You are currently viewing ក្រសួងមហាផ្ទៃ​ប្រជុំ​ក្រុមការងារ​ស្ដីពី​បេសកកម្ម​សិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច

ក្រសួងមហាផ្ទៃ​ប្រជុំ​ក្រុមការងារ​ស្ដីពី​បេសកកម្ម​សិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច

ភ្នំពេញ៖  ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ស្ដីពី​បេសកកម្ម​សិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​ដៃគូរ​សហការ​នានា​ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ ជាច្រើនរូប​ផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើង នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ

ថា កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេច​ក្រឡាហោម  បាន​អញ្ជើញ​ចុះទៅ​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ហើយ​នៅ​ខេត្តមណ្ឌលគិរី​នេះ នៅមាន​បញ្ហា​ប្រឈម​ច្រើន រួមទាំង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ផងដែរ។ ពាក់ព័ន្ធ​នឹង​ដី​សហគមន៍​នេះ ឯកឧត្តម បាន​បន្តថា ការសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​បាន​គ្រប់គ្រាន់​នៅឡើយ ហើយ​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​រៀបចំ និង បំពេញ​កិច្ចការងារ​នេះ​ឲ្យ​កាន់តែ​សុ​ក្រឹត្យ។ បន្ថែម​ពីនេះ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ក្រុមការងារ​ត្រូវ​រួមគ្នា​សិក្សា​ពី​បញ្ហា​ប្រឈម​នានា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ហើយ​តើ​គួរ​មាន​វិធីសាស្ត្រ ឬ​កម្មវិធី​បែបណា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​នាពេល​អនាគត។

ឯកឧត្តម រដ្ឋលេខាធិការ បានស្នើ​ដល់​អង្គប្រជុំ​ឲ្យ​ចូលរួម​ជា​មតិយោបល់​ដើម្បី​ទទួលបាន​នូវ​ធាតុ​ចូល​នានា​ក្នុងការ​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ដំណើរការ​នៃ​ការសិក្សា ស្រាវជ្រាវ លើ​ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ ក្នុងការ​ដាក់សំណើ​ទៅកាន់​រាជរដ្ឋាភិបាល និង​មានការ​សិក្សា​រួមគ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម ងី ច័​ន្ទ្រ​ផល ក៏បាន​លើកឡើងថា យើង​ត្រូវមាន​ការយកចិត្តទុកដាក់​ដល់​ជនជាតិដើម​ភាគតិច ក៏ដូចជា​ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​ផងដែរ។

រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ១៩៩៤បាន​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​សម្រាប់​ការអភិវឌ្ឍ​ជនជាតិភាគតិច សហការ​ជាមួយ​កម្មវិធី​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដល់​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​កំពុង​រស់នៅក្នុង​តំបន់ភ្នំ និង​ខ្ពង់រាប។ បន្ថែម​ពីនេះ ក្នុង​ឆ្នាំ២០០៩ សម្រាប់​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មួយចំនួន ដូចជា គោលនយោបាយ​ស្ដីពី​ការចុះបញ្ជី​ដី និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គោលនយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។ ជាងនេះទៅទៀត ក្នុង​ឆ្នាំ២០១៩ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ មាន​សមត្ថកិច្ច​ក្នុងការ​ផ្ដល់​ភាពជា​នីតិបុគ្គល ជូន​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ​សម្រាប់​ស្នើសុំ​ចុះបញ្ជី​ជា​កម្មសិទ្ធិ​សមូ​ភាព៕

#អរគុណសន្តិភាភ

Leave a Reply