ជប៉ុន៖ ឃីរីន(Kirin) ក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសបញ្ឈប់ធុរកិច្ចបែបសហការ Joint Venture ជាមួយក្រុមហ៊ុនភាគហ៊ុនិក នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយកងទ័ពរបស់ប្រទេសនេះ ក្រោយកើតមានការធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីថ្ងៃទី១ កុម្ភៈ។
ការចាប់ឃុំខ្លួនមេដឹកនាំខាងនយោបាយខ្សែប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងនោះ បានធ្វើឱ្យកើតមានការថ្កោលទោសពីបណ្ដាប្រទេសនានាជាច្រើន ដោយខាងក្រុមហ៊ុន ឃីរីន បានបញ្ជាក់ថា “យើងមានក្ដីកង្វល់យ៉ាងខ្លាំង ចំពោះទង្វើថ្មីៗបំផុតរបស់កងទ័ពមីយ៉ាម៉ា”

ឃីរីន បានបន្ថែមទៀតថា “តាមរយៈស្ថានការណ៍ ដែលកើតឡើងក្នុងខណៈពេលនេះ យើងគ្មានជម្រើសអ្វីផ្សេង ក្រៅពីសុំបញ្ឈប់ភាពជាភាគហ៊ុនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Company Limited ឬ MEHL ដែលគ្រប់គ្រងចាត់ការមូលនិធិសុខុមាលភាពឱ្យទៅកងទ័ពមីយ៉ាន់ម៉ា នោះទេ”
តែទាំងអស់នេះ ក្រុមហ៊ុន ឃីរីន មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយថា ការផ្ដាច់សម្ព័ន្ធភាពខាងធុរកិច្ច ជាមួយភាគហ៊ុនដ៏ធំមួយរបស់មីយ៉ាន់ម៉ាលើកនេះ នឹងមានន័យថា ជាការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាផងដែរ ឬយ៉ាងណានោះទេ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព