You are currently viewing គិត​ត្រឹម​ចុងឆ្នាំ២០២០ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ទើបតែសម្រេចបាន​ប្រមាណ​ ១៥%

គិត​ត្រឹម​ចុងឆ្នាំ២០២០ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ទើបតែសម្រេចបាន​ប្រមាណ​ ១៥%

សៀមរាប៖ តាម​ផែនការ​សម្រាប់​ឆ្នាំ២០២១នេះ ការសាងសង់​គម្រោង​ទាំងមូល គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រមាណ​ជា៦៧% ដែល​នៅ​ក្នុងនោះ ការសាងសង់​ស្ថានីយ​អ្នកដំណើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន៧៨% ការកសាង​តំបន់​ហោះហើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន៤៥%  និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយា​ដ្ឋា​ន​គ្រោង​នឹង​សម្រេច​ឲ្យ​បាន៥០% ។

នេះ​បើ​យោងតាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​វ​ឌ្ឍ​ភាព​នៃ​ការដ្ឋាន​សំណង់​នៃ​ព្រលានយន្តហោះ​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​ផ្ទាល់  នា​ព្រឹក​ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១នេះ។

ការដ្ឋាន​សាងសង់​ស្ថានីយ៍​អ្នកដំណើរ​ដែល​ចាប់ផ្តើម​ដំណើរការ​នា​ពាក់កណ្តាល​ខែមីនា មកដល់​ចុងឆ្នាំ២០២០ គឺ​សម្រេចបាន១៥%  ជាមួយនេះ​សំណង់​តំបន់​ហោះហើរ​ដែល​ចាប់ផ្តើម​ការដ្ឋាន​នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបាន​ប្រមាណ​ជា១០% ។

ទីតាំង​ការដ្ឋាន​នេះ ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម មាន​ចម្ងាយ​ប្រមាណ​ជា៥១គីឡូ​មែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែលជា៤០គីឡូម៉ែត្រ​ពី​ប្រសាទ​អង្គ​វត្ត ដែល​ធានាបាន​ថា ការហោះហើរ​និង​ចុះចត មិនមាន​ផល​អវិជ្ជមាន​នៃប្រតិបត្តិ​ការ​របស់​អាកាសយាន​ដ្ឋា​ន​ចំពោះ​ប្រាសាទ​អង្គ​វត្ត និង​សំណង់​ស្ថាបត្យកម្ម​ជុំវិញ​នោះឡើយ។

ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​នេះ គ្រោង​នឹង​បញ្ចប់ ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ក្រុមបច្ចេកទេស និង​អង្គភាព​ជំនាញ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ២០២៣ គឺមាន​រយ:ពេល​សរុប៣៦ខែ បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន ពាក់កណ្តាល​ខែមីនា ឆ្នាំ២០២០មក។

អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតក្នុង​លំដាប់ 4E មាន​ផ្លូវ​រត់​ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ  មាន៣៨ចំណត​យន្តហោះ  និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង៨មុ​ឺ​ន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧លាន​នាក់។

អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ធំ​មួយ​នេះដែរ ត្រូវបាន​ស្ថិត​ក្រោក​កិច្ចព្រមព្រៀង BOT រយ:ពេល៥៥ឆ្នាំ ដែល​ក្រោយពេល​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ គម្រោង​នេះ​នឹងត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​មានប្រសាសន៍ថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ គឺជា​ការរួមចំណែក​ស​ម្រា​ប់​អនាគត​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ និង​ជា​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់ រវាង​កម្ពុជា និង​ចិន។

លោក​បន្តថា​វា​ជា​សក្ខីភាព​មួយ​ដែល​បញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​នៃ​ប្រទេស​ទាំងពីរ ជម្រុញ​កិច្ចដំណើរការ​គម្រោង ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ជាមួយ នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ផែនការ​ឆ្នាំ២០២១ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ គ្រោង​នឹង​ព​ន្លឿ​ន​ការ​សាសង់​ឲ្យ​បាន៦៧% និង​បញ្ចប់​ការសាងសង់ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់​កណ្តាលខែ​មិនា ឆ្នាំ២០២៣ខាងមុខ ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply