តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានគាំទ្រការកែប្រែច្បាប់គ្រប់គ្រងជំងឺឆ្លង ដោយកំណត់បទដាក់ទោសទាំងបុគ្គល និងធុរកិច្ចណាដែលមិនប្រតិបត្តិតាមវិធានការទប់ទល់វីរុសកូរ៉ូណាប្រភេទថ្មី។
សេចក្ដីព្រាងច្បាប់ ដែលឆ្លងកាត់ការអនុម័តកាលពីថ្ងៃទី៣កុម្ភៈ បានបន្ថែមវិធានការដាក់បទបញ្ជា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគកូវីដ-១៩ បន្ទាប់ពី កាលពីពេលមុននេះ រដ្ឋបាលជប៉ុនអាចធ្វើបាន ត្រឹមតែ “សុំកិច្ចសហការ” ពីប្រជាជន និងផ្ដល់ប្រាក់ជួយដល់ធុរកិច្ច ដើម្បីឱ្យកាត់បន្ថយពេលវេលាធ្វើការតែប៉ុណ្ណោះ។
ច្បាប់ថ្មីនេះ នឹងចាប់ផ្ដើមមានសុពលភាពក្នុងសប្ដាហ៍ក្រោយ ដោយអ្នកឆ្លងមេរោគណា ដែលបដិសេធការព្យាបាល ឬការដាក់ឱ្យនៅដោយឡែក នឹងមានទោសពិន័យជាប្រាក់មិនលើស ៥០០ ០០០យ៉េន(ជិត ៥ ០០០ដុល្លារអាមេរិក) អ្នកដែលមិនផ្ដល់ដំណឹងពីការឆ្លងមេរោគ ឬមិនផ្ដល់ទិន្នន័យ នឹងមានទោស ពិន័យជាប្រាក់មិនលើស ៣០០ ០០០យ៉េន(ជាង ៣ ០០០ដុល្លារអាមេរិក)។
ច្បាប់នេះ ថែមទាំងនឹងធ្វើឱ្យរដ្ឋាភិបាលអាចចេញវិធានការ ដើម្បីកំណត់សិទ្ធិមួយចំនួនរបស់ប្រជាជនបានទៀតផង បើទោះជាមិនមានការប្រកាសសភាវៈអាសន្នខាងសុខភាពសាធារណៈក៏ដោយ។

កាលពីពេលមុននេះ ធ្លាប់មានករណីអ្នកឆ្លងមេរោគ មិនព្រមឈប់ធ្វើការងារ ដើម្បីព្យាបាលខ្លួនទេ រួមទាំងមានអ្នកចេញពីមន្ទីរពេទ្យ ទៅចូលកន្លែងត្រាំទឹករ៉ែក្ដៅ រហូតចម្លងទៅអ្នកដទៃទូទៅជាច្រើន ហើយក្នុងការប្រកាសសភាវអាសន្នលើកក្រោយបំផុតនេះ មានភោជនីយដ្ឋានមួយចំនួន ក៏មិនព្រមរួមសហការកាត់បន្ថយពេលវេលាធ្វើការដែរ ដោយអាងថា ប្រាក់ជំនួយដែលបានទទួលពីរដ្ឋាភិបាល មិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវតែធ្វើការងាររកស៊ីដូចធម្មតា។
ពីដើមរដ្ឋបាលជប៉ុន បានស្នើឱ្យប្រើវិធានការដាក់ទោសជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ១លានយ៉េន ចំពោះអ្នកដែលមិនចូលរួមក្នុងការគ្រប់គ្រងជំងឺ តែក្នុងកិច្ចប្រជុំរបស់រដ្ឋសភា រដ្ឋាភិបាលត្រូវរងការរិះគន់យ៉ាងខ្លាំង ព្រោះមានករណីសមាជិកសភា របស់គណៈបក្សរដ្ឋាភិបាលជាច្រើននាក់ តែងនាំគ្នាទៅជប់លៀងនៅពេលរាត្រី តែបែរជាមកធ្វើតឹងរ៉ឹងជាមួយប្រជាជនទៅវិញ។ ទីបំផុត រដ្ឋាភិបាល ត្រូវតែសុខចិត្តដកថយ ដោយលុបចោលទោសពិន័យទាំងនោះវិញ៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព