You are currently viewing សម្តេច​តេ​ជោ អញ្ជើញ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ចំនួន៦០ម៉ឺន​ដូ​ស ជំនួយ​របស់​ចិន ក្នុង​ជំហាន​ដំបូង

សម្តេច​តេ​ជោ អញ្ជើញ​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ចំនួន៦០ម៉ឺន​ដូ​ស ជំនួយ​របស់​ចិន ក្នុង​ជំហាន​ដំបូង

ភ្នំពេញ៖   សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន អញ្ជើញ​ទទួលបាន​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មាន​ចំនួន៦០ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង ដោយ​ក្នុងនោះ​ចំនួន៣០ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង៣០ម៉ឺន​ដូ​ស​ទៀត សម្រាប់​ផ្នែក​យោធា។

ក្រសួងសុខាភិបាល បាន​បញ្ជាក់ដែរថា អាយុ​ដែល​អាច​ចាក់​បាន​គឺមាន​ពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយ​អ្នក​ដែលមាន​អាយុ​លើសពី ៦០ឆ្នាំ ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​សិន។

ក្នុង​ពី​ធី​ប្រគល់​ទទួល​នោះ ឯកអគ្គរដ្ឋទូត​ចិន បាន​ថ្លែងថា ចាប់ពី​ផ្ទុះ​កូ​វីដ១៩ រដ្ឋាភិបាល​កម្ពុជា-ចិន បាន​ជួយ​គ្នា​ទៅវិញទៅមក ដែល​ប្រៀបដូចជា​ពាក្យស្លោក​ថា «ស្រលាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក»។ ឯកអគ្គរដ្ឋទូត​ចិន ថ្លែងថា​ទៀតថា  ក្រុម​វេជ្ជបណ្ឌិត​ចិន បានមក​បណ្តុះបណ្តាល​អំពី​របៀប​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ដល់​គ្រូពេទ្យ​កម្ពុជា ហើយ​ប្រទេស​ចិន​នឹង​បន្ត​ជួយ​កម្ពុជា ក្នុងការ​ប្រឆាំងនឹង​កូ​វីដ១៩ និង​ផ្តល់ជំនួយ​ដល់​កម្ពុជា តាម​លទ្ធភាព រហូតដល់​ឈ្នះ​ជំងឺ​កូ​វីដ១៩។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ១៩ ជំហាន​ទី១ ចំនួន៦០ម៉ឺន​ដូ​ស ក្នុងចំណោម១លា​ដូ​ស ដែល​ត្រូ​បទ​ទួល​នាពេល​បន្ទាប់។ សម្តេច​តេ​ជោ​បន្តថា ទោះបីជា​កម្ពុជា​ទប់ស្កាត់​បាន​ទ្រង់ទ្រាយ​ធំ​ក៏ដោយ វ៉ាក់សាំង​ជា​តម្រូវការ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក្នុងការ​យកឈ្នះ​ជំងឺ​កូ​វីដ១។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ពិតជា​មានការ​ដឹងគុណ​រដ្ឋាភិបាល និង​ប្រជា​ចិន ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ១៩ ចំនួន៦០ម៉ឺន​ដូ​ស ក្នុងចំណោម១លាន​ដូ​ស​ដល់​កម្ពុជា​នាពេលនេះ។  នាឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩។

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាជន​ចិន​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់គ្នា៕

#អរគុណសន្តិភាព

Leave a Reply