អង់គ្លេស-ចិន៖ រដ្ឋបាលចក្រភពអង់គ្លេស បានលុបចោលលិខិតអនុញ្ញាត របស់ស្ថានីយទូរទស្សន៍ព័ត៌មាន CGTN ខណៈរដ្ឋបាលក្រុងប៉េកាំង បានតវ៉ា BBC ថា “បានរាយការណ៍ព័ត៌មានមិនពិត ឬ Fake news។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃទី៥ កុម្ភៈថា ទីភ្នាក់ងារត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស ឬ អហ្វខំ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី៤ កុម្ភៈ) លុបចោលលិខិតអនុញ្ញាតក្នុងប្រទេស របស់កម្មវិធី China Global Television Network ឬ CGTN ដែលផ្សាយជាភាសាអង់គ្លេស របស់ស្ថានីយវិទ្យុ-ទូរទស្សន៍របស់ប្រទេសចិន (CCTV) ដោយផ្ដល់ហេតុផលថា ជាប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមការគ្រប់គ្រង “ទាំងមូល” របស់បក្សកុម្មុយនីស្តចិន ធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានរបស់ CGTN “មិនមានភាពឥស្សរៈ” ដោយសារតែ “ត្រូវបានគ្រប់គ្រងពីលើ។

ទាំងអស់នេះ អហ្វខំ បានអះអាងថា ការដំណើរការរបស់ CGTN បានខុសនឹងច្បាប់របស់ចក្រភពអង់គ្លេស និងក្រោយមក CGTN បានចេញសេចក្ដីថ្លែងការណ៍ថា “ខ្លួនមានការខកចិត្តយ៉ាងខ្លាំង” ចំពោះឥរិយាបថរបស់ អហ្វខំ និងបដិសេធការយល់ឃើញរបស់ អហ្វខំ ដោយអះអាងថា CGTN បានប្រតិបត្តិតាមច្បាប់របស់ចក្រភពអង់គ្លេសរហូតមក។
ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍ថា បានជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅកាន់ទីស្នាក់ការធំ របស់ក្រុមហ៊ុនផ្សព្វផ្សាយរូបភាព និងសំឡេង របស់អង់គ្លេស គឺ BBC ដើម្បីតវ៉ា ចំពោះការដែលស្ថាប័នផ្នែកការផ្សព្វផ្សាយរូបភាព និងសំឡេងរបស់ចក្រភពអង់គ្លេស បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍ជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន “ដែលមិនមែនជាការពិតទាំងស្រុង” ឬជាព័ត៌មានក្លែងក្លាយ ឬជា Fake news និងបានអំពាវនាវឱ្យ ប៊ីប៊ីស៊ី ធ្វើការសូមទោសជាផ្លូវការ។
ខណៈដែល ប៊ីប៊ីស៊ី បានបដិសេធ “ការចោទប្រកាន់” របស់រដ្ឋបាលក្រុងប៉េកាំងនេះ និងអះអាងថា ប៊ីប៊ីស៊ី បានរាយការណ៍ព័ត៌មាន “តាមការពិត” និង “ដោយគ្មានការភ័យខ្លាច” អ្វីទាំងអស់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព