You are currently viewing ដុក​ទ័​រ​ធំ​សហរដ្ឋអាមេរិក ណែនាំ​ឱ្យ “ចាក់​វ៉ាក់សាំង” ឱ្យបាន​លឿន និង​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ពន្យារ​ការ “ក្លាយ​ពូជ” របស់​កូ​វីដ-១៩

ដុក​ទ័​រ​ធំ​សហរដ្ឋអាមេរិក ណែនាំ​ឱ្យ “ចាក់​វ៉ាក់សាំង” ឱ្យបាន​លឿន និង​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ពន្យារ​ការ “ក្លាយ​ពូជ” របស់​កូ​វីដ-១៩

សហរដ្ឋអាមេរិក៖ លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី នាយក​ស្ថាប័ន​អាល្លែកហ្ស៊ី និង​ជំងឺឆ្លង​នៃ​សហរដ្ឋអាមេរិក បានបញ្ជាក់​កាលពី​ថ្ងៃទី៨ កុម្ភៈ ថា ការប្រញាប់​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន និង​គ្របដណ្ដប់​លើ​ប្រជាជន​ឱ្យបាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើបាន គឺជា​វិធី​ដែល​ល្អ​បំផុត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ និង​ពន្យារ​ការកើតឡើង​រប​ស់​វីរុស​ក្លាយ​ពូជ។

ខណៈ​នេះ សហរដ្ឋអាមេរិក មាន​របាយការណ៍​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្លាយ​ពូជ​ជិត ៧០០នាក់​ហើយ ដោយ​ក្នុង​ចំនួន​នេះ មាន ៦៩០នាក់ មាន​ជំងឺ​ដោយសារ​មេរោគ​វីរុស​ក្លាយ​ពូជ ដែល​រកឃើញ​នៅក្នុង​ប្រទេស​អង់គ្លេស ឬ B.1.1.7 ដែល​ចម្លង​សាយភាយ​បាន​លឿន​ជាង និង​គេ​សន្និដ្ឋានថា នឹង​ក្លាយជា​ប្រភេទ​ដែល​ចម្លង​រាលដាល​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ក្នុងអំឡុង​ខែមីនា ខាងមុខ។

ដោយសារតែ​សហរដ្ឋអាមេរិក នៅ​មិនទាន់មាន​ការពិនិត្យរ​ក​មេរោគ​ក្លាយ​ពូជ​យ៉ាង​ទូលំទូលាយ​នោះ ដូច្នេះហើយ​ទើប​ចំនួន​អ្នកជំងឺ​ដែល​ពិតប្រាកដ​អាច​នឹង​ខ្ពស់ជាង​នេះ។

ទោះជា​វីរុស​គ្រប់​ប្រភេទ ជា​ប្រក្រតី តែងតែ​មានការ​ក្លាយ​ពូជ​ជាប្រចាំ​ស្រាប់​ហើយក៏​ដោយ តែ​អ្នកវិទ្យាសាស្ត្រ​ក៏​នៅតែ​មានការ​កង្វល់ ពាក់ព័ន្ធ​នឹង​រូប​បែប​នៃ​ការ​ក្លាយ​ពូជ ដែល​អាចធ្វើឱ្យ​វីរុស​នោះ ចម្លង​រាលដាល​បាន​លឿន ឬ​ធ្វើឱ្យ​អាការ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​វេជ្ជបណ្ឌិត​ហ្វៅ​ស៊ី បាន​បញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ ពី​ភាព​អាចទៅរួច​ក្នុងការ​ចាក់​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ និង​ម៉ូ​ឌើ​ណា ត្រឹមតែ ១ដូ​ស នឹង​ក្លាយជា​រឿង​សម​ហេតុ​សម​ផល ក្នុង​សភាវ​ដែល​ប្រទេស​នៅ​មិនទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវ​បែបនេះ ត្រូវ​ប្រើ​ពេលវេលា​យូរ ច្រើន​ខែ ដែល​អាចធ្វើឱ្យ​បទ​សរុប​ចេញមក ក្លាយជា​ចំណុច​ជជែក​តវ៉ា​គ្នា​បាន។

លោក​ដុក​ទ័​រ​ធំ​នៃ​សហរដ្ឋអាមេរិក​រូបនេះ បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​គាំទ្រ​ឱ្យ​ប្រជាជន ចូល​ទទួល​វ៉ាក់សាំង​ឱ្យបាន​គ្រប់ ២ដូ​ស។

លោក​បានបញ្ជាក់​នៅក្នុង​ពិធី​ថ្លែង​ព័ត៌មាន នៅឯ​មន្ទីរ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ(ទី៨កុម្ភៈ)ថា “ដោយសារតែ​វីរុស​មានការ​បំប្លែង​ខ្លួន ដើម្បី​ឆ្លើយតប​នឹង​កម្លាំង​តតាំង ទើប​លោកអ្នក​អាច​នឹង​កំពុង​ធ្វើឱ្យ​កើត​មេរោគ​ក្លាយ​ពូជ​ច្រើនឡើង​ដោយ​មិនដឹង​ខ្លួន…ដោយហេតុ​ផល​ហើយ​នេះ ទើប​វិធី​ដែល​ស័ក្តិសម​បំផុត គឺ​ការ​បំផុសបំផុល​ឱ្យ​ប្រជាជន​មកចាក់​វ៉ាក់សាំង ១ដូ​ស​ដំបូង​ឱ្យបាន​លឿន និង​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើបាន និង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ពួកគេ​នឹង​បានទទួល​ដូ​ស​ទី២ យ៉ាងភ្លាមៗនៅពេល​បន្ទាប់មក”

លោក អ៊ែន​ឌី ស្លេ​វីត​ត៍ ទីប្រឹក្សា​របស់​ក្រុមការងារ​ពិសេស​ឆ្លើយតប​កូ​វីដ-១៩ របស់​មន្ទីរ​សេត​វិមាន បាន​បញ្ជាក់ថា រហូតមកដល់​ខណៈពេល​នេះ សហរដ្ឋអាមេរិក បានធ្វើ​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ដែលមាន​អាយុ​លើស ៦៥ឆ្នាំ​ឡើងទៅ​បាន​ចំនួន​ជាង ១៧លាន​នាក់​ហើយ ខណៈដែល​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក ឬ CDC បាន​ថ្លែង​អំពី​ទិន្នន័យ កាលពី​ថ្ងៃអាទិត្យ(ទី៧កុម្ភៈ)ថា វ៉ាក់សាំង​ជាង ៤១លាន​ដូ​ស ត្រូវបាន​ចែកចាយ​ឱ្យទៅ​ប្រជាជន​អាមេរិកាំង​រួចហើយ​ជាង ៣១លាន​នាក់។

ចំណែក​លោក រ៉ូ​សេល​ល៍ វ៉ា​លេន​ស្គី អគ្គនាយក CDC បាន​គាំទ្រ​ឱ្យ​ប្រជាជន​អាមេរិកាំង ពាក់​ម៉ាស់​ការពារ​ជា​បន្តទៀត ព្រមទាំង​សំណូមពរ​ឱ្យ​រដ្ឋផ្សេងៗ កុំអាល​បន្ធូរបន្ថយ​ច្បាប់​ស្ដីពី​ការពាក់​ម៉ាស់​ការពារ​នៅក្នុង​ទីសាធារណៈ ដែល​ស៊ីចង្វាក់​គ្នា​នឹង​នយោបាយ​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​បាន​បំផុស​ឱ្យ​ប្រជាជន​អាមេរិក នាំគ្នា​ពាក់​ម៉ាស់​ការពារ ឱ្យបាន​ពេញ​មួយរយៈ​ពេល ១០០ថ្ងៃ​ដំបូង ដែល​លោក​ចូល​គ្រង​តំណែង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters និង Business insider

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply