែ​វ៉ាក់សាំង​របស់​គូប្រជែង​ដទៃទៀត ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឱសថ​របស់​ប្រទេស​លោកខាងលិច មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​ប្រើប្រាស់ ទើប​ធ្វើឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ ជ្រើសរើស​ក្នុង​ការពឹង​អាស្រ័យ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ចិន​ជាបណ្ដើរៗសិន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply