WHO៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ទូទាំងពិភពលោក បានថយចុះជាបន្តបន្ទាប់ រយៈពេល ៤សប្ដាហ៍ជាប់ៗគ្នាហើយ នេះបើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ឬ WHO ដែលផ្សព្វផ្សាយកាលពីថ្ងៃពុធ ទី១០ កុម្ភៈ ធ្វើឱ្យសេចក្ដីសង្ឃឹម កើតមានឡើងព្រាលៗថា ពិភពលោកកំពុងជិតឆ្លងផុតវិបត្តិដ៏អាក្រក់មួយនេះហើយ។
អង្គការសុខភាពពិភពលោក បញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ដែលទទួលបានពីរបាយការណ៍ទូទាំងពិភពលោក បានថយចុះ ២សប្ដាហ៍ជាប់ៗគ្នា ដោយក្នុងសប្ដាហ៍កន្លងទៅ រកឃើញអ្នកស្លាប់បន្ថែម ៨៨ ០០០នាក់ ថយចុះពីសប្ដាហ៍មុនហ្នឹង ១០%។
ក្នុងរបាយការណ៍អាប់ឌែតស្ថានការណ៍ ការឆ្លងរាលដាលប្រចាំសប្ដាហ៍ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា កាលពីសប្ដាហ៍កន្លងទៅ បានទទួលរបាយការណ៍ពីករណីអ្នកឆ្លងមេរោគថ្មី ច្រើនជាង ៣,១លាននាក់ទូទាំងពិភពលោក ថយចុះជាងកាលពីសប្ដាហ៍មុនហ្នឹង ១៧% និងអាចនិយាយបានថា ជាសប្ដាហ៍ដែលរកឃើញអ្នកឆ្លងមេរោគទូទាំងពិភពលោកក្នុងចំនួនតិចបំផុត ចាប់តាំងពីសប្ដាហ៍បញ្ចប់នៅថ្ងៃទី២៦ តុលា ២០២១។

អង្គការសុខភាពពិភពលោក បានបញ្ជាក់នៅក្នុងរបាយការណ៍អាប់ឌែតប្រចាំសប្ដាហ៍នោះថា “ទោះជានៅមានប្រទេសជាច្រើន មានអ្នកឆ្លងមេរោគកើនឡើងក៏ដោយ តែក្នុងកម្រិតពិភពលោកវិញ វាបានសាងស្មារតី និងកម្លាំងចិត្តល្អឡើងវិញយ៉ាងខ្លាំង”
សហរដ្ឋអាមេរិក ជាប្រទេសដែលរកឃើញអ្នកឆ្លងមេរោគថ្មីក្នុងសប្ដាហ៍កន្លងទៅ ច្រើនបំផុតលើពិភពលោក ក្នុងចំនួន ៨៧១ ៣៦៥នាក់ តែយ៉ាងណាក្ដី តួលេខនេះ អាចនិយាយបានថា ថយចុះជាងកាលពីសប្ដាហ៍មុនហ្នឹងដល់ទៅ ១៩%។
ប្រេស៊ីល បារាំង រុស្ស៊ី និងចក្រភពអង់គ្លេស ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនដែលរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគថ្មីប្រចាំសប្ដាហ៍ ខ្ពស់បំផុតដូចគ្នា តែអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ទាំងអស់នោះ សុទ្ធតែមានចំនួនថយចុះជាងកាលពីសប្ដាហ៍មុនហ្នឹងទាំងអស់។
តាមរយៈទិន្នន័យរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានរកឃើញថា មកដល់ពេលនេះ ទូទាំងពិភពលោក រកឃើញអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីរួចហើយជាង ១០៧លាននាក់ ក្នុងនោះស្លាប់ជាង ២,៣លាននាក់ គិតចាប់តាំងពីជំងឺរាតត្បាតដ៏ធំនេះ ចាប់ផ្ដើមឡើងក្នុងអំឡុងចុងឆ្នាំ២០១។
ពិភពលោកសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ នឹងក្លាយជា ច្រកចេញពីវិបត្តិដ៏ធំនេះ ប៉ុន្តែ ក្នុងខណៈដែលប្រទេសជាច្រើន ចាប់ផ្ដើមគ្រោងការណ៍ចាក់វ៉ាក់សាំងរួចហើយជាច្រើនលានដូសនោះ ក៏នៅមានប្រមាណជា ១៣០ប្រទេស ដែលមានប្រជាជនសរុបរួមប្រមាណ ២ ៥០០លាននាក់ទៀត នៅមិនទាន់បានចាប់ផ្ដើមចាក់វ៉ាក់សាំងនៅឡើយ សូម្បីតែ ១ដូស នេះបើតាមការថ្លែងការណ៍របស់លោក ថេដ្រូស អាត់ហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក។
ដោយឡែក ទិន្នន័យកាលពីអំឡុងចុងសប្ដាហ៍មុន បានរកឃើញថា វ៉ាក់សាំងដែលអ៊ែស្ត្រាហ្សេនេកា រួមគ្នាអភិវឌ្ឍជាមួយមហាវិទ្យាល័យអុកស្វ៉ដ អាចមានប្រសិទ្ធភាពថយចុះ ក្នុងការការពារការឆ្លងមេរោគ បែបមានអាការឈឺថ្កាត់បន្តិចបន្តួច រហូតមធ្យម សម្រាប់មេរោគក្លាយពូជ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅក្នុងអាហ្វ្រិកខាងត្បូង។
វ៉ាក់សាំងរបស់អុកស្វ៉ដ និងអ៊ែស្ត្រាហ្សេនេកា មានតម្លៃធូរថ្លៃជាង ងាយស្រួលក្នុងការដឹកជញ្ជូន និងរក្សាទុក ជាងវ៉ាក់សាំងដទៃទៀតមួយចំនួន ដែលបានទទួលការអនុម័តឱ្យប្រើរហូតមកដល់ពេលនេះ និងដោយសារចំណុចល្អនេះហើយ ទើបវាត្រូវបានគេរំពឹងថា នឹងមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏ធំ នៅក្នុងបណ្ដាប្រទេសដែលមានចំណូលកម្រិតទាប និងមធ្យមទាំងឡាយ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន CNN
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព