ហៃទី៖ អាជ្ញាធរនៃប្រទេសហៃទី បានបង្ហើបឱ្យដឹងកាលពីថ្ងៃទី៧ ម្សិលមិញថា ពួកគេអាចទប់ស្កាត់ការព្យាយាមលបធ្វើឃាតលោកប្រធានាធិបតី ចូវេនេល ម៉យស៍ និងផ្ដួលរំលំរដ្ឋាភិបាល កណ្ដាលភាពពុះកញ្ជ្រោល ក្នុងប្រធានបទជម្លោះតវ៉ា លើការគ្រងតំណែងរបស់មេដឹកនាំរូបនេះ។
លោក រ៉ុកហ្វេលលើរ៍ វីនសិនត៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ផែនការនោះ គឺជា “ការព្យាយាមធ្វើរដ្ឋប្រហារ” ហើយអាជ្ញាធរបានឱ្យដឹងថា យ៉ាងតិចមានមនុស្ស ២៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមទាំងចៅក្រមលំដាប់ខ្ពស់ម្នាក់ និងមន្ត្រីម្នាក់ មកពីទីបញ្ជាការប៉ូលិសជាតិផងដែរ។
“ខ្ញុំសូមអរគុណដល់ប្រធានអង្គភាពសន្តិសុខ របស់វិមានរដ្ឋាភិបាល ព្រោះគោលដៅរបស់មនុស្សទាំងនោះ គឺព្យាយាមផ្ដាច់ជីវិតខ្ញុំ” លោកម៉យស៍ បានថ្លែងបែបនេះ និងបានបន្តថា “ផែនការនោះត្រូវបានទប់ស្កាត់” លោកបានថ្លែងក្នុងការផ្ដល់សម្ភាសជាមួយអ្នកយកព័ត៌មាននៅក្នុងទីលាន នៃអាកាសយានដ្ឋាន ព័រតូ ប្រាំងស៍ អមជាមួយភរិយា និងលោកនាយករដ្ឋមន្ត្រី ចូសេហ្វ ជូធ។

លោកជូធ ប្រាប់ថា ពួកអ្នករៀបផែនការ បានទាក់ទងជាមួយបណ្ដាអាជ្ញាធរប៉ូលិសប្រចាំវិមានប្រធានាធិបតី ដែលមានផែនការចាប់លោកម៉យស៍ និងបន្ទាប់ពីនោះ នឹងធ្វើការតែងតាំងប្រធានាធិបតីថ្មី”
លោកម៉យស៍ បានគ្រប់គ្រងប្រទេស ដោយគ្មានការត្រួតពិនិត្យអំណាចអ្វីទាំងអស់ ក្នុងខួប ១ឆ្នាំកន្លងមក និងបានប្រាប់ថា លោកនឹងនៅតែបំពេញតួនាទីជាប្រធានាធិបតី តទៅទៀត រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២។ ការរៀបរៀងរដ្ឋធម្មនុញ្ញ ដែលភាគីប្រឆាំងមិនឯកភាព បានជំរុញឱ្យភាគីប្រឆាំង ក្លាយជាអ្នកដឹកនាំការជួបជំនុំធ្វើបាតុកម្ម ដែលពួកគេជឿថា អាណត្តិនៃការគ្រងតំណែងរបស់លោកប្រធានាធិបតីរូបនេះ(លោកម៉យស៍) បានបញ្ចប់ទៅហើយ កាលពីថ្ងៃអាទិត្យ ទី៧ កុម្ភៈ។
លោក លីអន ឆាលស៍ មេបញ្ជាការកងកម្លាំងប៉ូលិសជាតិហៃទី បានឱ្យដឹងថា អាជ្ញាធរបានរឹបអូសឯកសារ ប្រាក់ និងអាវុធផ្សេងៗ បានជាច្រើន ក្នុងនោះមានទាំងកាំភ្លើងរ៉ៃហ្វ៊ើល កាំភ្លើងយន្តធុនស្រាល កាំភ្លើងខ្លី និងកាំបិទធំៗជាច្រើន។
ចំណែកជូធ បានប្រាប់ថា ក្នុងចំណោមឯកសារ ដែលរឹបអូសមកបាននោះ មានពាក្យថ្លែងប្រាស្រ័យរបស់ចៅក្រោម អ្នកដែលមានផែនការឈានឡើងមកធ្វើជាអ្នកគ្រប់គ្រងរដ្ឋាភិបាលឈុតថ្មីទៀតផង។
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៥ កុម្ភៈ បានទទួលស្គាល់ការថ្លែងអះអាង នៅក្នុងអំណាចរបស់ប្រធានាធិបតី ដោយលោក ណិត ប្រៃស៍ អ្នកនាំពាក្យក្រសួងការទេស បានប្រាប់ថា ក្រុងវ៉ាស៊ីនតោន សូមអំពាវនាវឱ្យមាន “ការបោះឆ្នោតទូទៅ ដែលឥស្សរៈ និងយុត្តិធម៌ ដើម្បីឱ្យរដ្ឋសភា អាចត្រឡប់មកមានតួនាទីយ៉ាងត្រឹមត្រូវតាមច្បាប់ជាថ្មីម្ដងទៀត”
ចំណុចជជែកតវ៉ា ពាក់ព័ន្ធនឹងអាណត្តិគ្រងតំណែងរបស់ប្រធានាធិបតីនេះ មានដើមកំណើតមកពីការបោះឆ្នោតជ្រើសតាំង កាលពីឆ្នាំ២០១៥ ដោយលោក ចូវេនេល ម៉យស៍ បានទទួលសំឡេងឆ្នោតឱ្យឈានចូលទៅកាន់តំណែង ដែលតមក ត្រូវបានលុបចោល ដោយសារតែការចោទប្រកាន់ពីការកេងបន្លំការបោះឆ្នោត តែបន្ទាប់ពីនោះ នៅឆ្នាំបន្ទាប់មក(២០១៦) លោកបានទទួលការជ្រើសតាំងម្ដងទៀត។
តាមពីក្រោយការបោះឆ្នោត ដែលកើតមានការវិវាទលើកក្រោយបំផុត ការប្រឆាំងតវ៉ាបានទាមទារឱ្យលោកលាឈប់ពីតំណែង កាន់តែមានភាពខ្លាំងក្លាឡើង ក្នុងអំឡុងរដូវក្ដៅឆ្នាំ២០១៨។

តាមច្បាប់ ការបោះឆ្នោតជ្រើសតាំងសមាជិសភាតំណាងរស្ត្រ, ព្រឹទ្ធសភា, អភិបាលក្រុង និងមន្ត្រីក្នុងតំបន់ ត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០១៨ តែទាំងអស់នោះ ត្រូវបានពន្យារពេល បង្កឱ្យកើតសុញ្ញកាសខាងអំណាច ដូច្នេះហើយទើបដោយសារហេតុផលនេះឯង ធ្វើឱ្យលោកម៉យស៍ អះអាងថា ខ្លួនលោក គួរតែទទួលបានសិទ្ធិ ស្ថិតនៅក្នុងតំណែងបន្ត ១ឆ្នាំទៀត៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព