You are currently viewing ស្រឡាំងកាំង!! សិង្ហ​បុរី ច្រឡំ​ចាក់​វ៉ាក់សាំង​កូ​វីដ របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ឱ្យ​បុគ្គលិក​ពេទ្យ​ម្នាក់ លើស​ខ្នាត ប្រហែលជា ៥ដូ​ស??

ស្រឡាំងកាំង!! សិង្ហ​បុរី ច្រឡំ​ចាក់​វ៉ាក់សាំង​កូ​វីដ របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ឱ្យ​បុគ្គលិក​ពេទ្យ​ម្នាក់ លើស​ខ្នាត ប្រហែលជា ៥ដូ​ស??

សិង្ហ​បុរី៖ បុគ្គលិក​ម្នាក់ របស់​មជ្ឈមណ្ឌល​ចក្ខុ​សាស្ត្រ​នៃ​ប្រទេស​សិង្ហ​បុរី ឬ SNEC បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ របស​ហ្វ៉ៃ​ហ្ស៊ើ​រ/បៃ​អូ​អេ​ន​ថេ​ក លើស​ខ្នាត ក្នុង​បរិមាណ​ស្មើនឹង ៥ដូ​ស ដោយសារតែ​កំហុសឆ្គង ដែល​កើតឡើង​ដោយសារ​មនុស្ស តែ​យ៉ាងណាក្ដី ក្នុងអំឡុងពេលដំបូងៗ បុគ្គលិក​ម្នាក់​នោះ នៅមាន​អាការ​ល្អប្រសើរ​ជាធម្មតា។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង ពី​ស្ថាប័ន​សុខភាព​ជាតិ កាលពី​ថ្ងៃ​សៅរ៍(ទី៦កុម្ភៈ)។

កំហុសឆ្គង​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី 14មករា ក្នុងអំឡុង​ពេលដែល​ម​ជ្ឈ​មណ្ឌល​ចក្ខុ​សាស្ត្រ​នៃ​ប្រ​ទេ​សិង្ហ​បុរី ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យទៅ​បណ្ដា​បុគ្គលិក​របស់​មជ្ឈមណ្ឌល។ SNEC បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា “កំហុសឆ្គង​នេះ ត្រូវបាន​រកឃើញ ក្នុង​រយៈពេល​មិន​ប៉ុន្មាន​នាទី ក្រោយ​ការចាក់​វ៉ាក់សាំង​រួច នៅពេលដែល​បុគ្គលិក​ម្នាក់​នោះ កំពុង​សម្រាក​នៅក្នុង​ទីតាំង ដែល​កំណត់ទុក​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច…គ្រូពេទ្យ​ជំនាញ បាន​ប្រញាប់​ប្រកាសជូន​ដំណឹងភ្លាមៗ និង​ធ្វើការ​វាយតម្លៃ អាការ​បុគ្គលិក​ម្នាក់​នោះ និង​បាន​រកឃើញថា រូបនាង​សុខ​សប្បាយ​ជាធម្មតា មិនមាន​អាការ​អាក្រក់ ឬ​ផលប៉ះពាល់​ណាមួយ​កើតឡើង​ឡើយ”

តែ ដើម្បី​ជា​ផ្នែក​មួយ​នៃ​វិធានការ​ការពារ​ទុកជាមុន បុគ្គលិក​ដែល​ទទួលបាន​វ៉ាក់សាំង​លើស​ខ្នាត​រូបនោះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅក្នុង​បន្ទប់​ព្យាបាល របស់​មន្ទីរពេទ្យ សាំង​ហ្គា​ពួរ ជេ​នេ​រ៉ា​ល ដើម្បី​សង្កេត​តាមដាន​អាការ “អាការ​របស់​បុគ្គលិក​រូបនោះ នៅ​ល្អជា​ធម្មតា​រហូត ហើយ​រូបនាង បានទទួល​ការអនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ នៅ ២ថ្ងៃ​ក្រោយមក តែ​យើង​នៅតែ​តាមដាន​អាការ​របស់​នាង​យ៉ាង​ដិតដល់ និង​ឃើញថា រូបនាង​នៅ​សុខ​សប្បាយ​ជាធម្មតា”

ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ការពារ​វ៉ាក់សាំង​កូ​វីដ-១៩ នៅ​មជ្ឈមណ្ឌល​ចក្ខុ​សាស្ត្រ​នៃ​ប្រទេស​សិង្ហ​បុរី ត្រូវបាន​បញ្ឈប់ភ្លាមៗ ហើយ​បុគ្គលិក​ដទៃទៀត​ដែល​នៅសល់ ត្រូវ​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង នៅឯ​មន្ទីរពេទ្យ​សាំង​ហ្គា​ពួរ ជេ​នេ​រ៉ា​ល ជំនួស​វិញ។

តាមរយៈ​ទិន្នន័យ​របស់ SNEC លទ្ធផល​នៃ​ការស៊ើបអង្កេត បាន​រកឃើញថា កំហុសឆ្គង​ដែល​កើតឡើង​ក្នុង​គ្រានេះ មាន​ដើមកំណើត​មកពី​ការទំនាក់ទំនង​មិន​យល់​គ្នា នៅក្នុង​ក្រុមការងារ​ផ្នែក​ចាក់​វ៉ាក់សាំង ដោយ​ក្នុងអំឡុង​ពេលនោះ “មន្ត្រី​ដែល​ទទួលខុសត្រូវ​ខាង​បន្សាប​វ៉ាក់សាំង ត្រូវបាន​ហៅ​ទៅ​មើល​រឿង​ផ្សេង​ក្នុងអំឡុងពេល​កំពុង​ត្រៀម​វ៉ាក់សាំង ហើយ​មន្ត្រី​ម្នាក់ទៀត បាន​យល់ច្រឡំ​គិតថា ដូ​ស​ដែល​មិនទាន់បាន​បន្សាប​នៅក្នុង​ដប​កែវ​នោះ គឺ​បាន​ត្រៀម​រួចរាល់​ហើយ(បាន​បន្សាប​ហើយ) សម្រាប់​ការចាក់”

មជ្ឈមណ្ឌល​ចក្ខុ​សាស្ត្រ​នៃ​ប្រទេស​សិង្ហ​បុរី បាន​ដំណើរការ​ពិនិត្យមើល​ក​ម្ម​វិធី​ផ្ទៃក្នុង​ឡើងវិញ​យ៉ាង​លម្អិត ដើម្បី​ធានាថា កំហុសឆ្គង​ទាំងនោះ នឹងមិន​កើតឡើង​ម្ដងទៀត។ នេះ​បើតាម​ការអះអាង​របស់​លោក​សាស្ត្រាចារ្យ Wong Tien Yin នាយក​ផ្នែក​វេជ្ជសាស្ត្រ​របស់ SNEC ព្រមទាំង​បាន​សូមទោស​ចំពោះ​ហេតុការណ៍ ដែល​បាន​កើតឡើង​នេះ​ផងដែរ។

ខាង​ក្រសួងសុខាភិបាល​នៃ​ប្រទេស​សិង្ហ​បុរី បានបញ្ជាក់​ពី​ទិន្នន័យ​នៃ​ការសាកល្បង​ខាង​គ្លីនិក របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ និង​បៃ​អូ​អេ​ន​ថេ​កថា ការបានទទួល​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ច្រើនជាង​ការណែនាំ នឹងមិន​បង្កឱ្យមាន​គ្រោះថ្នាក់​អ្វី​ទាំងអស់ ព្រមទាំង​បញ្ជាក់ទៀតថា ហេតុការណ៍​ដែល​កើតឡើង​នៅ SNEC គឺជា​ហេតុការណ៍​តែមួយគត់ និង​មិន​មានការ​ផ្ដល់ដំណឹង​ណា​ផ្សេងទៀត ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ កើតឡើង​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​ដទៃទៀត​ឡើយ។

SNEC បាន​ប្រាប់ថា បុគ្គលិក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង លើស​ខ្នាត​រូបនោះ នៅតែមាន​សុខភាព​ល្អជា​ធម្មតា និង​មានកំណត់​ត្រូវ​ចូល​ទទួល​វ៉ាក់សាំង ដូ​ស​ទី២ ជា​បន្ត ប៉ុន្តែ​ត្រូវ​រង់ចាំ​លទ្ធផល​ពិនិត្យមើល ប្រព័ន្ធ​ប្រឆាំង​ជំងឺ​នៅក្នុង​ឈាម​ជាមុនសិន។

សូម​រំឭកថា ប្រទេស​សិង្ហ​បុរី បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ឱ្យ​បណ្ដា​មន្ត្រី​សុខភាព​សាធារណៈ​របស់​ប្រទេស ឈុតដំបូងៗ កាលពី​ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២០ ដោយ​ការសាកល្បង​លើ​ក្រុមតូចៗ នៅឯ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជំងឺឆ្លង បន្ទាប់ពីនោះ ទើប​វ៉ាក់សាំង ត្រូវបាន​ចែកចាយ​ទៅកាន់​ស្ថាប័ន​ពេទ្យ​ដទៃទៀត និង​បណ្ដា​ពលករ​ក្នុង​វិស័យផ្សេងៗ ដូចជា អាកាសចរណ៍ និង​ដឹកជញ្ជូន​ជើងគោក និង​រំពឹងថា  នឹងមាន​ការ​ដំណើរការ​ជា​បន្ត ទៅលើ​ក្រុមមនុស្ស​ចាស់​ទូទាំងប្រទេស​សិង្ហ​បុរី ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ​តទៅ៕

ប្រភព៖ Channel News Asia

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply