ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ១៩ គឺមានគុណភាព និងប្រសិទ្ធភាពល្អ នឹងមិនមានបញ្ហាអ្វីទាំងអស់ ពីព្រោះសម្ដេចបានចាក់វ៉ាក់សាំងនេះរួចហើយ នៅសល់តែ ១០ថ្ងៃទៀតតែប៉ុណ្ណោះ គឺមានរយៈពេលមួយខែហើយ។

ការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់ពីសម្ដេចអញ្ជើញចុះទៅពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីឥស្សរជនជាន់ខ្ពស់នៃក្រសួងការពារជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាថ្ងៃដំបូងនៃការចាក់សាំងការពារជំងឺកូវីដ១៩ ចាក់វ៉ាក់សាំងជូនកងទ័ព ហើយយើងមានមោទនភាពដែលព្រះរាជាណាចក្រកម្ពុជា ជាពិសេសកងខេមរៈភូមិន្ទបានទទួលវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជូនដល់កងទ័ព។ ប៉ុន្តែបើទោះបីជាកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្តីក៏កម្ពុជានៅតែបង្កើនការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅថ្ងៃនេះដែលជាថ្ងៃយុទ្ធនាការដំបូងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ។ ហើយការចាក់នេះគឺជាការការពារខ្លួនមួយកម្រិតទៀតផងដែរ ។ ការដែលយើងទទួលបានវ៉ាក់សាំងចាក់ចូលទៅក្នុងខ្លួនរបស់យើងគឺជាការកក់ក្តៅមួយដែរ ពីព្រោះកូវីដ១៩ វាអត់មានស្រមោលឬសំឡេងនោះទេ មិនដឹងមកពីខាងណា នឹងមិនបានប្រកាសឲ្យដឹងជាមុនទេ ហេតុនេះហើយមានតែការការពារទេគឺជាការចាំបាច់ណាស់ ។ ហើយវ៉ាក់សាំងនេះនឹងបង្កើនសមត្ថភាពក្នុងការការពារខ្លួនរបស់យើងនៅពេលដែលចាក់វាទៅ ។

សម្ដេចពិជ័យសេនា ទៀបាញ់ ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា សម្ដេចបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះរួចហើយនៅសល់តែ ១០ថ្ងៃទៀតតែប៉ុណ្ណោះគ្រប់មួយខែ ។ ហើយមុនដែលសម្ដេចចាក់វ៉ាក់សាំងការពារនេះក៏មានអ្នកមួយចំនួនទៅចាក់វ៉ាក់សាំងការពារមុនសម្ដេចទៀត ។ ហើយនៅពេលដែលសម្ដេចចាក់វ៉ាក់សាំងការពារនេះទៅគឺឃើញថាមានគុណភាពល្អ ហើយនៅពេលចាក់ទៅគឺមិនមានបញ្ហាអ្វីទាំងអស់នេះ ។ ចំណែកមនុស្សមួយចំនួនដែលនៅជុំវិញខ្លួនសម្ដេចក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះហើយដែរ ។ ចំពោះសម្ដេចនិងមនុស្សនៅជុំវិញខ្លួនសម្ដេចដែលបានចាក់វ៉ាក់សាំងនេះគឺឃើញថាមានគុណភាពនិងប្រសិទ្ធភាពល្អ នឹងមិនមានបញ្ហាអ្វីទាំងអស់ ។
ជាមួយគ្នានេះសម្ដេចពិជ័យសេនា ទៀបាញ់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនដែលបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីចាក់ជូនកងកម្លាំងប្រដាប់អាវុធ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋកម្ពុជាដើម្បីការពារកុំអោយឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕

#អរគុណសន្តិភាព